នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ចមានមុខងារនិងភារកិច្ចដូចតទៅ៖
- គ្រប់គ្រងការងាររបៀបរួមមាន ការងារទទួលលិខិតចូល ការងារគ្រប់គ្រងចរាចរណ៍លិខិតផ្ទៃក្នុងការតម្កល់ឯកសារ និងការបែងចែកលិខិតចេញ
- គ្រប់គ្រងលិខិតរដ្ឋបាលរួមមាន ការរៀបចំលិខិតឆ្លើយតបនិងលិខិតអនុញ្ញាតផ្សេងៗ ស្របទៅតាម បទដ្ឋានរដ្ឋបាល និងពិនិត្យអំពីអនុលោមភាពនៃបទដ្ឋានរដ្ឋបាលរបស់លិខិតឬអត្ថបទទាំងឡាយរបស់អាជ្ញាធរជាតិព្រះវិហារមុននឹងផ្ញើចេញទៅបណ្តានាយកដ្ឋានពាក់ព័ន្ធនិងស្ថាប័នខាងក្រៅ
- សិក្សានិងរៀបចំលក្ខខណ្ឌរដ្ឋបាលនិងស្ថាប័ន ដើម្បីធានាការគ្រប់គ្រងត្រាដែលស្ថិតក្រោមការចាត់ចែងផ្ទាល់របស់អគ្គនាយក អ.ជ.ព.វ. ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងស្របតាម បទដ្ឋានជាធរមានសម្រាប់អំណាចសាធារណៈ
- គ្រប់គ្រងមជ្ឈមណ្ឌលសេវាកម្ម និងសម្របសម្រួលការផ្តល់សេវាកម្មនានារបស់ អ.ជ.ព.វ.
- គ្រប់គ្រងនិងចាត់ចែងការងារពិធីការ សណ្ដាប់ធ្នាប់ និងសន្តិសុខនៅទីស្នាក់ការ អ.ជ.ព.វ.
- សហការជាមួយនាយកដ្ឋានពាក់ព័ន្ធរៀបចំប្រជុំជាតិនិងអន្តរជាតិ សិក្ខាសាលា ពិធីសម្ពោធ ពិធីបុណ្យផ្លូវការ និងពិធីផ្សេងៗរបស់ អ.ជ.ព.វ.
- សហការជាមួយនាយកដ្ឋានពាក់ព័ន្ធនានា រៀបចំផែនការមេសម្រាប់កិច្ចការអភិរក្សនិងអភិវឌ្ឍន៍ក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
- គ្រប់គ្រងសំណុំបែបបទ និងនីតិវិធីរដ្ឋបាលដែលពាក់ព័ន្ធនឹងការងារគ្រប់គ្រងមន្ត្រីរាជការ និងបុគ្គលិករបស់ អ.ជ.ព.វ.
- រៀបចំកំណត់តំណែងឯកទេស មុខតំណែង ការងារ តួនាទី និងភារកិច្ចរបស់មន្ត្រីរាជការនិងបុគ្គលិក និងការបែងចែកធនធានមនុស្ស
- រៀបចំនិងគ្រប់គ្រងស្ថិតិលើការគ្រប់គ្រងមន្ត្រីរាជការនិងបុគ្គលិក ស្របតាមនីតិវិធីរដ្ឋបាលរបស់ អ.ជ.ព.វ.
- រៀបចំការជ្រើសរើសបុគ្គលិកទៅតាមផែនការនិងនីតិវិធី រៀបចំតារាងប្រាក់បៀវត្សរ៍ ប្រាក់ឧបត្ថម្ភ និងប្រាក់កម្រៃផ្សេងៗរបស់មន្ត្រីរាជការ និងបុគ្គលិក
- ទទួលរៀបចំការងារពិធីការនិងមគ្គុទ្ទេសក៍ទេសចរណ៍ សម្រាប់បម្រើដល់គណៈប្រតិភូជាតិនិងអន្តរជាតិ ដែលអញ្ជើញមកទស្សនានៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
- គ្រប់គ្រងការប្រើប្រាស់ប្រេងឥន្ធនៈ សម្ភារៈ បរិក្ខា រថយន្ត និងគ្រឿងចក្រគ្រប់ប្រភេទ
- គ្រប់គ្រង ថែទាំ និងជួសជុលរថយន្ត គ្រឿងចក្រនិងអគារក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
- ទំនាក់ទំនងនិងសហការជាមួយសមាជិកក្រុមប្រឹក្សាភិបាលរបស់ អ.ជ.ព.វ. ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្កការជាតិ អន្តរជាតិ និងសមត្ថកិច្ចរបស់សាមីនាយកដ្ឋាននីមួយៗ
- រៀបចំគម្រោងថវិកាប្រចាំឆ្នាំ គម្រោងថវិកាអភិរក្ស និងអភិវឌ្ឍន៍នានា ឬគម្រោងស្នើសុំថវិកាសម្រាប់កិច្ចអន្តរាគមន៍បន្ទាន់ ដោយសហការជាមួយនាយកដ្ឋានជំនាញ និងក្រុមការងារពាក់ព័ន្ធ
- តាមដាននិងត្រួតពិនិត្យប្រាក់ចំណូលគ្រប់ប្រភេទរបស់ អ.ជ.ព.វ.
