លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៥នៃគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-ព្រះវិហារ
គណៈកម្មការសម្របសម្រួល អន្តរជាតិដើម្បីអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (អាយស៊ីស៊ី-ព្រះវិហារ) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៥ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងសហប្រធានអាយស៊ីស៊ី-ព្រះវិហារ ឯកឧត្តម ZHOU Jiagui តំណាងរដ្ឋាភិបាលចិននិងលោកជំទាវ Manika JAIN តំណាងរដ្ឋាភិបាលឥណ្ឌា ព្រមទាំងមានការចូលរួមពីតំណាងប្រទេសជាសមាជិកស្ថាបនិករួមមាន បារាំង ប៊ែលហ្សិច ជប៉ុន ថៃឡង់ដ៏ សហរដ្ឋអាមេរិច និងអ្នកជំនាញការជាតិ អន្តរជាតិលើផ្នែកអភិវឌ្ឍន៍ អភិរក្ស ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ២៥០នាក់។
ប្រធានបទដែលអ្នកជំនាញជាតិបានលើកយកមកពិភាក្សារួមមាន (១)លទ្ធផលសិក្សាស្រាវជ្រាវដើម្បីអភិរក្សជណ្តើរខាងជើងប្រាសាទព្រះវិហារ (២)ការអប់រំបេតិកភណ្ឌនៅរមណីយដ្ឋានប្រាសាទព្រះវិហារ (៣)ការសិក្សាប្រព័ន្ធធារាសាស្រ្តនៅរមណីយដ្ឋានប្រាសាទ ព្រះវិហារ និងរមណីយដ្ឋានកោះកែរ (៤)ការអភិរក្សប្រាសាទថ្មបាយក្រៀមក្នុងបរិវេណប្រាសាទធំ នៅរមណីយដ្ឋានកោះកែរ (៥)ការរៀបចំផែនទីហានីភ័យនៅរមណីយដ្ឋានកោះកែរ និង(៦) របាយការណ៍វឌ្ឍនភាពអំពីការរៀបចំផែនការគ្រប់គ្រងទេសចរណ៍រមណីយដ្ឋានកោះកែរ។
ចំពោះប្រធានបទដែលដៃគូអន្តរជាតិបានបង្ហាញមានជាអាទិ៍៖ (១)គម្រោងជួសជុលគោបុរៈទី១ ទី២ និងទី៣ ដោយភាគីចិន (២)ការអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ ដោយអ្នកជំនាញការឥណ្ឌា (៣)បទបង្ហាញអំពីវឌ្ឍនភាពគម្រោងអភិរក្សបដិមាព្រះសិវៈរាំនៅប្រាសាទកោះកែរ ដោយអ្នកជំនាញសាលាបារាំងចុងបូព៌ា និងលោក ឆាន់ ចំរើន អ្នកជំនាញ សារមន្ទីរជាតិភ្នំពេញ (៤)ការសិក្សាស្រាវជ្រាវដោយប្រព័ន្ធរ៉ាដាទៅក្នុងដី៖ អនុវត្តនៅក្នុងខែមីនា ឆ្នាំ២០១៩ ដោយសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ British Columbia និង(៦) បទបង្ហាញអំពីកម្មវិធី Lidar នៅរមណីយដ្ឋានកោះកែរ ដោយអ្នកជំនាញមកពីវិទ្យាស្ថានស្រាវជ្រាវអាស៊ីភាគខាងត្បូង និងអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រី។
គួររម្លឹកថា នៅមុនការរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៥នេះ កាលពីថ្ងៃទី១៦ និង១៧ ខែកញ្ញា ឆ្នាំ២០១៩ អាជ្ញាធរជាតិព្រះវិហារក៏បានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់អ្នកជំនាញការអន្តរជាតិទៅកាន់ រមណីយដ្ឋានកោះកែរ និងរមណីយដ្ឋានប្រាសាទព្រះវិហារ ដើម្បីពិនិត្យនិងផ្តល់យោបល់លើលទ្ធផលការងារ អភិរក្ស និងអភិវឌ្ឍន៍ដែលបានអនុវត្តកន្លងមកដោយមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ៕
អាជ្ញាធរជាតិព្រះវិហារនិងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រីបានចុះអនុស្សារណៈយោគយល់គ្នាស្រាវជ្រាវរួមគ្នានៅប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានកោះកែរដែលមានរយៈពេល៣ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០២០។
ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៥នៃគណៈកម្មការសម្របសម្រួលអន្តរជាតិដើម្បីអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (អាយស៊ីស៊ី-ព្រះវិហារ) នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដែលភាគីអាជ្ញាធរជាតិព្រះវិហារតំណាងដោយឯកឧត្តម គឹម សេតារា និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រី តំណាងដោយលោកបណ្ឌិត Istvan Zelnik ក្រោមអធិបតីភាពលោកជំទាវក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងសហប្រធានអាយស៊ីស៊ី-ព្រះវិហារ ឯកឧត្តម ZHOU Jiagui តំណាងរដ្ឋាភិបាលចិននិងលោកជំទាវ Manika JAIN តំណាងរដ្ឋាភិបាលឥណ្ឌា។
សូមបញ្ជាក់ដែរថា គោលបំណងសំខាន់នៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នារវាងអាជ្ញាធរជាតិព្រះវិហារនិងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រី គឺផ្តោតទៅលើការស្រាវជ្រាវនៅប្រាសាទមួយចំនួនក្នុងតំបន់កោះកែរដើម្បីសិក្សាអំពីហេដ្ឋារចនាសម្ព័ន្ធប្រាសាទ សំណង់ប្រាសាទ និងហានិភ័យដែលប្រាសាទកំពុងប្រឈម ហើយតាមរយៈកិច្ចស្រាវជ្រាវរួមគ្នានេះដែរ គឺជាជំហានដំបូងមុននឹងឈានដល់ការអភិរក្ស និងការជួសជុលប្រាសាទឱ្យបានរួចផុតពីហានីភ័យ ដែលអាជ្ញាធរជាតិព្រះវិហារកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកតម្លៃប្រាសាទបុរាណក្នុងដែនដីកោះកែរឱ្យបានកាន់តែគង់វង្ស៕