ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយដៃគូអភិវឌ្ឍន៍សហគមន៍ជាតិ និងអន្តរជាតិ ដំណើរការវគ្គបណ្តុះបណ្តាលផ្សេងៗដល់ប្រជាសហគមន៍ និងផ្តល់សម្ភារៈចាំបាច់មួយចំនួនបន្ថែម។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ផ្តល់បច្ចេកទេសកសិកម្មដល់ប្រជាសហគមន៍ និងបង្កើនមុខរបរ ឬជំនាញ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋានប្រចាំគ្រួសាររបស់ពួកគាត់បានទៅថ្ងៃខាងមុខ។ ក្រោមជំនួយថវិកាមួយផ្នែកពីដៃគូអភិវឌ្ឍន៍ និងមួយទៀតពីថវិកាកម្មវីធីថ្នាក់ជាតិ ក្រុមការងារបានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសជាច្រើន ដើម្បីបង្កើនសមត្ថភាពកសិករគំរូ និងកសិករទើបតែចាប់ផ្តើមអនុវត្តការងារកសិកម្មឲ្យទទួលបានចំណេះដឹងបន្ថែមពីបច្ចេកទេសថ្មីៗ សម្រាប់សាកល្បងបាន។
លទ្ធផលទទួលបាន ក្រុមការងារផ្តល់ (១)បច្ចេកទេសចិញ្ចឹមត្រីចំនួន៨វគ្គ (២) បច្ចេកទេសផលិតជីកំប៉ុស្តិ៍ទឹក និងជីកំប៉ុស្តិ៍គោកចំនួន៤វគ្គ (៣) បច្ចេកទេសកាត់ផ្សាំមែកដំណាំឈើហូបផ្លែចំនួន២វគ្គ (៤) បច្ចេកទេសដាំឈើហូបផ្លែ និងថែទាំពីកត្តាចង្រៃផ្សេងៗចំនួន២វគ្គ (៥)បច្ចេកទេសដាំបន្លែសុវត្ថិភាព ចំនួន២វគ្គ (៦) បច្ចេកទេសធ្វើកសិកម្មចម្រុះចំនួន១វគ្គ (៦) បច្ចេកទេសគ្រប់គ្រងចម្ការ និងប្រព័ន្ធស្រោចស្រពដំណាំចំនួន១វគ្គ និង(៧) បច្ចេកទេសផ្សាំមែកផ្កាក្រដាស់ចំនួន១វគ្គ ដែលក្នុងមួយវគ្គៗមានកសិករចូលរួមជាមធ្យមចំនួន៣០នាក់។ លើសពីនេះទៅទៀត ក្រុមការងារអភិវឌ្ឍន៍សហគមន៍តែងតែចុះទៅផ្តល់យោបល់បច្ចេកទេសបន្ថែម និងតាមដានជាប្រចាំរហូតដល់កសិករទទួលជោគជ័យ។