តាមរយៈលទ្ធផលនៃការអង្កេតទីតាំងបុរាណវត្ថុនៅលើភ្នំប្រាសាទព្រះវិហារ ដោយនាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យា(NAPV)ចាប់ពីឆ្នាំ២០០៩មក មានទួលបុរាណចំនួន ០៥ នៅលើកំពូលភ្នំព្រះវិហារ ដែលជាការតាំងទីលំនៅពីសម័យបុរាណ ឬសម័យកសាងប្រាសាទព្រះវិហារ។ ក្នុងចំណោមទួលបុរាណទាំងលើ មានទួលបុរាណមួយមានទំហំ ៧០ x ៩០ ម៉ែត្រ ស្ថិតនៅខាងលិចគោបុរៈទី៥ ដោយមានចម្ងាយ ២៧០ ម៉ែត្រ។ ចាប់តាំងពីឆ្នាំ២០០៨ ប្រជាជនបានរស់នៅលើទួលបុរាណនេះ ដោយចាប់ផ្តើមដំបូងគឺមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) បានរស់នៅទួលបុរាណនេះរហូតដល់ឆ្នាំ២០០៩។ បន្ទាប់មកទៀតនៅឆ្នាំ២០១១ មនុស្សផ្សេងទៀតបានចាប់ផ្តើមរស់នៅលើទួលបុរាណនេះ រួមមានមន្ត្រីអនុរក្ស ប៉ូលីស និងអ្នកដទៃ។
បរិវេណទួលបុរាណខាងលើត្រូវប៉ះពាល់ដោយសកម្មភាពនៃរស់នៅ ភ្ញៀវទេសចរប្រមាណ៣០០នាក់ក្នុងមួយថ្ងៃ និងមានរថយន្តជាច្រើនគ្រឿង ដែលសកម្មភាពចរាចរណ៍ទាំងនេះហើយបានធ្វើអោយខូចខាតដោយប្រយោលទៅដល់ទួលបុរាណ។ ដោយសារតែការហូរច្រោះ រថយន្ត និងឡានដឹកជញ្ជូន និងសកម្មភាពមនុស្សជាច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានធ្វើអោយបំណែកវត្ថុសិល្បៈកប់ក្នុងដី បានលេចរូបរាងចេញមកស្រទាប់ផ្ទៃខាងលើទួលបុរាណ ជាហេតុបង្កអោយវត្ថុសិល្បៈទំាងនេះខូចខាត និងបាត់បង់។
នៅខែកុម្ភៈ ឆ្នាំ២០១៧ នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារបានចាប់ផ្តើមការសិក្សាស្រាវជ្រាវលើទួលបុរាណ ដើម្បីរៀបចំផែនការអភិរក្សសម្រាប់ទៅអនាគត។ ក្នុងការសិក្សានេះ យើងបានបើករណ្តៅកំណាយសិក្សាស្រាវជ្រាវទួលបុរាណខាងលើមានចំនួន០៤កន្លែង ក្នុងសិក្សាបញ្ជាក់ពីការមកតាំងទីរបស់មនុស្សនៅលើទួលបុរាណ ស្លាកស្នាមបុរាណ និងរចនាសម្ព័ន្ធជុំវិញទួលបុរាណមានដូចជា៖
- រណ្តៅលេខ ១ : ជាលទ្ធផលយើងប្រទះឃើញផ្នែកជញ្ជាំងខាងត្បូងរបស់ស្ពានហាលខាងលិចគោបុរៈទី៥ និងបំណែកកុលាលភាជន៍មួយចំនួន ជាប្រភេទឆ្នាំង
- រណ្តៅលេខ ២ : ជាលទ្ធផលឃើញថាជាផ្នែកខាងចុងបំផុតរបស់ស្ពានហាលខាងលិចគោបុរៈទី៥ បានសាងសង់នៅលើថ្មភ្នំធម្មជាតិ ដោយនៅផ្នែកខាងត្បូងស្ពានហាលនេះ មានដាប់ទម្លុះថ្មភ្នំធ្វើជា ប្រព័ន្ធបង្ហូរទឹក និងបំណែកកុលាលភាជន៍មួយចំនួន ជាប្រភេទឆ្នាំង
- រណ្តៅលេខ ៣ : ស្ថិតនៅលើទីទួលបុរាណ ហើយប្រទះឃើញនូវបំណែកក្បឿង និងកុលាលភាជន៍ជាច្រើន និងកំទេចអាចម៌ដែក
- រណ្តៅលេខ ៤ : ស្ថិតនៅខាងលិចពីរណ្តៅលេខ ៣ ក្នុងរណ្តៅនេះជាទីកន្លែងមានការច្រោះដីខ្លាំង ហើយបានលេចចេញនូវបំណែកវត្ថុសិល្បៈមួយចំនួន ជាលទ្ធបានមកពីក្នុងរណ្តៅឃើញមានបំណែកក្បឿង និងភាជន៍ជាប្រភេទ Earthen ware និង Stone ware
