កាលពីខែមេសា ឆ្នាំ២០១៧ មន្ត្រីបច្ចេកទេសនាយកដ្ឋានរមណីយដ្ឋាននិងបុរាណវិទ្យាបានធ្វើកំណាយស្រាវជ្រាវលិង្គព្រះឥសូរមួយ ដែលបានប្រទះឃើញនៅខាងជើងឈៀងខាងលិចនៃជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ។ គោលបំណងនៃការសិក្សាគឺដើម្បីសិក្សាលម្អិតអំពីមូលហេតុនៃវត្តមានរបស់លិង្គព្រះឥសូវនៅទីតាំងនោះ។ ក្រុមការងារបានបើករណ្តៅកំណាយដែលមានទំហំ ២ ម៉ែត្រ x ២ ម៉ែត្រ ជម្រៅ ១.១០ ម៉ែត្រ។ កំណាយស្រាវជ្រាវនេះបានរកឃើញលិង្គព្រះឥសូរមួយ បំណែកថ្មបស់មួយ (ថ្មកិនថ្នាំបុរាណ) និងបំណែកកុលាលភាជន៍មួយចំនួនដូចខាងក្រោម៖
១. លិង្គព្រះឥសូរ
ធ្វើអំពីថ្មភក់មួយដុំ មានប្រវែង ២១៤ ស.ម. ហើយបែងចែកជាបីផ្នែកគឺ៖
. ផ្នែកខាងលើ មានរាងមូល ប្រវែង ៤៦ ស.ម. និងមានអង្កត់ផ្ចិត ២៥ ស.ម.
. ផ្នែកកណ្តាល មានរាងប្រាំបីជ្រុង ប្រវែង ៤៦ ស.ម.
. ផ្នែកខាងក្រោម រាងបួនជ្រុង មានប្រវែង ១២២ ស.ម. និងមានកម្រាស់ ៣១ ស.ម.
លិង្គនេះឆ្លាក់មិនទាន់រួចរាល់ ដោយផ្នែកខ្លះមានសល់ស្នាមដាប់ថ្មមិនទាន់រំលើង។ ជាពិសេស នៅផ្នែកខាងក្រោមនៃលិង្គ សម្រាប់ស៊កបញ្ចូលក្នុងជើងទម្របថ្ម គឺមិនទាន់ដាប់និងរំលើង។
២. ថ្មបស់
- បំណែកឧបករណ៍នេះ មានចំនួន ០១ ដុំ ធ្វើអំពីថ្មភក់ មានបណ្តោយ ១៧ ស.ម. ទទឹង ១៦ ស.ម. និងកម្រាស់ ៤ ស.ម. ។ បំណែកនេះ បានបាត់មួយចំហៀង។
៣. បំណែកកុលាលភាជន៍
- បំណែកក្បឿង មានចំនួន ១៥ ដុំ។ ក្នុងនោះមានភាជន៍ផុយចំនួន០៥ ដុំ និងភាជន៍រឹងចំនួន ១០ ដុំ។ ដោយមានប្រភេទក្បឿង ក្បឿងផ្ញា ចំនួន ០៤ ក្បឿងផ្កាប់ ចំនួន ៩ និងក្បឿងរងស្បូវ ចំនួន ០១
- បំណែកកុលាលភាជន៍ មានចំនួន ៥៧ ដុំ។ ក្នុងនោះ មានប្រភេទភាជន៍ផុយចំនួន ៥៣ ដុំ ដែលមានរូបរាងជាបំណែកមាត់ ក និងដងខ្លួន។ ចំណែកឯ ប្រភេទភាជន៍រឹង មានចំនួន ៣ ដុំ ដែលមានរូបមាត់ភាជន៍ ចំនួន០២ និងបំណែកគម្ររ ០១
តាមរយៈលទ្ធផលធ្វើកំណាយយើងឃើញថាវត្ថុបុរាណទាំងនេះស្ថិតនៅពីលើកម្រាលខឿនជណ្តើរបុរាណខាងជើង។ នៅផ្នែកខាងក្រោមលិង្គព្រះឥសូរ មានដីចាក់បង្គរកម្រាស់ពី ២៥ ទៅ ៣០ ស.ម. ដែលជាដីហូរច្រោះលាយទ្បំជាមួយបំណែកថ្មបស់ បំណែកភាជន៍ និងក្បឿង។ លិង្គព្រះឥសូរនេះ ប្រហែលជាមនុស្សយកមកពីកន្លែងផ្សេង។ ចំណែកបំណែកវត្ថុបុរាណដទៃទៀត ប្រហែលហូរមកតាមទឹក។
បន្ទាប់បានពីធ្វើកំណាយ និងសិក្សាវត្ថុសិល្បៈខាងលើរួច អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយកងកម្លាំងនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ នគរបាលការពារព្រំដែនគោកតំបន់ប្រាសាទព្រះវិហារ និងប្រជាជន បានរំកិលលិង្គព្រះឥសូរយកទៅរក្សាទុកក្នុងសារមនី្ទរធម្មជាតិសាកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ សម្រាប់សិក្សាស្រាវជ្រាវបន្ត និងដាក់តាំងបង្ហាញ។