3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

ពិធីបុណ្យមាឃបូជា នៅលើកំពូលភ្នំប្រាសាទព្រះវិហារ

Sunday, February 5, 2023

ដោយមានការសម្របសម្រួលពីអាជ្ញាធរជាតិព្រះវិហារ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ព្រះចៅអធិការវត្តកែវសិក្ខាគិរីស្វារៈ តំណាងព្រះសង្ឃ និងពុទ្ធបរិស័ទ ចំនួន ១២០ អង្គ/នាក់ មកពីគ្រប់ទិសទី ក្នុងប្រទេសកម្ពុជា បាននិមន្ត និងធ្វើដំណើរទៅកាន់ខ្នងភ្នំដងរែក នៃរមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកប្រាសាទព្រះវិហារ ដើម្បីប្រារព្វពិធីបុណ្យមាឃបូជា។ ការប្រារព្ធពិធីសាសនា ក្នុងឱកាសបុណ្យមាឃបូជានេះ ដឹកនាំដោយឯកឧត្ដម សោម ជាតិ ទីប្រឹក្សាអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមពីតំណាងនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ និងតំណាងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍។

ពិធីនេះធ្វើឡើងក្នុងគោលបំណង គោរពប្រណិប័តន៍តាមទំនៀមទម្លាប់ប្រពៃណីសាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ និងធ្វើពិធីឧទ្ទិសដល់ដួងព្រលឹងបុព្វបុរសខ្មែរ ដើម្បីបួងសួង ឲ្យប្រជាជនខ្មែរ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលទទួលបាននូវសេចក្ដីសុខក្សេមក្សាន្ត។ សូមបញ្ជាក់ថា ពិធីនេះចាប់ផ្ដើមពីម៉ោង៥:០០នាទីរសៀល ដល់ម៉ោង២០:០០នាទីយប់ ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៣ នៅចំណុចស្រះទឹក គោបុរៈទី៤ នៃប្រាសាទព្រះវិហារ។ ជាមួយគ្នានេះ ឯកឧត្ដម សោម ជាតិ តំណាងឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារបានចូលរួមបច្ច័យចំនួន ៥៦០.០០០រៀលផងដែរ។

Sunday, February 5, 2023