ចម្លាក់សត្វគោចំនួន៣ ត្រូវបានអ្នកភូមិស្រអែមប្រទះឃើញនៅពេលពួកគាត់ទៅរកអនុផលព្រៃឈើក្នុងតំបន់ការពារទី២ នៃតំបន់ការពាររមណីយដ្ឋាន ប្រាសាទព្រះវិហារ ក្បែរអតីតភូមិចារ្យកន្ទួត។ បន្ទាប់មកនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១០ ក្រុមការងារចំរុះនៃអាជ្ញាធរជាតិព្រះវិហារបាន ចុះត្រួតពិនិត្យ ទីតាំងផ្ទាល់នៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បី រកមធ្យោបាយដឹករូបចម្លាក់គោមករក្សាទុក។
គោលបំណងនៃការចុះអង្កេត គឺដើម្បីសិក្សាពីមូលហេតុនៃវត្តមានចម្លាក់សត្វគោនៅទីនោះ។ នៅបរិវេណជុំវិញរូប ចម្លាក់គោទាំង០៣ខាងលើ ធ្លាប់មានការលួចជីកកកាយដីម្តងរួចមកហើយក្នុងគោលបំណងដើម្បីនាំយករូបគោចេញ។ ដើម្បីជៀសវាងការបាត់បង់និងខូចខាត ក្រុមការងារ បានសម្រេចចិត្តធ្វើកំណាយស្រាវជ្រាវ ដើម្បីយកមករក្សាទុកនៅសារមន្ទីរ ធម្មជាតិសកលសម្តេចតេជោ ហ៊ុនសែន ព្រះវិហារ។
លទ្ធផលទទួលបានពីកំណាយស្រាវជ្រាវបុរាណវិទ្យាចំនួន ០២ រណ្តៅ ដែលមានទំហំ ២ x ៣ម៉ែត្រ និងទំហំ ២ x ២ម៉ែត្រ ជម្រៅ ៥០ទៅ៦០ សង់ទីម៉ែត្រ បានរកឃើញកំទេចថ្មដែលដាប់ចេញពីចម្លាក់គោ និងបំណែកកុលលាភាជន៍ផុយមួយចំនួន។