គម្រោងរៀបចំភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន បានរៀបចំ និងស្ថាបនាឡើងនៅឆ្នាំ ២០០៨។ នៅក្នុងព្រះរាជក្រឹត្យ ការបែងចែកតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃអាជ្ញាធរជាតិព្រះវិហារ ភូមិនេះស្ថិតនៅក្នុងតំបន់៣ក។ ភូមិធម្មជាតិសម្តេចតេជោ ឬតំបន់៣ក មានទំហំប្រមាណ៤៥០០ហិកតា។
គោលបំណងការរៀបចំភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន គឺដើម្បីផ្តល់ជូនដីដល់ប្រជាជន ដែលរដ្ឋាភិបាលបានផ្លាស់ប្តូរពួកគាត់ពីតំបន់គ១ និងតំបន់ស្វាយជ្រុំដែលស្ថិតនៅក្នុងតំបន់២ ឬតំបន់អភិរក្សដែលត្រូវការពារដាច់ខាត។ ការផ្តល់ជូន ឬផ្លាស់ប្តូរនេះគឺសម្រាប់ក្រុមគ្រួសារដែលមានទីលំនៅ អចិន្រ្តៃ ដែលស្ថិតនៅក្នុងតំបន់គ១ និងស្វាយជ្រុំតែប៉ុណ្ណោះ។
លទ្ធផលការងារនៅឆ្នាំ២០០៨ អាជ្ញាធរជាតិព្រះវិហារបានរៀបចំហេដ្ឋារចនាសម្ព័ន្ធភូមិធម្មជាតិដោយក្នុងនោះរួមមាន៖ តំបន់ប្រើប្រាស់សម្រាប់ដីសម្បទានសង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដីបម្រុងវិនិយោគសម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ និងតំបន់រដ្ឋបាលដែលចាត់ទុកជាទ្រព្យសម្បត្តិរដ្ឋ។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងភូមិរួមមាន៖ ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព អាងទឹក និងមជ្ឈមណ្ឌលបណ្តុះបណ្តាល។