នៅថ្ងៃសៅរ៍ ០៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយ ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញប្រចាំការនៅរមណីយដ្ឋានប្រាសាទកោះកេរ បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពការងារអភិរក្ស និងជួសជុលប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានប្រាសាទកោះកេរក្នុងនោះមាន ប្រាសាទគោកគ្រង ប្រាសាទក្ទម្ភ ប្រាសាទក្រចាប់ ប្រាសាទស្រឡៅ ប្រាសាទបល្ល័ង្កត្បូងប្រាសាទបាក់ ប្រាសាទប្រាំ រួមនឹងការរៀបចំក្ដារក្រាលនៅប្រាសាទបន្ទាយពីរជាន់
និងផែនការរៀបចំដាក់ផ្ទាំងព័ត៌មាននៅប្រាសាទចិន។
ក្នុងពេលនោះផងដែរ ឯកឧត្តមអគ្គនាយកបានផ្តល់អនុសាសន៍ដល់មន្រ្តីបច្ចេកទេសកំពុងអនុវត្តគម្រោង ឱ្យយកចិត្តទុកដាក់លើការងារបច្ចេកទេស និងចងក្រងឯកសារឱ្យបានគ្រប់ជ្រុងជ្រោយមុន និងក្រោយពេលអភិរក្សនិងជួសជុលដើម្បីទុកជាឯកសារសម្រាប់អ្នកជំនាញក្រោយស្រាវជ្រាវបន្ត។