ក្រុមប្រាសាទលិង្គ គឺជាក្រុមប្រាសាទដែលមានការចាប់អារម្មណ៍ខ្លាំងដែរនៅក្នុងរមណីយដ្ឋាន។ មានប្រាសាទលិង្គចំនួនបួនសាងសង់ឡើងអំពីថ្មភក់ ហើយរត់នៅលើអ័ក្សពីត្បូងទៅជើង កែងគ្នាជាមួយនឹងអ័ក្សប្រាសាទធំពីកើតទៅលិច និងខណ្ឌចែកពីគ្នាដោយអាងស្តុកទឹកធំមួយមានរាងជាការ៉េ (ស្រែគន្លង)។ ប្រាសាទស្រឡៅគឺជាសំណង់ហោបន់ស្រន់នៃមន្ទីរពេទ្យសាងសង់ក្នុងរាជព្រះបាទជ័យវ័រ្មនទី៧នៅចុងសតវត្សទី១២ ដើមទី១៣ ហើយសំណង់នេះប្រហែលសាងសង់លើគ្រឹះសំណង់ចាស់មួយស្ថិតក្នុងចំណោមក្រុមប្រាសាទលិង្គ។ ក្បាច់ចម្លាក់នៅប្រាសាទបល្ល័ង្កជើងបានបង្ហាញអំពីភាពល្អឯកបន្ថែមទៀត នៅលើស៊ុមទ្វារផ្តែរ និងសរសរពេជ្រ ហើយនឹងមានតម្កល់លិង្គនៅលើជើងទម្ររមួយសាងពីថ្មតែមួយដុំ ប្រកបដោយក្បូរក្បាច់រចនាដ៏ប្រណិត លម្អដោយចម្លាក់តោបែរមុខទៅរកទិសទាំងប្រាំបី។ ប្រាសាទលិង្គទាំងបួននេះសាងសង់ឡើងដោយគ្មានដំបូលគ្របពីលើទេ ព្រោះដើម្បីទទួលទឹកភ្លៀងហូរកាត់លិង្គ ក្លាយទៅជាទឹកពិសិដ្ឋហើយបន្តហូរទៅកាន់អាងស្តុកទឹកមានរាងជាការ៉េនៅខាងមុខ។ ក្រុមប្រាសាទលិង្គនេះអាចជាតំណាងអោយទន្លេពិសិដ្ឋទាំង៤តាមទ្រឹស្តីឥណ្ឌា។