3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Research and release of water from the temple

ការងារស្រាវជ្រាវ និងរំដោះទឹកចេញពីបរិវេណប្រាសាទ

Thursday, October 26, 2023

ការងារស្រាវជ្រាវ និងរំដោះទឹកចេញពីបរិវេណប្រាសាទ

ប្រាសាទព្រះវិហារបានសាងសង់លើកំពូលភ្នំ សណ្ដូកពីត្បូងទៅជើង មានប្រវែងប្រហែល ៨៥០ម៉ែត្រ ហើយមានរៀបចំប្រព័ន្ធបង្ហូរទឹកនៅផ្នែកខាងលិច និងសំណង់រក្សាទឹកនៅផ្នែកខាងកើតនៃអ័ក្សស្ពានហាល។ ប្រព័ន្ធបង្ហូរទឹកបុរាណមួយចំនួនបានកកស្ទះដោយសាររចនាសម្ព័ន្ធប្រាសាទបានដួលរលំ និងដីហូរចូលរន្ធលូបង្ហូរទឹក។ នៅពេលភ្លៀងធ្លាក់នារដូវរស្សា មានទឹកដក់ក្នុងបរិវេណប្រាសាទគោបុរៈទី១ ទី២ ទី៣ ទី៤ និងទឹកហូរលើស្ពានហាលគោបុរៈទី២ ទី៣ ទី៤ និងជណ្តើរបុរាណខាងជើង ដែលធ្វើឱ្យស្រុតគ្រឹះកំពែងប្រាសាទ គ្រឹះស្ពានហាល និងជណ្តើរបុរាណ។ 

គោលបំណងនៃគម្រោង គឺដើម្បីអភិរក្សរចនាសម្ព័ន្ធប្រាសាទ ស្ពានហាល និងជណ្តើរបុរាណ។ ជាពិសេសរចនាសម្ព័ន្ធប្រាសាទនៅក្នុងបរិវេណគោបុរៈទី១ ទី២ ទី៣ និងទី៤ ស្ពានហាលនៅចន្លោះ គោបុរៈទី២ និងទី៣ ស្ពានហាលនៅចន្លោះគោបុរៈទី៣ និងទី៤ ស្ពានហាលនៅចន្លោះគោបុរៈទី៤ និងទី៥   និងជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ។​

លទ្ធផលនៃការស្រាវជ្រាវប្រព័ន្ធបង្ហូរទឹកនៅក្នុងបរិវេណប្រាសាទនៃគោបុរៈទី១ គឺឃើញមាន ស្លាកស្នាមចង្អូរទឹក ដែលដាប់ថ្មភ្នំធម្មជាតិនៅជុំវិញផ្នែកខាងក្នុងនៃកំពែងព័ទ្ធជុំវិញតួប៉មកណ្តាល។ លើសពីនោះ នៅជ្រុងឦសាននៃកំពែងគោបុរៈទី១ មានស្លាកស្នាបង្ហូរទឹកចេញពីបរិវេណប្រាសាទ ប៉ុន្តែនៅជ្រុងផ្សេងទៀតរកលូបង្ហូរទឹកមិនទាន់ឃើញ ដោយសារគំនរថ្មធ្លាក់ច្រើនពេក។ ដូច្នេះបញ្ហាទឹក ភ្លៀងដក់នៅផ្នែកពាយព្យនៃតួប៉មកណ្តាល ពុំអាចដោះស្រាយបានទេ មានតែបូមទឹកចេញពេលភ្លៀងម្តងៗ។

ស្ពានហាលចន្លោះគោបុរៈទី២ និងទី៣ មានប្រឡាយទឹកធ្វើអំពីថ្មភក់នៅអមសងខាង ដើម្បីការពារទឹកភ្លៀងកុំឱ្យហូរពីសងខាងទៅបំផ្លាញតួស្ពានហាល។ ដោយសារពុំមានការថែទាំរយៈពេលយូរ ធ្វើឱ្យដី​​ហូរចាក់បង្គរលើប្រឡាយសងខាងស្ពានហាល បណ្តាលឱ្យទឹកភ្លៀងអាចហូរមកប៉ះស្ពានហាលបណ្តាល​​ ឱ្យផ្នែកខ្លះនៃស្ពានហាលបានស្រុត។ នៅឆ្នាំ២០១៧ ក្រុមការងារបានស្តារប្រឡាយទឹកសងខាង ស្ពានហាលនោះ ហើយបានអភិរក្ស និងជួសជុលបង្កាន់ដៃនាគ និងបង្គោលផ្កាឈូក។

កំណាយស្រាវជ្រាវបុរាណវិទ្យាសិក្សាអំពីប្រព័ន្ធបង្ហូរទឹកនៅចន្លោះផ្នែកខាងលិចគោបុរៈទី៣ និងកំពែងដីផ្នែកខាងលិច បានរកឃើញប្រព័ន្ធលូបង្ហូរទឹកធ្វើអំពីថ្មភក់ រត់ត្បូងជើងស្របនឹងកំពែងដី។ ប្រព័ន្ធលូបង្ហូរទឹកនេះ មានដីនិងបំណែកក្បឿងហូរកកស្ទះ ពុំទាន់បានស្តារនៅឡើយ ដោយសាររថយន្តនៅបន្តធ្វើដំណើរឆ្លងកាត់។

