ដើម្បីអបអរខួប១៥ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក(២០០៨-២០២៣) និងខួប១០ឆ្នាំ នៃការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ICC Preah Vihear (២០១៤-២០២៣) អាជ្ញាធរជាតិព្រះវិហារបានរៀបចំសន្និសីទអន្តរជាតិពិសេសស្ដីពីតំបន់បេតិកភណ្ឌប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងលោកជំទាវ Devyani Uttam Khobragade អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ជាសហប្រធានឥណ្ឌា និងលោកស្រី Zhu Ye អគ្គនាយករងរដ្ឋបាលវប្បធម៌ និងបេតិកភណ្ឌចិន ជាសហប្រធានចិន ព្រមទាំងតំណាងរដ្ឋសមាជិកចំនួន ៤ប្រទេសផ្សេងទៀត ដោយមានការចូលរួមផ្ទាល់ពីស្ថាប័នជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិសរុបប្រមាណ ១០០នាក់ និងភ្ញៀវកិត្តិយសចូលរួមតាមប្រព័ន្ធវីដេអូប្រមាណ ៣០នាក់។
សន្និសីទអន្តរជាតិពិសេសនេះមានគោលដៅបូកសរុបលទ្ធផល នៃការងារអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ និងកោះកេរ ក្នុងរយៈពេល ១០ឆ្នាំ ក្រោមយន្តការរបស់គណៈកម្មការអន្តរជាតិ ICC Preah Vihear។ ការងារសំខាន់ៗមួយចំនួនដែលអាជ្ញាធរជាតិព្រះវិហារសម្រេចបានកន្លងមកមានដូចជា ការកំណត់ផែនទីហានិភ័យ នៃប្រាសាទព្រះវិហារទាំងមូល, ការអន្តរាគមន៍ទល់ទ្រតាមកន្លែងដែលមានហានិភ័យខ្ពស់ចំនួនជាង ៣០កន្លែង, ការជួសជុលបង្គោលផ្កាឈូកនៅលើស្ពានហាលគោបុរៈទី២ និងគោបុរៈទី៤, ការស្ដារប្រព័ន្ធបង្ហូរទឹកបុរាណតាមបណ្ដោយប្រាសាទព្រះវិហារដើម្បីទប់ស្កាត់ការខូចខាតដោយសារទឹកភ្លៀង, ការស្ដារបារាយណ៍បុរាណខាងលិច និងខាងកើតឡើងវិញ, ការសាងសង់ជណ្ដើរឈើឡើងប្រាសាទខាងកើតគោបុរៈទី៥ និងការបណ្ដុះបណ្ដាលយុវជនឲ្យស្រឡាញ់ការពារតំបន់បេតិកភណ្ឌ។ល។
ជាមួយគ្នានេះដែរក្នុងក្របខណ្ឌ ICC Preah Vihear អាជ្ញាធរជាតិព្រះវិហារទទួលបានការគាំទ្រនិងការចូលរួមពីបណ្ដាប្រទេសមួយចំនួនដូចជា÷ សហរដ្ឋអាមេរិកបានកំពុងផ្ដល់ថវិកាជួយជួសជុល និងអភិរក្សជណ្ដើរបុរាណខាងជើងចាប់តាំងពីឆ្នាំ២០១៨ រហូតមក, ប្រទេសឥណ្ឌាបានចាប់ផ្ដើមការងារអភិរក្សនៅគោបុរៈទី៥, ប្រទេសចិននឹងចាប់ផ្ដើមការងារអភិរក្សនៅគោបុរៈទី១ ទី២ និងទី៣, ប្រទេសប៊ែលហ្សិក បានជួយក្នុងការបោសសម្អាតមីន និងរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់អាជ្ញាធរជាតិព្រះវិហារ, និងប្រទេសជប៉ុនបានជួយទ្រទ្រង់សកម្មភាពអភិវឌ្ឍសហគមន៍នៅតំបន់ជុំវិញរមណីយដ្ឋានព្រះវិហារ។ ដោយឡែកសាលាចុងបូព៌ាបារាំង (EFEO) កំពុងជួយការងារជួសជុលរូបបដិមាព្រះសិវៈរាំនៅប្រាសាទកោះកេរ ព្រមទាំងសាកលវិទ្យាល័យ Waseda និងសាកលវិទ្យាល័យ Toronto កំពុងធ្វើការសិក្សាស្រាវជ្រាវទីតាំងឡបុរាណ និងប្រព័ន្ធធារាសាស្រ្តនៅតំបន់ប្រាសាទកោះកេរ។
