ថ្ងៃអង្គារ ៣ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ លោក ភិន ភក្តី អនុប្រធាននាយកដ្ឋាននៃនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ បានដឹកនាំមន្រ្តីបច្ចេកទេសរៀបចំពិធីសែនព្រេនបើកការដ្ឋានគម្រោងអភិរក្សបដិមាព្រះព្រហ្មរកឃើញនៅប្រាសាទបន្ទាយពីរជាន់។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ អាជ្ញាធរជាតិព្រះវិហារបានអនុវត្តន៍គម្រោងផ្លាស់ប្តូរបង្គុំទល់ទ្រឈើអស់គុណភាព មកប្រើប្រាស់គ្រឿងបង្គុំទល់ទ្រដោយដែកវិញ។ ក្នុងពេលរៀបចំកំណាយដាក់ជើងតាងគ្រឿងបង្គុំដែក ក្រុមការងារបានរកឃើញបំណែកដងខ្លួនបដិមាព្រះព្រហ្ម និងបល្ល័ង្កមានទម្រង់មូល លម្អដោយក្បាច់ដ៏វិចិត្រ។ ដោយយល់ឃើញថា វត្ថុសិល្បៈទាំងនោះ ចាំបាច់ត្រូវរៀបចំទុកដាក់ និងអភិរក្សឲ្យបានគង់វង្សសម្រាប់ការជួសជុលនាពេលអនាគត ទើបអាជ្ញាធរជាតិព្រះវិហារចាត់តាំងមន្ត្រីបច្ចេកទេសអនុវត្តន៍គម្រោងនេះបន្ថែមក្នុងគោលបំណង អភិរក្សបំណែកបដិមាព្រះព្រហ្ម បំណែកបល្ល័ង្ក និងបំណែកហង្ស ដែលនៅរាយប៉ាយខាងមុខតួប៉មកណ្តាល ដោយនាំយកមកសម្អាត ចុះបញ្ជី រក្សាទុកឲ្យបានត្រឹមត្រូវនៅទីតាំងមានសុវត្ថិភាព និងធ្វើការសាងសង់ដំបូលគ្របពីខាងលើតួប៉មកណ្តាលដើម្បីការពារបល្ល័ង្កនៃបដិមាព្រះព្រហ្ម។ គម្រោងនេះបានទទួលថវិកាពីមូលនិធិអង្គរដើម្បីការអភិរក្ស និងការអភិវឌ្ឍន៍។
អត្ថបទ និងរូបភាព: ថាច់ ផានិត