ថ្ងៃចន្ទ ១២ កើត ខែផល្គុន ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារបានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌ សារមន្ទីរ និងបរិស្ថាន នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ដើម្បីអបអរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្នុងគោលបំណងឱ្យសិស្សានុសិស្សបានទទួលបានចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្រ្ត តួនាទីសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ បំផុសគំនិតឱ្យយុវជនចូលរួមការពារបេតិកភណ្ឌវប្បធម៌ បរិស្ថាន ធនធានធម្មជាតិ និងអបរំសិស្សានុសិស្សចៀសឱ្យឆ្ងាយពីគ្រឿងញៀន ។
កម្មវិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ផេង សំអឿន អគ្គនាយករងប្រចាំនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងមានការចូលរួមពីសំណាក់ឯកឧត្តមប្រធាន/លោកអនុប្រធាននាយកដ្ឋាន មន្រ្តី លោកគ្រូ និងសិស្សានុសិស្សដែលអញ្ជើញមកពីអនុវិទ្យាល័យភ្នំឆត្រសែនជ័យ អនុវិទ្យាល័យស្រះក្តុល និងអនុវិទ្យាល័យស្រអែម សរុបចំនួន៤៦នាក់ ស្រីចំនួន២២នាក់។
កម្មវិធីរួមមានការធ្វើបទបង្ហាញអំពី ១)សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី អរូបី និងសារមន្ទីរនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ២)ការអភិរក្សវត្ថុបុរាណនៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ និង៣)គុណតម្លៃធនធានធម្មជាតិ។ នៅក្នុងកម្មវិធីនេះផងដែរ លោក ម៉ក់ ឌឿង រួមជាមួយមន្រ្តីបច្ចេកទេស បាននាំសិស្សានុសិស្សទៅទស្សនកិច្ចសិក្សាស្វែងយល់បន្ថែមលើការដាក់តាំងវត្ថុសិល្បៈនៅសារមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែន ព្រះវិហារ និងកិច្ចការងារជួសជុល អភិរក្សប្រាសាទព្រះវិហារ។