6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

កិច្ចប្រជុំបច្ចេកទេសលើកទី៧ នៃគណៈកម្មាធិការ​សម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស​និងការលើកតម្លៃព្រះវិហារ

Thursday, September 22, 2022

គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្សនិងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) បានរៀបចំកិច្ចប្រជុំបច្ចេកទេស​លើកទី៧ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ តាមទម្រង់ Hybrid ដោយធ្វើការចូលរួមប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធនិមិត្ត នៅខេត្តសៀមរាប។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមប្រជុំខាង​លើ​នេះ រួមជាមួយនឹងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិជារដ្ឋសមាជិកចំនួន ៧ប្រទេសរួមមាន លោកជំទាវ Devyani Uttam Khobragade អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ជាសហប្រធានឥណ្ឌា និងលោកស្រី Zhu Ye អគ្គនាយករងទទួលបន្ទុកការផ្លាស់ប្តូរនិងសហប្រតិបត្តិការនៃរដ្ឋបាល​វប្បធម៌និងបេតិកភណ្ឌចិន ជាសហប្រធានចិន ព្រមទាំងតំណាងរដ្ឋសមាជិកមកពី ប្រទេសបារាំង ជប៉ុន ប៊ែលហ្សិក ថៃ និងសហរដ្ឋអាមេរិក។ កិច្ចប្រជុំ​នេះក៏មានការចូលរូមពីអ្នកជំនាញការជាតិ និងអន្តរជាតិ និងដៃគូសហប្រតិបត្តិការរបស់អាជ្ញាធរជាតិព្រះវិហារ ដើម្បីចូលរួមចំណែកក្នុងការ​ប្រឹក្សាយោបល់លើការងារអភិរក្សនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរផងដែរ។

កិច្ចប្រជុំបានប្រព្រឹត្តទៅរយៈពេល ១ ថ្ងៃពេញ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២២ ដោយផ្តោតលើការពិភាក្សាអំពីការងារអភិរក្សនិងអភិវឌ្ឍន៍តំបន់​រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារ។ បន្ទាប់ពីបានស្តាប់នូវបទ​បង្ហាញ​វឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍របស់អ្នកជំនាញការអាជ្ញាធរជាតិព្រះវិហារ និងអ្នកជំនាញការអន្តរជាតិមកពីភ្នាក់ងារសិក្សាស្រាវជ្រាវ​បុរាណវិទ្យាឥណ្ឌា (ASI), សាលាចុងបូព៌ាបារាំង (EFEO), សកលវិទ្យាល័យ WASEDA នៃប្រទេសជប៉ុន និងសកលវិទ្យាល័យ British Columbia នៃប្រទេសកាណាដា អង្គប្រជុំបានអនុម័តអនុសាសន៍ ICC-Preah Vihear ដើម្បីប្រើប្រាស់ធ្វើជាឯកសារគោលសម្រាប់ការអនុវត្ត​ការងារនាពេលខាងមុខ។

ជាមួយគ្នានេះដែរ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការផ្តល់ជំនួយរបស់មូលនិធិសម្រាប់ការអភិរក្សវប្បធម៌សហរដ្ឋអាមេរិកដែលបានសម្រេចបន្ត​ផ្តល់ថវិកាចំនួន ៣៦០.៨០៤ ដុល្លារសហរដ្ឋអាមេរិក បន្ថែមទៀត ដល់អាជ្ញាធរជាតិព្រះវិហារ សម្រាប់គម្រោងជួសជុលជណ្តើរបុរាណខាងជើង​ប្រាសាទព្រះវិហារដំណាក់កាលទី៤ ចាប់ពីឆ្នាំ ២០២២ រហូតដល់ឆ្នាំ ២០២៤។ អង្គប្រជុំអបអរសាទរចំពោះរដ្ឋាភិបាលនៃប្រទេសឥណ្ឌាដែលបាន​ផ្តល់ជំនួយបច្ចេកទេសដោយបានបញ្ជូនអ្នកជំនាញការភ្នាក់ងារសិក្សា​ស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) មកសិក្សាស្រាវជ្រាវជួសជុលគោបុរៈទី៥ នៃប្រាសាទព្រះវិហារ ហើយនឹងរៀបចំទីស្នាក់ការរបស់អ្នកជំនាញការឥណ្ឌានៅខេត្តព្រះវិហារក្នុងពេលឆាប់ៗខាងមុខនេះ។ ICC-Preah Vihear ធ្វើការកត់សម្គាល់ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយដល់អង្គការ World Vision Japan ចំនួន ៦៤៨.០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ជួយដល់​គម្រោងសេវាសុខភាព អាហារ ទឹកស្អាត និងអនាម័យ នៅក្នុងខេត្តព្រះវិហារក្នុងឆ្នាំ ២០២២។

អាជ្ញាធរជាតិព្រះវិហារ និងលេខាធិការដ្ឋានអចិន្ត្រៃយ៍ ICC-Preah Vihear នឹងរៀបចំកិច្ចប្រជុំពេញអង្គ ICC-Preah Vihear នៅអំឡុងពេល ៦ ខែ ជាថ្មីម្តងទៀត នៅខែមីនា ឆ្នាំ២០២៣ ដើម្បីតាមដានវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍លើការងារអភិរក្សប្រាសាទព្រះវិហារ និងប្រាសាទ​កោះកេរ។

Thursday, September 22, 2022