ប្រាសាទគោកគ្រោង សាងសង់នៅលើទីតាំងខ្ពស់ជាងគេបំផុតក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ប្រាសាទនេះស្ថិតនៅភាគអាគ្នេយ៍ចម្ងាយប្រមាណជា២៥០០ម៉ែត្រពីប្រាសាទធំ។ ប្រាសាទគោកគ្រោង គឺជាប្រាសាទមួយក្នុងចំណោមប្រាសាទឥដ្ឋដទៃទៀតនៅក្នុងរមណីយដ្ឋានដែលមានប្លង់ស្ទើតែការ៉េ បែរមុខទៅទិសខាងកើត។ នៅលើស៊ុំទ្វារបញ្ឈរទាំងពីរមានចារសិលាចារឹកជាភាសាសំស្រ្កឹតដែលមានលេខសម្គាល់ K.675 ។ ក្នុងអត្ថបទសិលាចារឹកនេះមាន ២១ល្បះ បានរៀបរាប់អំពីការសរសើរទៅដល់ទេពមួយចំនួនដូចជា ព្រះឥសូរ ព្រះនាងគង្គារ ព្រះនារាយណ៍ ព្រះព្រហ្ម នាងឧមា នាងភារតិ និងឥសីកម្ពុដែលជាបុព្វការីជនដំបូងបង្អស់នៃជនជាតិខ្មែរ និងក៏បានលើកសរសើរអំពី ស្នាព្រះហស្ថរបស់ព្រះបាទជ័យវ័រ្មនទី៤ ដែលបានសាងសង់ប្រាសាទប្រាង្គដ៏មហិមាសម្រាប់តម្តល់លិង្គដ៏ធំអស្ចារ្យ។ សិលាចារឹកនេះក៏បានរំលេចអំពីការកែប្រែទីតាំងក្បែរប្រាសាទគោកគ្រោងនេះ អោយក្លាយទៅជាទន្លេពិសិដ្ឋហូរធ្លាក់ទៅកាន់រហាល ដូចទៅនឹងទន្លេគង្គារ ដ៏ពិសិដ្ឋនៅប្រទេសឥណ្ឌា។