នៅរសៀលថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ តាមរយៈគម្រោងស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ១៩ ដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលជប៉ុនតាមរយៈធនាគាអភិវឌ្ឍន៍អាស៊ី អាជ្ញាធរជាតិព្រះវិហារបានសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលដល់គណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ ដែលទើបទទួលស្គាល់ដោយក្រសួងទេសចរណ៍ ក្រោមប្រធានបទ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នៅសាលប្រជុំអាជ្ញាធរជាតិព្រះវិហារ។ វគ្គបណ្តុះបណ្តាលនេះ បង្រៀនដោយ លោក ចាន់ ខេមរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងមន្រ្តីជំនាញ មកពីគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នៃក្រសួងទេសចរណ៍ និងចូលរួមដោយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ សមាជិកក្រុមប្រឹក្សាឃុំស្រអែម ទីប្រឹក្សាគម្រោង សហគមន៍ក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុនសែន និងមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ សរុប៣៨នាក់។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមបានទទួលចំណេះដឹងជាមូលដ្ឋានសំខាន់ៗដូចជា ការរៀបចំផលិតផលទេសចរណ៍និងសកម្មភាពទេសចរណ៍ក្នុងសហគមន៍ ការគ្រប់គ្រងនិងពង្រឹងគុណភាពសេវាកម្មសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ និងយន្តការវាយតម្លៃស្តង់ដាសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍។
ឆ្លៀតក្នុងឱកាសនេះផងដែរ គ្រូឧទ្ទេសក៏បានលើកទឹកចិត្តដល់គណៈកម្មការសហគមន៍ទេសចរណ៍ឱ្យដាក់ពាក្យប្រឡងប្រណាំងផលិតផលទេសចរណ៍ដែលនឹងរៀបចំព្រឹត្តិការណ៍ក្នុងខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។