ប្រាសាទរាមកេរ្តិ៍មានទីតាំងស្ថាតក្នុងបរិវេណភូមិកោះកេរ ចម្ងាយ៨០ម៉ែត្រខាងត្បូងប្រាសាទដង ទង់។ ប្រាសាទនេះបានសាងសង់អំពីថ្មបាយក្រៀម ឥដ្ឋ និងថ្មភក់ ដែលមានប្លង់ជារាងចតុកោណកែង បែរមុខទៅទិសខាងកើត ជាប្រាសាទទោល មានតួប៉មមួយសាងពីថ្មបាយក្រៀម និងបណ្ណាល័យសាងពីឥដ្ឋ បែរមុខទៅទិសខាងលិច។ នៅសតវត្សទី១០នៃរជ្ជកាលព្រះបាទជ័យវ័រ្មនទី៤ ប្រាសាទនេះបានសាងសង់ដើម្បីឧទ្ទិសដល់ព្រះឥសូរ។ ។ នៅតាមផ្លូវចូលផ្នែកខាងកើត មានស្លាកស្នាមគ្រឹះស្ពានហាល និងគ្រឹះអគារដែលមានរាងកាកបាទ។
គោលបំណង់នៃការធ្វើកំណាយនៅប្រាសាទរាមកេរ្តិ៍គឺដើម្បីស្វែងរកបដិមាដែលក្រុមជនទុច្ចរិត បានដាក់គ្រប់បែកបំផ្ទុះចេញពីតួប៉មកណ្តាល ហើយយកទៅកប់នៅផ្នែកខាងជើងនៃបរិវេណប្រាសាទក្នុងកំឡុងទស្សវត្សឆ្នាំ១៩៩០។ តាមរយៈសាក្សីបានប្រាប់ថា បដិមានោះ មានទំហំធំ បែកជាបំណែកៗ មានដៃប្រាំបី ដាច់ត្រឹមក និងដាច់ជើងទាំងសងខាងត្រឹមភ្លៅ។ ចំណែកព្រះកេសដែលបានយកទៅលក់ នៅលើភ្នួងសក់មានចំណិតព្រះច័ន្ទមួយចំហៀង។ តាមការបង្ហាញនេះធ្វើឲ្យក្រុមការងារយល់ថា ប្រហែលជារូបព្រះឥសូរ ទើបក្រុមការងារចាប់ផ្តើមធ្វើកំណាយស្វែងរកបដិមានេះ ក្នុងគោលបំណងយកមកអភិរក្ស និងរក្សានៅទីតាំងមានសុវត្ថិភាព។
កំណាយស្រាវជ្រាវមានរយៈពេល២០ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានរណ្តៅពីត្បូងទៅជើងមានទំហំ ៦.៥០ម គុណនិង៤ម។ នៅជម្រៅ៨០សម ក្រុមការងារពុំបានប្រទះឃើញបដិមាតាមការបង្ហាញរបស់សាក្សីឡើយ គឺប្រទះតែបំណែកពន្លួញបដិមា បំណែកជាយសំពត់ និងបំណែកភ្លៅ តែប៉ុណ្ណោះ ។ ដូច្នេះក្រុម ការងារក៏បានសម្រេចចិត្តពង្រីករណ្តៅចំនួន ៥បន្ថែមទៀត ដើម្បី បន្តស្វែរកបដិមាតាមការរៀបរាប់។ ជាលទ្ធផល យើងបានរកឃើញបំណែកប្រអប់ជើងបដិមាដែលនៅផ្ទៃខាងលើចំនួន២ គ្រឹះថ្មបាយក្រៀមរាងកាកបាទ និងមានជើងទម្ររាងបួនជ្រុងធ្វើពីថ្មភក់មួយនៅចំកណ្តាល ដែលប្រហែលជាគ្រឹះតួប៉ម។ ក្រៅពីនោះ មានបំណែកថ្មភក់មួយចំនួនទៀត ដែលយើងបានចុះបញ្ជី ហើយបានយកមករក្សាទុកនៅទីស្នាក់ការអាជ្ញាធរជាតិព្រះវិហារនៅស្រយ៉ង់។