ព្រៃឈើបានផ្តល់នូវគុណតម្លៃលើសលប់ដល់រមណីយដ្ឋានទាំងមូលដូចជា អនុផលព្រៃឈើសំបូរបែបសម្រាប់លើកកម្ពស់ជីវភាពប្រជាសហគមន៍ ទីជម្រកជីវៈចម្រុះគ្រប់ប្រភេទ និងផ្តល់ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល។
គោលបំណងការដាំដើមឈើឡើងវិញ គឺដើម្បីស្តារតំបន់រិចរិលឲ្យទៅជាព្រៃបៃតងឡើងវិញ។
ជាលទ្ធផល ពីឆ្នាំ២០១៦មក ដើមឈើចំនួន១៧២០០កូន បានដាំតាមតំបន់រិចរិល និងដើមឈើចំនួន២៥០០បានដាំតាមដងផ្លូវ។ ក្រៅពីនេះការកាត់សម្អាតស្មៅការពារកូនឈើ ធ្វើសុវុឌ្ឍិកម្មព្រៃឈើ និងធ្វើផ្លូវភ្លើង ដើម្បីបញ្ចៀសភ្លើងព្រៃបានអនុវត្ដជារៀងរាល់ឆ្នាំ។ ដោយឡែកអាជ្ញាធរជាតិព្រះវិហារបានអប់រំផ្សព្វផ្សាយដល់ប្រជាសហគមន៍អំពីគុណតម្លៃព្រៃឈើ ដើម្បីបញ្ជា្រប និងបណ្តុះស្មារតីប្រជាពលរដ្ឋឲ្យស្រឡាញ់ ការពារបរិស្ថាន និងចូលរួមស្តារព្រៃឈើឡើងវិញ។