នាខែតុលា ឆ្នាំ២០០៩ នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យាបានធ្វើកំណាយបុរាណវិទ្យាបង្ការនៅបរិវេណជណ្តើរបុរាណខាងកើតប្រាសាទព្រះវិហារ។ ពេលនោះមានក្រុមនិស្សិតមកពីមហាវិទ្យាល័យបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចំនួន ១០នាក់ បានចុះមកធ្វើកម្មសិក្សា មានរយៈពេល ១០ ថ្ងៃ ដើម្បីស្វែងយល់អំពីវិធីសាស្ត្រ និងការអនុវត្តផ្ទាល់នៃការធ្វើកំណាយបុរាណវិទ្យាបង្ការ។ កំណាយស្រាវជ្រាវនេះគឺដើម្បីពិនិត្យមើលផលប៉ះពាល់បុរាណវិទ្យាលើគម្រោងសាងសង់ជណ្តើរឈើ សាលាសំណាក់ចំនួន ០៥កន្លែង និងបង្គន់អនាម័យចំនួន ០៣ កន្លែង។
គម្រោងសាងសង់ជណ្តើរឈើ គឺដើម្បីទាក់ទាញទេសចរណ៍អោយមកទស្សនាប្រាសាទព្រះវិហារឱ្យបានច្រើន ក៏ដូចជាពន្លេចស្នាដៃស្ថាបត្យកម្មជណ្តើរបុរាណខាងកើត ប្រាសាទព្រះវិហារ។ រាជរដ្ឋាភិបាលបានសម្រេចសាងសង់ ជណ្តើរឈើថ្មីអមសងខាងជណ្តើរបុរាណខាងកើតប្រាសាទព្រះវិហារ ដែលមានប្រវែង ១៤៥០ ម៉ែត្រ ក្នុងកម្ពស់ ៥៨០ ម៉ែត្រ។
យោងលើទីតាំងអនុវត្តគម្រោងគឺភាគច្រើនត្រូវបានជ្រើសរើសសាងសង់នៅពីលើថ្មភ្នំធម្មជាតិ ដែលជាការបញ្ជាក់ពីផលមិនប៉ះពាល់ដល់បុរាណវិទ្យា ហេតុនេះក្រុមការងារនាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យាបានសម្រេចជ្រើសរើស ៤កន្លែង ដើម្បីបើករណ្តៅកំណាយបុរាណវិទ្យាបង្ការ ដែលស្ថិតនៅតាមបណ្តោយសងខាងជណ្តើរបុរាណខាងកើត។ ការស្រាវជ្រាវនេះគឺដើម្បីសិក្សាភស្តុតាងសំណល់បុរាណវិទ្យា ការរៀបចំគ្រឹះធ្វើជណ្តើរបុរាណ ប្រពន្ធ័ផ្លូវទឹករបស់ជណ្តើរ និងការវាយតម្លៃអំពីផលប៉ះពាល់បុរាណវិទ្យា ដើម្បីឆ្លើយតបទៅនឹងការសាងសង់ជណ្តើរឈើ សាលាសំណាក់ និងបង្គន់អនាម័យ។ លទ្ធផលកំណាយបង្ហាញថា ពុំសូវមានសំណល់បុរាណវត្ថុ ច្រើននៅលើទីតាំងសាងសង់ជណ្តើរឈើ សាលាសំណាក់ និងបង្គន់អនាម័យនោះទេ។ ក្នុងពេលធ្វើកំណាយ យើងប្រទះឃើញមានអំបែងកុលាលភាជន៍ រងស្បូវ អំបែងក្បឿង កំទេចធ្យូង និងកាកសំណល់សម័យសង្គ្រោម។
លទ្ធផលកំណាយ ៤ទីតាំងនៅជណ្តើរបុរាណ៖
- រណ្តៅកំណាយលេខ ១ : ជាទីតាំងដែលធ្លាប់មានការបោះទីតាំងរបស់បុព្វបុរសយើង យ៉ាងយូរបំផុតត្រឹមសម័យកសាងជណ្តើរបុរាណខាងកើត ប្រាសាទព្រះវិហារ។ ស្របគ្នានោះដែរ ការបោះទីតាំងនេះបានបន្តរហូតដល់សម័យ បច្ចុប្បន្ន។ ហេតុដូចនេះហើយទីតាំងនេះត្រូវតែរក្សាទុកដើម្បីធ្វើការសិក្សាបន្តនាពេលក្រោយ។
- រណ្តៅកំណាយលេខ ២ : ក្រោយពីធ្វើការវិភាគទៅលើស្រទាប់ដី និងការបែងចែកជាដំណាក់កាល រណ្តៅកំណាយលេខ ១ ក៏ជាទីតាំងដែលមានសក្តានុពលបុរាណវិទ្យា។ ជាពិសេសគឺរកឃើញបំណែកថ្មដែលបានរៀបចំសាង ជណ្តើរ និងវិធីសាស្ត្រនៃការរៀបចំធ្វើទំនប់ ដើម្បីទប់គ្រឹះជើងជណ្តើរ។ អាស្រ័យហេតុនេះក្រុមការងារអាចសន្និដ្ឋានថា ទីតាំងរណ្តៅលេខ ១ ជាទីតាំងដែលបុព្វបុរសយើងធ្លាប់តាំងទីនាពេលកសាងជណ្តើរ។ ដូចគ្នាដែរ ទីតាំងរណ្តៅលេខ ២ ក៏ជាទីតាំងដែលគួរកត់សម្គាល់សម្រាប់ពង្រីកការស្រាវជ្រាវនាពេលក្រោយដែរ។
- រណ្តៅកំណាយលេខ ៣ : ជាទីតាំងដែលក្រុមការងារ មិនបានប្រទះឃើញសក្តានុពលបុរាណវិទ្យាទាល់តែសោះ ក្រុមការងារសន្និដ្ឋានថា ទីតាំងរណ្តៅលេខ ៣ ថាជាទីតាំងដែលកើតពីការចាក់បង្គរពីស្រទាប់ដីធម្មជាតិ។- រណ្តៅកំណាយលេខ ៤ : មានសក្កានុពលបុរាណវិទ្យាតិចតួច ជាពិសេសនៅក្នុងសម័យកាលដែលបុព្វបុរសយើងកសាងជណ្តើរ។ អាស្រ័យដូចនេះ ក្រុមការងារសន្និដ្ឋានថា ទីនេះជាទីតាំងដែលមិនមានផលប៉ះពាល់ខ្លាំងលើបុរាណដ្ឋានទេ។