រមណីយដ្ឋានប្រាសាទព្រះវិហារ គ្របដណ្តប់ដោយព្រៃល្បោះដែលតំណាងឲ្យស្ថានប្រព័ន្ធព្រៃស្ងួតនៅភាគឧត្តរប្រទេសកម្ពុជា។ ក្រៅពីនេះរមណីយដ្ឋាននេះក៏មានប្រភេទព្រៃផ្សេងៗទៀតដែលដុះជាដុំៗដូចជា ព្រៃពាក់កណ្តាលស្រោង ព្រៃតាមមាត់ទឹក ព្រៃឬស្សី និងវាលស្មៅ។
គោលបំណងការសិក្សាព្រៃឈើគឺ ដើម្បីកំណត់អត្តសញ្ញាណ និងចងក្រងប្រភេទឈើ ដែលមានក្នុងតំបន់រមណីយដ្ឋាន ដងស៊ីតេឈើតាមប្រភេទព្រៃ និងរៀបផែនការដាំស្ដារព្រៃឈើឡើងវិញ។
លទ្ធផលការសិក្សាព្រៃឈើគឺ ទទួលបានបញ្ជីឈ្មោះរុក្ខជាតិចំនួន២៣៦ប្រភេទ។ ក្នុងនោះមានប្រភេទរងការគម្រាមកំហែង ប្រភេទលើកស្ទួយជីវៈចម្រុះ និងប្រភេទរុក្ខជាតិលម្អជាដើម។ ដោយឡែកដើមឈើសំខាន់ៗមួយចំនួន នៅតាមទីតាំងសំខាន់ៗបានដាក់ស្លាកឈ្មោះ។ ការសិក្សាស្រាវជ្រាវពីដង់ស៊ីតេឈើបង្ហាញថា ជាមធ្យមក្នុងមួយហិចតា ព្រៃល្បោះលប់មានដើមឈើ អង្កត់ផ្ចិតចាប់ពី១០សមឡើង ចំនួន៣៥០ដើម និងកូនឈើ ចំនួន១៥០០០ដើម។ ព្រៃល្បោះចម្រុះ មានដើមឈើ ចំនួន៤០០ដើម និងកូនឈើ ចំនួន២០០០០ដើម និងព្រៃពាក់កណ្ដាលស្រោងមានដើមឈើ ចំនួន៥២៥ដើម និងកូនឈើ ចំនួន២៥០០០ដើម។