ចំណែកប្រព័ន្ធបង្ហូរទឹកនៅចន្លោះគោបុរៈទី៣ និងទី៤ បានធ្វើកំណាយស្រាវជ្រាវនៅឆ្នាំ២០១៨ ដោយរកឃើញប្រឡាយបង្ហូរទឹក ដែលមានកំរាលថ្មភក់នៅសងខាងស្ពានហាល និងមានកំពែងដីនៅ​សងខាងប្រឡាយទឹកនោះទៀត ដើម្បីការពារទឹកភ្លៀងហូរមកប៉ះស្ពានហាល។ នៅឆ្នាំ២០២០ ក្រុមការងារ​បានបន្តធ្វើកំណាយស្រាវជ្រាវនៅផ្នែកខាងត្បូងនៃគោបុរៈទី៤ ដើម្បីសិក្សាថា តើទឹកភ្លៀង ដែល​ហូរពីគោបុរៈទី៣មកគោបុរៈទី៤ទៅណាបន្តទៀត។ លទ្ធផលកំណាយបង្ហាញថាទឹក ដែលហូរផ្នែកខាង​ លិចស្ពានហាល គឺគេបង្វែរទៅខាងលិច។ ចំណែកខាងកើតស្ពានហាលគេបង្វែរទៅកើត ដោយមាន​លូមួយចាំរំដោះទឹកទៅផ្នែកខាងកើតគោបុរៈទី៤ និងហូរទៅបំពេញស្រះស្រង់។ បន្ទាប់មកនៅចុង​ឆ្នាំ២០២២ ក្រុមការងារបានធ្វើកំណាយស្តារដី ដែលកកស្ទះក្នុងប្រឡាយនៅសងខាងស្ពានហាល ដើម្បីសំអាតប្រឡាយថ្មភក់ និងជួសជុលកំពែងដីនៅសងខាងប្រឡាយ។

ចំណែកស្រះក្បាលតោដែលមានថ្មភក់តម្រៀបជាថ្នាក់ៗ ហើយមានស្លាកស្នាមក្បាលតោ ដែល ​គេលួចដាប់នៅផ្នែកខាងត្បូង មានរៀបចំប្រឡាយធ្វើអំពីថ្មភក់ព័ទ្ធជុំវិញស្រះ។ ប្រឡាយនេះប្រហែល ​រៀបចំដើម្បីស្ទាក់ទឹកកុំឲ្យហូរចូលក្នុងស្រះផ្ទាល់ ព្រោះគេអាចយកទឹកចូលក្នុងស្រះតាមជម្រាបទឹកពី ក្រោមដីឆ្លងកាត់តាមមាត់តោ តាមរយៈជម្រាបទឹកពីស្រះមួយនៅខាងត្បូងស្រះក្បាលតោ។ ស្រះក្បាល​​តោនេះចាត់ទុកជាស្រះពិសិដ្ឋមួយលើភ្នំព្រះវិហារ។

 ចំណែកស្ពានហាលចន្លោះគោបុរៈទី៤ និងទី៥វិញ ក៏រងការខូចខាតដោយសារទឹកភ្លៀងហូរកាត់ពីលើដែរ ដែលបណ្តាលអោយស្រុតគ្រឹះ​ និងដួលរលំបង្គោលផ្កាឈូកមួយចំនួននៅផ្នែកខាងកើតស្ពានហាល។ ការខូចខាតស្ពានហាលនេះបណ្តាលមកពីបញ្ហាកកស្ទះដីនៅតាមប្រព័ន្ធបង្ហូរទឹកសងខាង​ស្ពានហាល ជាពិសេសកំណកដីនៅផ្នែកខាងលិចស្ពានហាល។​ ដើម្បីដោះស្រាយបញ្ហាទឹកភ្លៀងហូរកាត់ស្ពានហាល ក្រុមការងារបានស្តារប្រឡាយទឹកជាប់ខាងលិចស្ពាហាល​ ដើម្បីបញ្ជៀសទឹកភ្លៀងឲ្យទឹកហូរទៅផ្នែកខាងលិច។

ចំពោះជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារក៏មានការខូចខាតស្រុត បាក់បែកថ្មកាំជណ្តើរ ដោយសារទឹកភ្លៀងហូរលើ ជណ្តើរ និងទឹកជ្រាបពីក្រោមថ្មតាមក្រោមកាំជណ្តើរដែរ។ ដើម្បីដោះបញ្ហា ទឹកភ្លៀងហូរលើកាំជណ្តើរ ក្រុមការងារបានរៀបចំប្រព័ន្ធរំដោះទឹកនៅសងខាងជណ្តើរនៅឆ្នាំ២០១៨ ហើយនៅឆ្នាំ២០២២ បានរៀបចំដាប់ចង្អូរទឹកលើថ្មភ្នំធម្មជាតិ ដើម្បីរំដោះទឹកជ្រាបក្រោមកាំជណ្តើរក្នុង កំឡុងពេលជួសជុលជណ្តើរបុរាណខាងជើងថ្នាក់ទី៦ និងទី៧។​


ការងារតាមដានបម្រែបម្រួលរចន ...

បន្ទាប់ពីសិក្សាផែនទីហាន ...

Thursday, October 26, 2023

ការងារអភិរក្សទល់ទ្ររចនាសម្ ...

ប្រាសាទព្រះវិហារជាស្នាដ ...

Thursday, October 26, 2023

ការងារសាងសង់ជណ្តើរ និងកម្រាលឈើ

សំណង់ប្រាសាទព្រះវិហារទា ...

Thursday, October 26, 2023

ការងារអភិរក្សទល់ទ្រនៅគោបុរ ...

តាមការសិក្សាតាមដានរចនាស ...

Thursday, October 26, 2023