នៅក្នុងសន្និសីទអន្តរជាតិពិសេសនេះអ្នកជំនាញ Adhoc បានធ្វើបទបង្ហាញផងដែរអំពីបទពិសោធន៍សម្រាប់ការងារគ្រប់គ្រង កាលានុវត្តភាព និងបញ្ហាប្រឈម របស់តំបន់បេតិកភណ្ឌពិភពលោកនៅតំបន់អាមេរិកកណ្ដាល និងតំបន់មជ្ឈិមបូព៌ា ដើម្បីផ្ដល់ជាគំនិតដល់ការគ្រប់គ្រងបេតិកភណ្ឌពិភពលោកនៅកម្ពុជា។ សន្និសីទនេះក៏មានការចូលរួមពីអ្នកជំនាញអន្តរជាតិ ដើម្បីធ្វើការសិក្សា និងវាយតម្លៃអំពីហានិភ័យដែលបង្កឡើងដោយកត្តាមនុស្សនិងកត្តាធម្មជាតិ នៅក្នុងតំបន់បេតិកភណ្ឌប្រាសាទព្រះវិហារ និងប្រាសាទកោះកេរផងដែរ។
ស្របពេលនឹងសន្និសីទនេះ អាជ្ញាធរជាតិព្រះវិហារបានរៀបចំដាក់តាំងពិព័រណ៍សមិទ្ធផលការងាររយៈពេល ១៥ឆ្នាំ ដែលបង្ហាញអំពីលទ្ធផល នៃការអភិរក្សនៅក្នុងតំបន់បេតិកភណ្ឌប្រាសាទព្រះវិហារ និងប្រាសាទកោះកេរចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣ ផងដែរ។
ជាលទ្ធផលអង្គសន្និបាតទាំងមូល បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្ដេជ្ញាចិត្តចំពោះការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទព្រះវិហារក្នុងរយៈពេល ១៥ឆ្នាំ បន្ទាប់ពីការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈលទ្ធផលដែលបានបង្ហាញដោយអាជ្ញាធរជាតិព្រះវិហារ ហើយបានកោតសរសើរចំពោះការចូលរួមរបស់ដៃគូអន្តរជាតិក្នុងរយៈពេល ១០ឆ្នាំកន្លងមក នៅក្នុងក្របខណ្ឌ ICC Preah Vihear រួមមានប្រទេសចិន និងឥណ្ឌាជាសហប្រធាន និងប្រទេសសមាជិកមួយចំនួនដូចជាប្រទេសបែលហ្សិក ជប៉ុន សហរដ្ឋអាមេរិក រួមជាមួយស្ថាប័នដៃគូជាតិ និងអន្តរជាតិមួយចំនួនដូចជា អាជ្ញាធរជាតិអប្សរា, អាជ្ញាធរជាតិសំបូរព្រៃគុក, សាលាចុងបូព៌ាបារាំង (EFEO), ពីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាឡឺម៉ង់ (GIZ), សាកលវិទ្យាល័យ Waseda, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, ជាស្ថានបច្ចេកទេសកម្ពុជា និងសាកលវិទ្យាល័យ Toronto ជាដើម។
ជាមួយគ្នានេះដែរ អង្គសន្និបាតបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការនាំយកវត្ថុបុរាណដែលជាកេរមរតកដ៏មានតម្លៃរបស់បុព្វបុរសខ្មែរត្រឡប់មកជួបជុំគ្នាវិញក្រោមម្លប់សន្តិភាព។