ថ្ងៃអាទិត្យ ទី៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ អាជ្ញាធរជាតិព្រះវិហារបានរៀបចំសិក្ខាសាលាស្តីពី ការទប់ស្កាត់ការជួញដូរវត្ថុបុរាណនៅរមណីយដ្ឋានប្រាសាទកោះកេរក្រោមអធិបតីភាពឯកឧត្តម ផេង សំអឿន អគ្គនាយករង តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមពីលោក ឈុន លុន តំណាងសាលាខេត្តព្រះវិហារ និងលោក Masanori Nagaoka តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជាដោយការរៀបចំសិក្ខាសាលានេះគាំទ្រថវិកាពីអង្គការយូណេស្កូ។ គោលបំណង់ក្នុងការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេរ ច្បាប់នានាស្តីពីកិច្ចគាំពារបេតិកភណ្ឌវប្បធម៌ និងផ្សព្វផ្សាយអំពីការទប់ស្កាត់ការជួញដូរវត្ថុបុរាណនៅរមណីយដ្ឋានប្រាសាទកោះកេរ ជូនដល់សិស្សវិទ្យាល័យស្រយង់ ប្រជាជនរស់នៅក្នុង និងជុំវិញរមណីយដ្ឋានប្រាសាទកោះកេរ លោកគ្រូ អ្នកគ្រូ អ្នកជំនាញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកជំនាញមកពីអាជ្ញាធរជាតិអប្សរា អង្គការមរតវប្បធម៌ខ្មែរ លោកអភិបាលស្រុកគូលែន នគរបាលការពារបេតិកភណ្ឌនគរបាលទេសចរណ៍ នគរបាលប៉ុស្តិ៍រដ្ឋបាលស្រយង់ និងអ្នកជំនាញការអង្គការយូណេស្កូ ប្រមាណជាចំនួន១២០នាក់។
ក្នុងសិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញពីសំណាក់វាគ្មិនដូចជា៖ លោក អុឹម សុខរិទ្ធី បង្ហាញអំពី “កោះកេរ អតីតរាជធានីបុរាណលិង្គបុរ” ឯកឧត្តម ផេង សំអឿន បង្ហាញអំពី “វត្ថុបុរាណដែលបាត់បង់ពីប្រាសាទនៅរមណីយដ្ឋានប្រាសាទកោះកេរ” ឯកឧត្តម គង់ វីរៈ បង្ហាញអំពី “មូលហេតុបណ្តាលឲ្យមានការជួញដូរវត្ថុបុរាណ” និងចុងក្រោយលោក ហួត សំណាង បង្ហាញអំពី“ច្បាប់និងនីតិវិធីផ្សេងៗក្នុងការគ្រប់គ្រងនិងការទប់ស្កាត់ការជួញដូរវត្ថុបុរាណដោយខុសច្បាប់”។ ក្នុងសិក្ខាសាលានេះក៏បានធ្វើការបែងចែកអ្នកចូលរួមជា៤ក្រុមដើម្បីពិភាក្សារកពីមូលហេតុផ្សេងៗ ដែលនាំអោយមានការជួយដូរវត្ថុបុរាណ និងរិះរកវិធានផ្សេងៗក្នុងការទប់ស្កាត់ការជួញដូរវត្ថុបុរាណនៅរមណីយដ្ឋានប្រាសាទកោះកេរ។
ជាលទ្ធផលក្នុងសិក្ខាសាលានេះបានបណ្តុះស្មារតីរបស់ប្រជាជនអោយចេះស្រលាញ់ និងចូលរួមថែរក្សានូវសម្បត្តិបេតិកភណ្ឌជាតិ ការពារទប់ស្កាត់ការជួញដូរវត្ថុបុរាពណ និងផ្តល់ចំណេះដឹងបន្ថែមអំពីច្បាប់ការពារបេតិកភណ្ឌ និតិវិធី និងទោសទណ្ឌផ្សេង អំពីសកម្មភាពការជួញដូរវត្ថុបុរាណ ជូនដល់ប្រជាជន សិស្ស លោកគ្រូ អ្នកគ្រូ ដើម្បីជួយផ្សព្វផ្សាយបន្ត។