3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

កិច្ចការពារ និងការអភិរក្ស

គម្រោងស្តារប្រព័ន្ធបង្ហូរទឹកបុរាណនៅជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ

Monday, August 7, 2023 11:53 AM

ជណ្តើរបុរាណខាងជើង គឺជាផ្លូវដើរទ្បើងទៅកាន់ទីសក្ការៈពិសិដ្ឋនៃតួប៉មសំខាន់របស់ប្រាសាទព្រះវិហារសិ្ថតនៅផ្នែកខាងជើង មានប្រវែង ១១១ម៉ែត្រ និងកម្ពស់ ៣៩ម៉ែត្រ ហើយនាពេលបច្ចុប្បន្នជណ្តើរនេះបានទទួលរងការខូចខាតជាច្រើន ដែលបង្កមកពីបញ្ហាទឹកភ្លៀងហូរចូលមកខាងក្នុងបរិវេណជណ្តើរ និងមានឬសឈើដុះចាក់ចូលក្នុងគ្រឹះជណ្តើរ ហើយបានបណ្តាលអាយមានការរលុះ ឬស្រុតថ្មជណ្តើរជាដើម ដោយសារតែប្រព័ន្ធបង្ហូរទឹករបស់ជណ្តើរបុរាណខាងជើងបានបាត់តួនាទី និងគ្មានការថែទាំជាច្រើនសតវត្ស។ ដោយយល់ឃើញថាការស្តារប្រព័ន្ធបង្ហូរទឹកបុរាណ ជាផ្នែកមួយសំខាន់ក្នុងកិច្ចកាអភិរក្សប្រាសាទ ព្រមទាំងជួយលើកតម្លៃបុរាណវិទ្យានៃរមណីដ្ឋានប្រាសាទព្រះវិហារផង។

ក្នុងខែកញ្ញា ឆ្នាំ២០១៧ ក្រុមការងារបុរាណវិទ្យានៃនាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ បានធ្វើការសិក្សាសម្រង់ប្លង់ជណ្តើរ ប្រព័ន្ធបង្ហូរទឹក និងការងារស្តារប្រព័ន្ធបង្ហូរទឹកខាងលើ ក៏ដូចជាមានការលើករំកិលថ្មជណ្តើរ និងផ្ទាំងថ្មធម្មជាតិ ដែលរលំធ្លាក់ចូលក្នុងប្រព័ន្ធបង្ហូរទឹក ហើយបានបង្កឲ្យមានការកកស្ទះដី ឬបាំងប្រព័ន្ធបង្ហូរទឹកមាននៅសងខាងជណ្តើរ ជាមូលហេតុធ្វើឲ្យទឹកភ្លៀងហូរចូលមកបរិវេណជណ្តើរ បណ្តាលឲ្យរលុះថ្មកាំជណ្តើរ និងស្រុតទ្រេតខឿនកាំ និងថ្នាក់កាំជណ្តើរជាដើម។ ដើម្បីកាត់បន្ថយការខូចខាតជណ្តើរបុរាណខាងជើងជាបន្តទៀត ដែលជាលទ្ធផលមានដូចជា ៖

- ស្តារ និងបងែ្វរប្រព័ន្ធផ្លូវទឹកនៅផ្នែកខាងលិចជណ្តើរ សរុបប្រវែង ១០៧ម៉ែត្រ

- ស្តារប្រព័ន្ធបង្ហូរទឹកនៅផ្នែកខាងកើតជណ្តើរ សរុបប្រវែង ៣០ម៉ែត្រ

- រៀបបាវច្រកដីបង្វែរមុខផ្លូវទឹកហូរ សម្រាប់ការពារទឹកភ្លៀងហូរបុកគ្រឹះជណ្តើរ និងកុំឲ្យហូរចូលក្នុងជណ្តើរ

- លើករំកិលថ្មថ្នាក់កាំជណ្តើរចេញពីប្រព័ន្ធផ្លូវទឹក មកដាក់កន្លែងមានសុវតិ្ថភាព មានចំនួន ១១ដុំ (០៦ដុំ ជាបំណែកថ្ម) និងបំណែកចម្លាក់តោមានចំនួន ០៣ដុំ។

ក្នុងការងារស្តារប្រព័ន្ធបង្ហូរទឹកបុរាណនេះ យើងបានធ្វើកំណាយបុរាណវិទ្យាសិក្សាស្រាវជ្រាវចំនួន ០២កន្លែង ដើម្បីសិក្សាមើលពីរចនាសម្ព័ន្ធប្រព័ន្ធបង្ហូរទឹកបុរាណបន្ថែម ពីប្រព័ន្ធបង្ហូរទឹកបានឃើញនៅបរិវេណជណ្តើរបុរាណខាងជើងមានដូចជា៖

- រណ្តៅកំណាយទី០១ សិ្ថតនៅខាងលិចជណ្តើរ មានទំហំ ០៣ម៉ែត្រ x ០៣ម៉ែត្រ។ ជាលទ្ធផលក្នុងរណ្តៅនេះ មានការបុកបង្ហាប់ដីខ្សាច់ល្បាយជាមួយកំទេចថ្មភក់ ដោយមានរៀបថ្មភក់មួយជាន់ពីលើដីបុកបង្ហាប់នៅលើថ្មភ្នំធម្មជាតិ ដើម្បីជួយទប់ពង្រឹងគ្រឹះជណ្តើរបន្ថែម។ រណ្តៅនេះ យើងពុំឃើញមានស្នាមដាប់ទម្លុះថ្ម ធ្វើជាប្រព័ន្ធបង្ហូរទឹកហូរទេ ដោយសារតែល្បាក់ថ្មភ្នំមានស្ថានភាពជម្រាលទាបខ្លាំងទៅផ្នែកខាងលិចស្រាប់។

- រណ្តៅកំណាយទី០២ សិ្ថតនៅខាងកើតជណ្តើរ មានទំហំ០៤ម៉ែត្រ x ០១ម៉ែត្រ។ ជាលទ្ធផលពីរណ្តៅកំណាយឃើញថាត្រង់ផ្នែកនេះជណ្តើរបុរាណសាងសង់នៅលើថ្មភ្នំធម្មជាតិយកធ្វើជាគ្រឹះ និងមានការដាប់ផ្ទាំងថ្មភ្នំធម្មជាតិធ្វើជាប្រព័ន្ធបង្ហូរទឹកនៅស្របជាមួយជណ្តើរ។

សរុបមកការងារស្តារប្រព័ន្ធផ្លូវទឹកបុរាណនៅជណ្តើរបុរាណខាងជើង ដែលបានអនុវត្តន៍គឺបានកាត់បន្ថយកម្លាំងទឹកហូរភាគច្រើនចូលមកបរិវេណជណ្តើរ និងធ្វើឲ្យប្រព័ន្ធផ្លូវទឹកបុរាណមានតួនាទីទ្បើងវិញ។

Monday, August 7, 2023