3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Archaeological excavation at Prasat Krachab

កំណាយបុរាណវិទ្យាបរិវេណប្រាសាទក្រចាប់

Thursday, October 26, 2023

កំណាយបុរាណវិទ្យាបរិវេណប្រាសាទក្រចាប់

ប្រាសាទក្រចាប់បានសាងសង់ដោយព្រះបាទជ័យវ័រ្មនទី៤ ស.វ.ទី១០ ឆ្នាំ៩២៨គ.ស ​អំពី​ឥដ្ឋ ថ្មភក់ និងថ្មបាយក្រៀម។ នៅក្នុងតួប៉ម​កណ្តាលមានតម្កល់រូប​ចម្លាក់ជាច្រើនដូចជា ព្រះឥសូរនិងព្រះស្កន្ទ ព្រះស្កន្ទគង់លើសត្វ​ក្ងោក បដិមាអឌ្ឍនារីស្វរៈ បដិមាកិន្នរី និងបដិមាផ្សេងៗទៀតដែលជារូបចម្លាក់​ដ៏ល្អវិចិត្រក្នុងចំណោម​បដិមាស្ថិតក្នុង​រចនាបទ​កោះកេរ។ បដិមាទាំងនោះ ត្រូវបានលួច​ជីកគាស់​កកាយយកចេញពីទីតាំងដើមយកទៅលក់​នៅ​ក្រៅ​ប្រទេស​។ អាជ្ញាធរជាតិព្រះវិហារបានធ្វើកំណាយ​​ស្រាវជ្រាវ​ប្រមូលទិន្នន័យពាក់ពន្ធ័នឹងបដិមាទាំងនោះ ដើម្បីផ្ទៀងផ្ទាត់គ្នាជា​មួយបដិមាដែលបានលួចចេញ និងទាមទារមកវិញ។ ចាប់ពីឆ្នាំ​២០២០ ដល់២០២៣ មន្ត្រីអាជ្ញាធរជាតិ​ព្រះវិហារបានដឹកនាំ​ធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាចំនួន ៥​លើក​។

គោលបំណងនៃកំណាយស្រាវជ្រាវប្រាសាទក្រចាប់គឺដើម្បីស្រាវជ្រាវរកបំណែកបដិមាដែលបាត់បង់ និងដើម្បីការងារអភិរក្សប្រាសាទនេះ ពីព្រោះតួប៉មប្រាសាទឥដ្ឋទាំងប្រាំបានដួលរលំ នៅសល់ត្រឹមពាក់កណ្តាល ហើយដី និងគំនរឥដ្ឋបានចាក់បង្គរក្នុងបរិវេណប្រាសាទកំពស់ប្រហែលពី១៥០ ទៅ២០០ស.ម។ 

លទ្ធផលកំណាយលើកទី១៖ ក្នុងរណ្តៅទំហំ ៣ម x ២,៦០​ម ពីថ្ងៃទី៣ ដល់ទី៤ ខែតុលា ឆ្នាំ២០២០ នៅក្នុងតួប៉ម កណ្តាល PKK13.01 គឺបានរកឃើញបដិមាស្រីអង្គុយបីកូន បំណែកដៃឆ្វេងព្រះស្កន្ទ បំណែកព្រះកេស បំណែកកុលាលភាជន៍ ឥដ្ឋ និងបំណែកថ្មភក់​តូចធំ​សរុបចំនួន ២២៩បំណែក។

លទ្ធផលកំណាយលើកទី២៖ ចាប់ផ្តើមអនុវត្តន៍ធ្វើកំណាយពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី៣១ ឆ្នាំ២០២០​ នៅមណ្ឌបខាងមុខតួប៉មកណ្តាល បានរកឃើញបំណែកទងត្រចៀកព្រះឥសូរ ជើងទម្របដិមា បំណែកគ្រឿង​បង្គុំសំណង់ និងបំណែកកុលាលភាជ​ន៍រឹង សរុប​ចំនួន ២៨៦១ បំណែក។

លទ្ធផលកំណាយលើកទី៣៖ ចាប់អនុវត្តពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២០​ យើងបានប្រមូលបំណែក​គ្រឿង​បង្គុំសំណង់​ប្រាសាទ បំណែក​កុលាលភាជន៍​ បំណែក​បដិមា និងសន្លឹកមាសពីរសន្លឹក សរុប​ចំនួន ៧៦បំណែក។

លទ្ធផលកំណាយលើកទី៤៖ កំណាយបានអនុវត្តន៍ចាប់ផ្តើមពីថ្ងៃទី០៧ ខែមីនា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានរកឃើញបំណែកជើងទម្របដិមាកិន្នរី៣បំណែក បល្ល័ង្កបដិមារាងបួនជ្រុងមានក្បាច់ត្របកឈូកចំនួន៣ នៅតាមជ្រុងខឿនតួប៉មកណ្តាល និងបំណែកថ្មភក់ផ្សេងៗទៀត។

លទ្ធផលកំណាយលើកទី៥៖ កំណាយបានអនុវត្តន៍ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ នៅទីតាំងផ្នែកខាងមុខតួប៉មកណ្តាល ស្ថិតនៅចន្លោះតួប៉មជ្រុងនារតី និងពាយ័ព្យ។​ កំណាយនេះបានរកឃើញបំណែក​ថ្មភក់​សរុបចំនួន១៦៧៦០បំណែក ដែលភាគច្រើនជាបំណែកគ្រឿង​បង្គុំសំណង់​ប្រាសាទ​ បំណែក​ជើងទម្រ​បដិមា បល្ល័ង្ក និងបំណែកថ្មតូចៗ។ ចំណែក បំណែក​កុលាលភាជន៍​សរុបចំនួន ១០១៦បំណែក។ បំណែកសំខាន់ៗរួមមានបំណែកបល្ល័ង្កព្រះស្កន្ទ បំណែកពន្លួញ និងប្រអប់ជើងបដិមាតូច ហោជាងមានរូបគជលក្ស្មី បំណែកព្រះស្កន្ទេជិះក្ងោក ផ្តែរ និងចម្លាក់តោ។

កំណាយទាំង៥ដំណាក់កាលខាងលើ បានរកឃើញ​វត្ថុសិល្បៈសំខាន់ៗដូចជា៖​ ប្រអប់ជើងបដិមា បំណែកសិលាចារឹក បំណែកពន្លួញបដិមា បំណែកបល្ល័ង្ក បំណែកបល្ល័ង្កព្រះស្កន្ទ បំណែកភ្នួងសក់បដិមា សសរពេជ ហោជាង ផ្តែរ និងចម្លាក់តោ។ ជាពិសេស​ បាន​រកឃើញបំណែកបដិមាមួយចំនួន ដែលបានលួចចេញពីប្រាសាទនេះ។ សរុបមក ​បំណែក​ថ្មភក់​ទាំងអស់មានចំនួន ២៦៧០០​បំណែក និងបំណែកកុលាលភាជន៍​សរុបមានចំនួន ៥០០០បំណែក​។


កំណាយបុរាណវិទ្យា សម្រាប់សា ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យានៅផ្នែកខាង ...

ប្រាសាទព្រះវិហារ បានចុៈ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យាបរិវេណជណ្ត ...

យោងតាមតម្រូវការជាក់ស្តែ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យា ដើម្បីដឹក ...

ចម្លាក់សត្វគោចំនួន៣ ត្រ ...

Thursday, October 26, 2023