ថ្ងៃចន្ទ ៧ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍បានរៀបចំកម្មវិធីផ្សព្វផ្សាយផែនការគ្រប់គ្រងទេសចរណ៍រមណីយដ្ឋានប្រាសាទកោះកេរ ដល់មន្រ្តីបច្ចេកទេសនៃអាជ្ញាធរជាតិព្រះវិហារ មានរយៈពេលពីរថ្ងៃចាប់ថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២២ ដឹកនាំដោយ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារទទួលបន្ទុករមណីយដ្ឋានប្រាសាទកោះកេរ ដោយមានការចូលរួមពី ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ លោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ អនុប្រធាននាយកដ្ឋាន និងមន្រ្តីបច្ចេកទេសគ្រប់នាយកដ្ឋាននៃអាជ្ញាធរជាតិព្រះវិហារសរុបចំនួន២០នាក់ បានធ្វើបទបង្ហាញស្តីអំពីផែនការគ្រប់គ្រងទេសចរណ៍រមណីយដ្ឋានប្រាសាទកោះកេរ ដោយ បណ្ឌិត នេត បារមី និង បណ្ឌិត រិត សំអុល សាស្ត្រាចារ្យជាន់ខ្ពស់ និងអ្នកស្រាវជ្រាវ ទីប្រឹក្សា មហាវិទ្យាល័យទេសចរណ៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កម្មវិធីផ្សព្វផ្សាយនេះ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែមដល់មន្រ្តីបច្ចេកទេសអាជ្ញាធរជាតិព្រះវិហារដែលកំពុងអនុវត្តការងារក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងរមណីយដ្ឋានប្រាសាទព្រះវិហារ អំពីទស្សនៈវិស័យ បេសកកម្ម និងផែនការសកម្មភាពសំខាន់ៗនៃសៀវភៅផែនការគ្រប់គ្រងទេសចរណ៍រមណីយដ្ឋានប្រាសាទកោះកេរ និងបានចុះសិក្សាទីតាំងជាក់ស្តែងលើការអនុវត្ត រៀបចំផ្លូវថ្មើរជើងទេសចរ វង់ទស្សនារមណីយដ្ឋានប្រាសាទកោះកេរ ការរៀបចំសហគមន៍ទេសចរណ៍។
អត្ថបទ : ប៉ាន់ លឿង
រូបភាព : ថាច់ ផានិត