ប្រាសាទក្រចាប់បានសាងសង់អំពីឥដ្ឋមានចំនួនប្រាំតួប៉មព័ទ្ធដោយកំពែងពីរជាន់សង់ពីថ្មបាយក្រៀម និងមានខ្លោងទ្វារពីរ សង់ពីថ្មភក់នៅទិសខាងកើត និងខាងលិច។ ដោយសារប្រាសាទនេះ មានលក្ខណៈពិសេស ទើបអាជ្ញាធរជាតិព្រះវិហារសម្រេច ជ្រើសរើសយកប្រាសាទនេះជាប្រាសាទគម្រូមួយដើម្បីសិក្សាស្រាវជ្រាវបុរាណវិទ្យា អភិរក្ស និងជួសជុល។ ក្រោយពីបានស្តារដី ចាក់បង្គរនៅក្នុងបរិវេណប្រាសាទចេញនៅដំណាក់កាលទី១ ក្នុងឆ្នាំ២០២២ តួប្រាង្គផ្នែកឦសានក្នុងចំណោមតួប្រាង្គទាំងប្រាំ មានសភាពទ្រុឌទ្រោមជាងគេ ទើបក្រុមការងារសម្រេចជ្រើសជាទីតាំងនេះជួសជុលមុនគេ។
គោលបំណងនៃការងារជួសជុលប្រាង្គឦសាននេះ គឺដើម្បីពង្រឹងជញ្ជាំងឥដ្ឋដែលទ្រុឌទ្រោម និងហ្វឹកហាត់អ្នកជំនាញវ័យក្មេងឲ្យមានចំណេះដឹងលើការជួសជុលប្រាសាទឥដ្ឋ ដែលបានបញ្ជូនពួកគេទៅរៀនសូត្ររយៈពេលមួយខែនៅរមណីយដ្ឋានសម្បូរព្រៃគុគ និងរមណីយដ្ឋានអង្គរ។ ឆ្លងកាត់ការរៀនសូត្រនោះ អ្នកជំនាញយើងបានអនុវត្តដោយជោគជ័យលើការទប់ស្កាត់ការដួលរលំនៃរចនាសម្ព័ន្ធប្រាសាទដែលកំពុងស្ថិតក្នុងហានិភ័យខ្ពស់។
លទ្ធផលដែលទទួលបានគឺ បានពង្រឹងជញ្ជាំងខាងកើត ទាំងផ្នែកខាងក្នុង និងខាងក្រៅបាន១០០ភាគរយ បានពង្រឹងជញ្ជាំងខាងត្បូងរួមទាំងផ្នែកខាងក្នុង និងខាងក្រៅបាន ១០០ភាគរយ និងបានពង្រឹងជញ្ជាំងផ្នែកខាងជើងរួមទាំងជញ្ជាំងខាងក្នុង និងខាងក្រៅបាន ៨០ភាគរយ។ គម្រោងនេះកំពុងចងក្រឯកសារជួសជុលផ្តែរទ្វារច្រកចូលខាងលិចបន្ថែមទៀត។