អាជ្ញាធរជាតិព្រះវិហារមានផែនការរៀបចំកម្រាលឈើថ្មីលើថ្មរដិបរដុប និងលើកតម្លៃបរិវេណពើយតាឌី ដែលជាកន្លែងទីសក្ការៈបូជារបស់ប្រជាពលរដ្ឋ និងជាកន្លែងដែលមានសក្តានុពលទេសចរណ៍ខ្ពស់។ មុនចាប់ផ្តើមការសាងសង់កម្រាលឈើ គឺត្រូវសិក្សាផលប៉ះពាល់ផ្នែកបុរាណវិទ្យានៅទីតាំងនោះ។ លើសពីនោះ អ្នកជំនាញអាដហុក ក៏បានផ្តល់យោបល់ឲ្យរៀបចំកសាងឯកសារជាមុនសិន មុននឹងអនុវត្តគម្រោងរៀបចំកម្រាលឈើ។
កំណាយស្រាវជ្រាវបុរាណវិទ្យានៅបរិវេណពើយតាឌីគឺមានគោលបំណងដើម្បីសិក្សាចងក្រង និងស្វែងយល់រចនាសម្ព័ន្ធគ្រឹះជញ្ជាំងផ្នែកខាងត្បូងនៃគោបុរៈទី១ ការដ្ឋានដាប់យកថ្ម និងទួលដីដែលមានរៀបចំឥដ្ឋផ្នែកខាងក្រោម។ ក្រុមការងារបានបើករណ្តៅកំណាយចំនួន៣ ដើម្បីសិក្សាផលប៉ះពាល់ផ្នែកបុរាណវិទ្យា។
លទ្ធផលកំណាយរណ្តៅទី១ ទំហំ ១ម៉ែត្រ គុណ ២ម៉ែត្រ ជម្រៅ១ម៉ែត្រ ដែលមានចំងាយ១០ម៉ែត្រភាគខាងត្បូងនៃគោបុរៈទី១ គឺជារណ្តៅដែលកើតឡើងពីការដាប់ថ្មភ្នំយកធ្វើប្រាសាទ ហើយត្រូវដីហូរចាក់បង្គរ។ រណ្តៅទី២ ទំហំ ២ម៉ែត្រ គុណ ២ម៉ែត្រ ជម្រៅ ១ម៉ែត្រ ស្ថិតនៅចុងពើយតាឌីផ្នែកខាងជើង ជាទួលតូចមួយមានឥដ្ឋរៀបនៅផ្នែកខាងក្រោម និងដីផ្នែកខាងលើ។ ជញ្ជាំងឥដ្ឋនោះរៀបលើដីបង្ហាប់តែផ្នែកខាងជើង និងលិចពុំមានអ្វីប្រទះឃើញខាងក្នុងទេ។ តាមការសាកសួរអ្នកធ្លាប់រស់នៅលើភ្នំ កន្លែងនោះគឺធ្វើជាលេណដ្ឋាន។ ចំណែកឯ រណ្តៅទី៣ ទំហំ ១ម៉ែត្រ គុណ ២ម៉ែត្រ ជម្រៅ ៦០ស.ម គឺស្ថិតនៅជាប់ថែវខាងត្បូងគោបុរៈទី១ បានជីកដល់ស្រទាប់ថ្មភ្នំធម្មជាតិ ដែលជាគ្រឹះរបស់ថែវ ហើយមានដាប់ចង្អូរទឹកទទឹង ៤០ស.ម និងជម្រៅ ១៥ស.ម ។