6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Compilation of Structural Risk Mapping for Preah Vihear Temple

ការងារចងក្រងផែនទីហានិភ័យរចនាសម័្ពន្ធប្រាសាទព្រះវិហារ

Thursday, October 26, 2023

ការងារចងក្រងផែនទីហានិភ័យរចនាសម័្ពន្ធប្រាសាទព្រះវិហារ

ការសិក្សាផែនទីហានីភ័យនៅប្រាសាទព្រះវិហារ ចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០០៨ ពីគោបុរៈគោបុរៈទី១ដល់ទី៥ ដើម្បីវាយតម្លៃអំពីកម្រិតហានីភ័យខ្ពស់ និងសង្គ្រោះបន្ទាន់។ បន្ទាប់មកក្រុមការងារបានទល់ទ្រ និងសង្គ្រោះបន្ទាន់ នៅចំណុចទីតាំងដែលមានហានីភ័យខ្ពស់។ នៅឆ្នាំ២០១៥ ក្រុមការងារក៏បានធ្វើផែនទីហានីភ័យម្តងទៀតដើម្បីតាមដានកម្រិតហានីភ័យបន្ត ហើយបានទល់ទ្រចំណុចខ្លះដែលមានហានីភ័យខ្ពស់។ នៅឆ្នាំ២០២១ ក្រុមការងារចម្រុះចំនួនបួននាយកដ្ឋាន​​​របស់អាជ្ញាធរជាតិព្រះវិហាររួមមាន៖ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា, នាយកដ្ឋានគ្រប់គ្រងដីធ្លី នគររូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍, នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក, និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បានសហការចុះសិក្សា រៀបចំចងក្រងឯកសារផែនទីហានិភ័យនៅទីតាំងចាប់ពីវត្តកែវសិក្ខាគីរីស្វារៈ រហូតដល់ផ្នែកខាងលិចស្ពាននាគ នៃគោបុរៈទី៥។ ​ស្ពានហាលនេះ​មានបណ្តោយប្រវែង២៨៧ម៉ែត្រ និងទទឹង៤ម៉ែត្រ មានតួនាទីជាទំនប់​បង្វែរ​​ទិស​ដៅ​​​ទឹក​ហូរ​ផង និងជាផ្លូវ​ធ្វើដំណើរទៅមកពីប្រា​សាទទៅកាន់សហគមន៍បុរាណ ​នៅផ្នែក​ខាងលិច​ប្រា​សាទ​ផង។ ​នៅឆ្នាំ២០២៣ ក្រុមការងារចម្រុះបួននាយកដ្ឋាន បានបន្តធ្វើផែនទីហានីភ័យប្រាសាទព្រះវិហារពីស្ពាននាគនៃគោបុរៈទី៥ រហូតដល់គោបុរៈទី១ ដើម្បីសិក្សាផលប៉ះពាល់ និងហានីភ័យផ្សេងៗទៀតក្រៅពីសំណង់បុរាណ។

គោលបំណងនៃការសិក្សាហានិភ័យគឺដើម្បីតាមដាន វាយតម្លៃពីកម្រិតគ្រោះថ្នាក់​ជាមុន ដើម្បី ឈានដល់ការសម្រេចជ្រើស រើសយកទីតាំង ដែលមានបញ្ហាគ្រោះ​ថ្នាក់បំផុតជា​អទិភាពធ្វើអន្តរាគមន៍ ទប់ស្កាត់បន្ទាន់ និងងាយស្រួលលើក​ផែន​ការណ៍ថវិកា សម្ភារៈ ពេលវេលា និងអ្នកជំនាញទប់ស្កាត់គ្រោះមហន្តរាយ។

លទ្ធផលទទួលបាននៅឆ្នាំ២០០៨ គឺបានរកឃើញទីតាំងដែលមានហានីភ័យខ្ពស់ចំនួន៣០ទីតាំងពីគោបុរៈទី១ដល់គោបុរៈទី៥ ហើយក្រុមការងារបានទល់ទ្របន្ទាន់ចំនួន១៦ទីតាំង។ បន្ទាប់មកនៅឆ្នាំ២០១៥ ក្រុមការងារបានទល់ទ្រចំនួន៤ទីតាំងបន្ថែមទៀត។ ចុងក្រោយនៅឆ្នាំ២០២២ ក្រុមការងារបានទល់ទ្រកន្លែងគ្រោះថ្នាក់ចំនួន១០ទីតាំងបន្ថែមទៀត។

ចំពោះលទ្ធផលសិក្សាផែនទីហានីភ័យស្ពានហាលខាងលិចឆ្នាំ២០២១ ក្រុមការងារបានកំណត់ កម្រិតហានិភ័យខ្ពស់មានចំនួន៧ទីតាំង ​ដែលបណ្ដាលមកពីឬសឈើ​ ស្រុតគ្រឹះ ទឹកហូរបុកដាច់ផ្នែកខ្លះនៃស្ពានហាល និងការកកស្ទះប្រព័ន្ធបង្ហូរទឹក។ តាមយោបល់មន្ត្រីជំនាញទាំងបួននាយកដ្ឋានគឺគួរសាងសង់ស្ពានឈើប្រវែងបណ្តោយ១៥ម៉ែត្រ និងទទឹង៤ម៉ែត្រ ដើម្បីរៀបចំលើកតម្លៃតួនាទីស្ពានហាលឡើងវិញ និងរៀបចំវង់ទស្សនាថ្មីជូនភ្ញៀវទេសចរណ៍ឆ្លងកាត់ពីចំណតឡាន ទៅទស្សនាប្រាសាទ។


ការងារចងក្រងផែនទីហានិភ័យរច ...

ការសិក្សាផែនទីហានីភ័យនៅ ...

Thursday, October 26, 2023

ការងារចងក្រងផែនទីហានិភ័យក្ ...

តាមរយៈការសង្កេត និងសិក្ ...

Thursday, October 26, 2023