តាមរយៈទិន្នន័យពីរណ្តៅកំណាយ និងការអង្កេតបែបបុរាណវិទ្យាបានសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៧ ដូចនេះយើងអាចសន្និដ្ឋានទីទួលបុរាណខាងលើ គឺជាទីកន្លែងមានការតាំងទីមនុស្សរស់ពីបុរាណ។
រហូតមកដល់ខែមិថុនា ឆ្នាំ២០១៨ នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារបានចាប់ផ្តើមបន្តការសិក្សាស្រាវជ្រាវ ដើម្បីរៀបចំផែនការអភិរក្សទៅអនាគតមានសកម្មភាពដូចជា៖
ការសិក្សាទៅលើទំហំរូបរាងទួលបុរាណ ការប្រមូលវត្ថុសិល្បៈនៅផ្ទៃដីខាងលើតាមរយៈការហូរច្រោះ
អភិរក្ស និងការពារទួលបុរាណដែលទទួលរងការខូចខាតដោយសកម្មភាពមនុស្ស (ចំណតរថយន្តបណ្តោះអាសន្ន) និងធម្មជាតិ (បញ្ហទឹកភ្លៀង)
ការសិក្សាអង្កេតបែបបុរាណវិទ្យា ដើម្បើកំណត់ពីវិសាលភាពទួលបុរាណ
ការសិក្សាពីផលប៉ះពាល់ និងការផ្លាស់ប្តូរទីតាំងថ្មី ជូនប្រជាពលរដ្ឋក្នុងការបម្រើសេវាកម្មទេសចរណ៍ នៅលើបរិវេណទួលបុរាណ
គម្រោងរៀបចំប្រព័ន្ធបង្ហូរទឹកបញ្ចៀសការហូរច្រោះដី និងដាំស្មៅ ដើម្បីការពារទួលពីការច្រោះដីបន្តទៀត
កំណាយសិក្សាស្រាវជ្រាវក្នុងការកំណត់ពីវិសាលភាពទួលបុរាណ មានដូចខាងក្រោម
- បើករណ្តៅកំណាយ ចំនួន ០១ រណ្តៅ (Tr.WCWG5-05) មានទំហំពីជើងទៅត្បូងប្រវែង ១១ ម៉ែត្រ និងពីកើត ទៅលិចប្រវែង ០១ម៉ែត្រ ដើម្បីសិក្សាមើលពីរចនាសម្ព័ន្ធទួល(ការរៀបចំទួល និងការតំរៀបថ្ម) និងទំហំបរិវេណផ្ទៃដីរបស់ទួលបុរាណ។ លទ្ធផលក្នុងរណ្តៅលេខ ៥ ឃើញថាមានប្រភេទកុលាលភាជន៍ចំនួន ៣ ប្រភេទ ត្រូវ បានរកឃើញ ហើយមួយក្នុងចំណោមវត្ថុទាំងនេះត្រូវបានប្រើប្រាស់នៅប្រាសាទសំបូរព្រៃគុក ដែលអាចមានកាលបរិច្ឆេទនាសតវត្សទី៧ សម័យមុនអង្គរ។ ប្រភេទកុលាលភាជន៍ ២ប្រភេទផេ្សងទៀត អាចមានទាក់ទងទៅនឹងដែលគេរកឃើញនៅភ្នំគូលែន និងតំបន់អង្គរ។ ដូច្នេះនេះបញ្ជាក់ថាទួលបុរាណនេះត្រូវបានមានមនុស្សមករស់នៅមុន ឬក្នុងសម័យកាលដូចគ្នានឹងសំណង់ប្រាសាទព្រះវិហារ។ តាមការរកឃើញសំណល់បុរាណវត្ថុនៅលើផ្ទៃដី និងលទ្ធផលពីរណ្តៅកំណាយបុរាណវិទ្យា។ យើងអាចចាត់ទុកថាទួលបុរាណនេះ មានទំហំធំជាងបច្ចុប្បន្ន ដោយផ្នែកខាងជើងអាចតភ្ជាប់ទៅកាន់ស្ពានហាលខាងលិចគោបុរៈទី៥ ប៉ុន្តែវាត្រូវបានបំផ្លាញកំឡុងសង្គ្រាមស៊ីវិល ១៩៧៩-១៩៩០ និងបច្ចុប្បន្ន។
- បើករណ្តៅកំណាយ ដើម្បីពិនិត្យមើលពីស្ថានភាពក្នុងការរៀបចំប្រព័ន្ធរំដោះទឹកទឹកភ្លៀង ដើម្បីបញ្ចៀសការហូរច្រោះដីពីទីទួលបុរាណ ចំនួន ០៤ រណ្តៅ ដោយក្នុងរណ្តៅនីមួយៗ ជីកក្នុងជម្រៅដី ០.៥០ ម៉ែត្រ ដើម្បីមើលពីផលប៉ះពាល់ ឬមិនប៉ះពាល់ទៅលើស្រទាប់ដីវប្បធម៌ក្នុងការរៀបចំប្រព័ន្ធបង្ហូរទឹក
. រណ្តៅលេខ ០១ : មានទំហំ ១៧ ម៉ែត្រ x ០.៥០ ម៉ែត្រ (Tr. Canal 01)
. រណ្តៅលេខ ០២ : មានទំហំ ១.៨០ ម៉ែត្រ x ០.៥០ ម៉ែត្រ (Tr. Canal 02)
. រណ្តៅលេខ ០៣ : មានទំហំ ២ ម៉ែត្រ x ០.៦០ ម៉ែត្រ (Tr. Canal 03)
. រណ្តៅលេខ ០៤ : មានទំហំ ២.៥០ ម៉ែត្រ x ០.៦០ ម៉ែត្រ (Tr. Canal 04)