ការសិក្សាស្រាវជ្រាវប្រព័ន្ធបង្ហូរទឹកនៅប្រាសាទព្រះវិហារ ជាការងារសំខាន់មួយក្នុងចំណោម ការងារជាច្រើនទៀតសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទព្រះវិហារ។ នៅឆ្នាំ២០១៨ ក្រុមការងារបានសិក្សាស្រាវជ្រាវប្រព័ន្ធផ្លូវទឹកបុរាណតាមបណ្តោយសងខាងស្ពានហាលចន្លោះគោបុរៈ ទី៣ ទៅទី៤ ដើម្បីរៀបចំផែនការជួសជុល និងអភិរក្សផ្លូវទឹកបុរាណឲ្យដំណើរការឡើងវិញ។ បន្ទាប់មក នៅឆ្នាំ២០២០ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាបានបន្តធ្វើកំណាយស្រាវជ្រាវប្រព័ន្ធបង្ហូរទឹកបុរាណ ស្ថិតនៅបរិវេណខាងកើត និងខាងលិចនៃគោបុរៈទី៤ និងបរិវេណខាងត្បូងឆៀងខាងលិចនៃគោបុរៈទី៣ ដើម្បីស្វែងយល់អំពីទិសដៅទឹកហូរ ការគ្រប់គ្រងទឹក និងការរៀបចំប្រព័ន្ធបង្ហូរទឹកបុរាណ ។
គោលបំណងកំណាយស្រាវជ្រាវអំពីប្រព័ន្ធបង្ហូរទឹកនៅប្រាសាទព្រះវិហារ ចន្លោះគោបុរៈទី៣ និងទី៤ គឺដើម្បីកាត់បន្ថយការខូចខាតសំណង់ប្រាសាទ ដែលបណ្តាលមកពីការហូរច្រោះដីគ្រឹះ ដីចាក់បង្គរលើរចនាសម្ព័ន្ធប្រាសាទ និងទឹកដក់ក្នុងបរិវេណប្រាសាទ ដើម្បីស្តារប្រព័ន្ធបង្ហូរទឹកបុរាណឱ្យមានតួនាទីទ្បើងវិញ។
លទ្ធផលទទួលបានពីកំណាយស្រាវជ្រាវប្រព័ន្ធបង្ហូរទឹកនៅចន្លោះគោបុរៈទី៣ និងទី៤ គឺមាន ការរៀបចំកំពែងដីនៅផ្នែកខាងលិចពីគោបុរៈទី១ ដល់ទី៣ ហើយមានលូបង្ហូរទឹកធ្វើអំពីថ្មភក់ជាប់ កំពែងដីពីគោបុរៈទី២ មកទី៣។ បន្ទាប់មក មានកំពែងដីរត់ជើងត្បូងភ្ជាប់គោបុរៈទី៣ និងទី៤ ហើយនៅផ្នែកខាងក្នុងមានរៀបចំថ្មភក់ធ្វើជាចង្អូរទឹកអមសងខាងស្ពានហាល រហូតដល់គោបុរៈទី៤។ ការរៀបចំបង្វែរទឹកពីផ្នែកខាងត្បូងគោបុរៈទី៤ ទៅខាងកើតឱ្យទឹកហូរចូលស្រះស្រង់។