ស្ថានប្រព័ន្ធព្រៃល្បោះក្នុងរមណីយដ្ឋានប្រាសាទកោះកេរ បានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ជាច្រើន ដល់សហគមន៍ដែលរស់នៅក្នុងនិងជុំវិញរមណីយដ្ឋាន និងរួមចំណែកដ៍សំខាន់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ រហូតមកដល់បច្ចុប្បន្ននេះ មន្រ្តីអាជ្ញាធរជាតិព្រះវិហារបានកត់ត្រាអនុផលព្រៃឈើចំនួន៥៧ប្រភេទ ក្នុងនោះមាន បន្លែព្រៃ ផ្លែឈើព្រៃ ដំឡូងព្រៃ ផ្សិត ជ័រ ទឹកឃ្មុំ និងឫស្សីជាដើម។ អនុផលព្រៃឈើទាំងនេះត្រូវបានប្រមូលទៅតាមរដូវ និងខែខុសៗគ្នាពេញមួយឆ្នាំ។ ក្នុងចំណោមប្រភេទអនុផលព្រៃឈើទាំងនេះ មានខ្លះត្រូវបានប្រមូលសម្រាប់លក់ និងនាំចេញទៅទីផ្សារប្រទេសជិតខាង ហើយខ្លះទៀតប្រមូលសម្រាប់តម្រូវការប្រើប្រាស់ក្នុងគ្រួសារ។
អនុផលព្រៃឈើទាំង៥៧ប្រភេទនេះមាន ផ្សិតប៉ក់ ផ្សិតក្ងោក ផ្សិតសុក្រម ផ្សិតត្រចៀកកណ្តុរ ផ្សិតកញ្ចូរ ផ្លែកន្ទួតព្រៃ ផ្លែព្រីង ផ្លែគុយ ផ្លែទ្រមូង ផ្លែព្រូស ផ្លែផ្តៅ ផ្លែបាក់ដង ផ្លែភ្ញៀវព្រៃ ផ្លែម្កាក់ព្រៃ កញ្ជើបាយដាច ចាហួយ ក្រចកអណ្តើក បាយដំណើប ក្រខុបព្រៃ ទំពាំង ទំពាំងបាយជូព្រៃ ខ្ជាយ អាណោ ព្រិច ស្តុកស្តុរ ទ្រៀល កោន ក្តួច ស្លឹកងប់ ទាល់ ត្រចៀកក្រាញ់ ត្នោតព្រៃ កន្ធាង កំបុក រំដេងព្រៃ ចុងផ្តៅ អរគីដេរ ដំឡូងស្យា ដំឡូងទាន ដំឡូងកន្តប ដំឡូងជ្រូក ដំឡូងជ្រង ដំឡូងទឹក ជ័រទឹក ជ័រចុង ជ័រស្អុង ទឹកឃ្មុំ ផ្លែស្រម៉ ផ្លែក្រឡាញ់ ផ្លែបេង ផ្លែកកោះ ផ្លែដង្កោ ផ្លែល្វា ផ្លែចំបក់ ស្វាយព្រៃ ផ្លែភ្លូ និងផ្លែដង្កៀបក្តាម។
ដូចនេះការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរមិនគ្រាន់តែផ្តល់ សេវាកម្មបរិស្ថានដូចជាជម្រកសត្វព្រៃ ការពារខ្យល់ព្យុះ និងលើកកម្ពស់សោភ័ណភាពរមណីយដ្ឋានប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកដល់ការលើកកម្ពស់ជីវភាពសហគមន៍ផងដែរ។