បណ្ឌិត អ៊ា ដារិទ្ធ បានទទួលបរិញ្ញាប័ត្របុរាណវិទ្យាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈភ្នំពេញឆ្នាំ១៩៩៥ អនុបណ្ឌិត ពីសកលវិទ្យាល័យក្យូតូប្រទេសជប៉ុនឆ្នាំ២០០០ និងបណ្ឌិតពីសកលវិទ្យាល័យអូសាកាអូតានី ប្រទេសជប៉ុន ឆ្នាំ២០១០។ ចាប់ពីឆ្នាំ២០០០ ដល់ខែមិថុនា ឆ្នាំ២០២១ លោកបានធ្វើការនៅអាជ្ញាធរជាតិអប្សរា បង្រៀនប្រវត្តិសាស្ត្រកុលាលភាជន៍ ខ្មែរនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងបង្រៀនប្រវត្តិសាស្ត្រខ្មែរ និងពិភពលោក នៅសកលវិទ្យាល័យបញ្ញាសាស្ត្រ។ លោកក៏បានដឹកនាំសម្របសម្រួលគម្រោងកិច្ចសហប្រតិបត្តិការស្រាវជ្រាវអន្តរជាតិ យ៉ាងច្រើនរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នអន្តរជាតិ។
គម្រោងស្រាវជ្រាវសំខាន់របស់លោក គឺកុលាលភាជន៍ខ្មែរសម័យអង្គរពីសតវត្សទី៩ ដល់១៥ គ.ស.។ លោកបានធ្វើកំណាយស្រាវជ្រាវឡបុរាណតំបន់អង្គរជាង១០ឡ។ នៅឆ្នាំ២០១៥ លោកបានទទួលការងារគ្រប់គ្រងបុរាណវត្ថុទាំងអស់ដែលបានស្រាវជ្រាវពីតំបន់អង្គរ។
លោកបានក្លាយជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៅមជ្ឈមណ្ឌលណាឡានដាស្រីវិជ័យនៃវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ ប្រទេសសិង្ហបុរី ឆ្នាំ២០១៤-១៥ ហើយបានសម្របសម្រួលគម្រោងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងគម្រោងចុះ កម្មសិក្សានៅការដ្ឋាន។
នៅឆ្នាំ២០១៨ លោកបានក្លាយជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក និនបានសហការ បង្រៀនជាមួយសាស្ត្រាចារ្យអាមេរិកលើប្រធានបទ ទឹក៖ សិល្បៈ និងនយោបាយនៅខាងអាស៊ីខាងត្បូង និងអាស៊ីអគ្នេយ៍។ លើសពីនោះលោកក៏ត្រូវបានសកលវិទ្យាល័យ Yale, Wisconsin, និងNorthern Illinois អញ្ជើញ ទៅធ្វើបទបង្ហាញអំពីការស្រាវជ្រាវបុរាណវិទ្យា និងគម្រោងចុះកម្មសិក្សានៅប្រាសាទកោះកេរដែលគ្រប់គ្រងដោយអាជ្ញាធរជាតិព្រះវិហារ។
ចាប់តាំងពីខែមិថុនា ឆ្នាំ២០២១ លោកបានចាប់ផ្តើមធ្វើការនៅអាជ្ញាធរជាតិព្រះវិហារ ដែលមានតួនាទីជាប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា។