ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៦ រមណីយដ្ឋានប្រាសាទកោះកេរត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ អជ្ញាធរជាតិអប្សរាបានអនុវត្តន៍កិច្ចការងារអភិរក្សបន្ទាន់ចំនួន៤ប្រាសាទពីឆ្នាំ២០១០ ដល់២០១២។ ក្រោយពីការផ្ទេរភារកិច្ចគ្រប់គ្រងរមណីយដ្ឋានប្រាសាទកោះកេរមក អាជ្ញាធរជាតិព្រះវិហារក្នុង ឆ្នាំ២០១៦ ក្រុមការងារបានចាប់ផ្តើមសិក្សាបន្ថែម និងពិនិត្យឡើងវិញនូវការទល់ទ្រចាស់ៗ ដែលអស់គុណភាពទៅលើប្រាសាទមួយចំនួនដូចជា៖ ប្រាសាទដំរី ប្រាសាទលិង្គ ប្រាសាទស្រឡៅ និងប្រាសាទបេង។
គោលបំណងនៃការងារអភិរក្ស និងទល់ទ្រប្រាសាទក្នុងរមណីយដ្ឋានប្រាសាទកោះកេរ គឺដើម្បីទប់ស្កាត់ការដួលរលំនៃរចនាសម្ព័ន្ធប្រាសាទដែលមានហានិភ័យខ្ពស់ ដោយយោងតាមការសិក្សាចង់ក្រងឯកសារផែនទីហានិភ័យ។
លទ្ធផលការងារសម្រេចបាន នៅឆ្នាំ២០១៧ គឺក្រុមមន្ត្រីនៃអាជ្ញាធរជាតិព្រះវិហារ តែងតែតាមដានពីគុណភាពជន្ទល់ឈើចាស់ៗ និងបានជួសជុលពង្រឹងឡើងវិញ។ បន្ទាប់មកនៅឆ្នាំ២០២០ អាជ្ញាធរជាតិព្រះវិហារបានផ្លាស់ប្តូរគ្រឿងបង្គុំឈើចាស់ដែលអស់គុណភាព និងបានជំនួសគ្រឿង បង្គុំដែកទល់ទ្រ រិតខ្សែកាបថ្មីនៅប្រាសាទលិង្គ ប្រាសាទដំរី ប្រាសាទស្រឡៅ និងប្រាសាទបេង។