3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Agricultural and forestry cooperation

កិច្ចសហប្រតិបត្តិការកសិកម្ម និងព្រៃឈើ

Thursday, October 19, 2023

កិច្ចសហប្រតិបត្តិការកសិកម្ម និងព្រៃឈើ

ការអភិវឌ្ឍជីវភាពសហគមន៍ និងការគ្រប់គ្រងធនធានព្រៃឈើ និងជីវចម្រុះគឺជាធាតុផ្សំដ៏សំខាន់​មួយនៅក្នុងការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទព្រះវិហារ។ គម្រោងទទួលថវិកាពីមូលនិធិដាវីន និងអនុវត្តន៍គម្រោងនៅថ្ងៃទី០១ កក្កដា ២០២០ ដល់ ៣១ មីនា ២០២៣។

គោលបំណងគម្រោងកសិកម្ម និងព្រៃឈើ គឺបង្កើនសុវត្ថិភាពចំណីអាហារ ប្រាក់ចំណូល ប្រសិទ្ធភាពប្រើប្រាស់ដី និងបរិស្ថានល្អតាមរយៈការជម្រុញកសិកម្មចម្រុះ ឬហៅថាកសិរុក្ខកម្ម ការលើកកម្ពស់ទីផ្សារនិងការស្តារព្រៃឈើ​ឡើងវិញ។ គម្រោងនេះអនុវត្តតាមរយៈកិច្ចសហការរវាងដៃគូរជាតិ និងអន្តរជាតិ ចំនួនបីក្នុងនោះមានអង្គការអភិរក្សសួន​ភូត្តគាមអន្តរជាតិ(BGCI) មានស្នាក់ការនៅប្រទេសអង់គ្លេស ជាប្រធានគម្រោង អង្គការមជ្ឈមណ្ឌល​កសិរុក្ខកម្មពិភពលោក (ICRAF) មានស្នាក់ការនៅប្រទេសវៀតណាមជួយលើផ្នែក​បច្ចេកទេស និង​អាជ្ញាធរជាតិព្រះវិហារជាអ្នកអនុវត្តន៍ការងារនៅទីវាល។ ​

លទ្ធផលសំខាន់ៗសម្រេចបាន​ដោយគម្រោងរួមមាន៖

-សិក្សាស្រាវជ្រាវអំពីសេដ្ឋកិច្ចសង្គម បច្ចេកទេសកសិកម្មមានស្រាប់ ធនធានដី និងទីផ្សារ      កសិផល។

-ជ្រើសរើសចម្ការដំណាំសម្រាប់ធ្វើជាគម្រូ បង្ហាញដល់កសិករផ្សេងៗ និងគ្រូបង្គោលចំនួន​២២នាក់ ដែលជាសមាជិក​សហគមន៍ និងក្រុមប្រឹក្សាឃុំ។

-ផលិតឯកសារបង្រៀន និងអប់រំផ្សព្វផ្សាយដូចជា បច្ចេកទេសដាំ និងថែទាំឈើហូបផ្លែ សៀវភៅផ្នត់​អំពីកសិរុក្ខកម្ម និងផ្ទាំងរូបភាពបង្ហាញអំពីបច្ចេកទេសកសិរុក្ខកម្ម និងការគ្រប់​គ្រងព្រៃឈើ។

-បណ្តុះបណ្តាលគ្រូបបង្គោលលើមុខវិជ្ជាផ្សេងៗដូចជា បច្ចេកទេសកសិរុក្ខកម្ម ការដាំនិង​ថែទាំឈើ​ហូបផ្លែ ការផលិតជីនិងថ្នាំពុលសរីរាង្គ ការសាកផ្សាំកូនឈើហូបផ្លែ និង​យុទ្ធសាស្រ្តទីផ្សាកសិផល។ 

-ផលិតវីដេអូរខ្លីៗផ្សព្វផ្សាយអំពីបច្ចេកទេសកសិកម្ម និងការផលិតជីសរីរាង្គចំនួន១៣រឿង ដោយកញ្ញា លី លាន បេក្ខភាពបណ្ឌិតផ្នែកផ្សព្វផ្សាយកសិកម្ម។

-ផ្តល់កូនឈើហូបផ្លែសំខាន់ៗរួមមាន ដូង ពុទ្រា មៀនយីហ៊ុត ខ្នុរការ៉ុត ត្របែក ក្រូចថ្លុង និង ពូជដំណាំផ្សេងៗដូចជា ម្នាស់ ខ្ញី រំដេញ ត្របពុតលំញង ម្ទេសអាចម៍សត្វ ននោងជ្រុង ត្រឡាចស្រូវ និងល្ពៅ ដល់កសិករចំនួន ២០២គ្រួសារ ដើម្បីដាំក្នុងចម្ការកសិរុក្ខកម្ម។

-រៀបចំវគ្គផ្សព្វផ្សាយអំពីកសិរុក្ខកម្ម និងជម្រុញការដាំដំណាំ មានសក្តានុពលទីផ្សារដល់​កសិករ​ចំនួន១១៦នាក់ នៅ​ភូមិធម្មជាតិ​សម្តេចតេជោហ៊ុនសែន ភូមិខាងស្រអែមជើង ភូមិសែនជ័យ និងភូមិតេជោបុស្សស្បូវ។

-រៀបចំវគ្គបណ្តុះបណ្តាលដល់កសិករចំនួន៨៨នាក់មកពីភូមិទាំង៤អំពីបច្ចេកទេស​ការពារ ​ដំណាំ ​និងឈើហូបផ្លែ ពីការបំផ្លាញដោយចែស និងស្រាងទិកផ្លែដែលកើតមានសព្វថ្ងៃ។

-សម្របសម្រួលរៀបចំបណ្តាញទីផ្សារកសិផលក្នុងភូមិទាំងបួន ដើម្បីកសិករអាចលក់ផលិត​ផល​របស់ខ្លួនដែលដាំបាន។

-ចូលរួមចំណែកដល់ការគ្រប់គ្រងធនធានព្រៃឈើរួមមាន ការរៀបចំផែនការស្តារព្រៃឈើ​ឡើងវិញ បណ្តុះកូនឈើ និងស្តារព្រៃឈើឡើងវិញ។