ប្រព័ន្ធធនធានទឹកក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដើរតួយ៉ាងសំខាន់សម្រាប់បម្រើដល់ វិស័យសាសនា ការប្រើប្រាស់ទឹកប្រចាំថ្ងៃ ការធ្វើកសិកម្ម ទេសចរណ៍ និងរួមចំណែកដល់ការអភិរក្ស ធនធានព្រៃឈើ និងជីវៈចម្រុះ។
គោលបំណងការគ្រប់គ្រងធនធានទឹក គឺដើម្បីចងក្រងឯកសារ សិក្សាពីសក្តានុពលប្រព័ន្ធធនធានទឹក និងអភិវឌ្ឍធារាសាស្រ្ដខ្នាតតូច ដើម្បីរួមចំណែកក្នុងការគ្រប់គ្រងធនធានទឹកនៅក្នុងរមណីយដ្ឋានកោះកេរ។
ជាលទ្ធផល ចាប់ពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន ប្រព័ន្ធធនធានទឹកនៅកោះកេរមាន បារាយណ៍ កសិន្ទុ រហាល ទំនប់ស្ទាក់ទឹក ត្រពាំងបុរាណចំនួន៤៩១ និងអូរចំនួន១៦ខ្សែ។ ការសិក្សាលម្អិតទីតាំងចំនួន៦កន្លែងនៅភូមិកោះកេរ និង៣កន្លែងទៀតក្នុងភូមិរំចេកក្នុងរមណីយដ្ឋាន បានកំណត់ជាអាទិភាពសម្រាប់សាងសង់ទំនប់ស្ទាក់ទឹក។ ទំនប់បង្ហៀរទឹក ធ្វើអំពីដីច្រកបាវដាក់ទប់ ជាមួយគ្រោងឈើ ស្ថិតនៅខាងកើតឆៀងខាងជើងរហាល បានសាងសង់ក្នុងឆ្នាំ២០១៩។ រហាលនេះមានលទ្ធភាពស្តុកទឹកបាន៦៤០០០០ម៉ែត្រគូប ដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនសហគមន៍ និងសត្វច្រើនប្រភេទ។