រចនាសម្ព័ន្ធប្រាសាទព្រះវិហារមួយចំនួនត្រូវបានបាក់បែកខូចខាត ដោយសារកត្តាអាយុកាល ធម្មជាតិ សត្វល្អិត អាកាសធាតុ មនុស្ស និងសង្គ្រាម។ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាមានភារកិច្ច រៀបចំផែនការអភិរក្សជាប្រចាំនៅគ្រប់ផ្នែកនៃសំណង់ប្រាសាទ គ្រឿងបង្គុំស្ថាបត្យកម្មបុរាណ និងវត្ថុ សិល្បៈនានាដែលស្ថិតនៅរាយប៉ាយក្នុងបរិវេណប្រាសាទ។
គោលបំណងនៃការរៀបចំរំកិលថ្មក្បាច់ចម្លាក់ និងគ្រឿងបង្គុំរចនាសម្ព័ន្ធប្រាសាទ ដែលជ្រុះ ធ្លាក់រាយប៉ាយនៅជុំវិញបរិវេណប្រាសាទ គឺជាការងារអភិរក្សមួយក្នុងចំណោមការងារដ៏ទៃទៀត។ នៅច្រកចេញចូល និងបរិវេណប្រាសាទព្រះវិហារ ពីគោបុរៈទី១ ដល់ទី៥ មានថ្មធ្លាក់រាយប៉ាយមិនមានសណ្តាប់ធ្នាប់ ហើយបង្កការរំខានដល់ភ្ញៀវទេសចរណ៍ទៀតផង។ ក្រុមការងារបានរៀបចំទុកដាក់ថ្ម ទាំងនោះឲ្យមានសណ្តាប់ធ្នាប់ សុវត្តិភាព និងសោភណ្ឌភាពនៅតាមបរិវេណគោបុរៈនីមួយៗ។
លទ្ធផលទទួលបាន ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៥ មន្ត្រីបច្ចេកទេសអាជ្ញាធរជាតិព្រះវិហារ បានចុះសិក្សាថ្មចម្លាក់ និងគ្រឿងបង្គុំរចនាសម្ព័ន្ធប្រាសាទ ដែលជ្រុះធ្លាក់នៅរាយប៉ាយជុំវិញបរិវេណ គោបុរៈទី១ គោបុរៈទី២ និងគោបុរៈទី៣។ ក្រុមការងារបានរៀបចំឱ្យមានសណ្តាប់ធ្នាប់ និងថ្មខ្លះបានដឹកយកទៅរក្សាទុក នៅក្នុងសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។ បន្ទាប់មក នៅឆ្នាំ ២០២២ ក្រុមការងារបានបន្តរៀបចំសណ្តាប់ធ្នាប់ថ្ម ដែលនៅរាយប៉ាយច្រកចេញចូលគោបុរៈទី៤ ដោយបានកល់កំណល់ឈើថ្មប្រាសាទចំនួន ១៧ដុំ។