- តាមដាននិងពិនិត្យចំនួនទឹកប្រាក់និងរតនភ័ណ្ឌដែលមានផ្ញើនៅធនាគារ
- អនុវត្តការបើកប្រាក់ឧបត្ថម្ភឬប្រាក់បំណាច់ផ្សេងៗជូនមន្ត្រីរាជការនិងបុគ្គលិកគ្រប់ប្រភេទ
- កាន់កាប់បញ្ជីគណនេយ្យទូទៅរបស់ អ.ជ.ព.វ. និងបញ្ជីគណនេយ្យនៃប្រតិបត្តិការហិរញ្ញវត្ថុ ផ្សេងៗឱ្យមានតម្លាភាព និងគណនេយ្យភាពដោយតម្កល់ទុកនូវឯកសារដើមបញ្ជាក់ពីចំណូលនិងចំណាយ
- គ្រប់គ្រងទ្រព្យសម្ភារៈគ្រប់ប្រភេទ ដែលពាក់ព័ន្ធនឹងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
- រៀបចំរបបបេសកកម្មក្នុងនិងក្រៅប្រទេសជូនមន្ត្រីរាជការ បុគ្គលិករបស់ អ.ជ.ព.វ.
- ចូលរួមអនុវត្តគ្រប់ការងារលទ្ធកម្មស្របតាមច្បាប់ជាធរមាន
- គ្រប់គ្រងទិន្នន័យព័ត៌មានវិទ្យានិងគេហទំព័រផ្លូវការរបស់ អ.ជ.ព.វ.
- ផ្តល់សេវាគាំទ្រផ្នែកព័ត៌មានវិទ្យា (Software និង Hardware) ដល់នាយកដ្ឋានបច្ចេកទេសនៃ អ.ជ.ព.វ.
- គ្រប់គ្រង ផលិតព័ត៌មាន និងត្រួតពិនិត្យការចុះផ្សាយ
- តាមដាន ត្រួតពិនិត្យការចុះផ្សាយពាក់ព័ន្ធរមណីយដ្ឋានស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារ និងធ្វើការឆ្លើយតប
- ស្វែងរកបច្ចេកវិទ្យាថ្មីៗទាក់ទងនឹងព័ត៌មានវិទ្យា
- ជាសេនាធិការអគ្គនាយក អ.ជ.ព.វ. ក្នុងការគ្រប់គ្រងការប្រមូលចំណូលនិងទូទាត់ចំណាយរបស់ អ.ជ.ព.វ.
- ជាសេនាធិការអគ្គនាយក អ.ជ.ព.វ. ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិការបស់ អ.ជ.ព.វ. ស្របតាមគោលនយោបាយយុទ្ធសាស្ត្រដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានកំណត់ និងផែនការសកម្មភាពរបស់ អ.ជ.ព.វ. ដែលសម្រេចដោយក្រុមប្រឹក្សាភិបាល
- ជាសេនាធិការអគ្គនាយក អ.ជ.ព.វ. ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ គម្រោងថវិកាប្រចាំឆ្នាំ និងគម្រោងវិនិយោគរបស់ អ.ជ.ព.វ.
- ធ្វើទំនាក់ទំនងជាមួយក្រសួងអាណាព្យាបាលទាំងពីរពាក់ព័ន្ធនឹងការរៀបចំ ការអនុវត្ត និងការត្រួតពិនិត្យថវិការបស់ អ.ជ.ព.វ. តាមរយៈអគ្គនាយក អ.ជ.ព.វ.
- ជាសេនាធិការអគ្គនាយក អ.ជ.ព.វ. ក្នុងការគ្រប់គ្រង និងចាត់ចែងការអនុវត្តថវិកា ស្របតាមគោលការណ៍ហិរញ្ញវត្ថុជាធរមាន
- តាមដានលទ្ធផលនៃការអនុវត្តថវិកា
- សម្របសម្រួលក្នុងនាមជាសេនាធិការ របស់អគ្គនាយក អ.ជ.ព.វ. សម្រាប់ការតាមដាន ត្រួតពិនិត្យ ការធ្វើអធិការកិច្ច និងសវនកម្ម
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុអនុលោមតាមស្តង់ដារគណនេយ្យ របាយការណ៍អនុវត្តថវិកា (ចំណូល-ចំណាយ) និងរបាយការណ៍សមិទ្ធកម្មរបស់ អ.ជ.ព.វ, ស្របតាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន ជូនប្រធានក្រុមប្រឹក្សាភិបាលដើម្បីពិនិត្យ អនុម័ត រួចផ្ញើជូនរដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ធ្វើរបាយការណ៍សរុប ស្ដីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នឰមាស ប្រចាំឆ្នាំ និងរបាយការណ៍ស្តីពីសភាពការណ៍ចាំបាច់បន្ទាន់ពាក់ព័ន្ធនឹងការងាររបស់ខ្លួនជូនអគ្គនាយក អ.ជ.ព.វ.
- បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់អគ្គនាយក អ.ជ.ព.វ.។