6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

កិច្ចប្រជុំពិនិត្យ និងវាយតម្លៃពាក្យស្នើសុំថវិកាសម្រាប់ការស្រាវជ្រាវនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ

Friday, July 15, 2022

ថ្ងៃសុក្រ ២ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ឯកឧត្ដមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងគណៈកម្មការវាយតម្លៃ និងពិនិត្យមកពីស្ថាប័នទាំងពីរបានចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃពាក្យស្នើសុំថវិកាសម្រាប់ការស្រាវជ្រាវនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។ នៅក្នុងឆ្នាំដំបូងនេះ មានបេក្ខជនដាក់ពាក្យស្នើសុំថវិកាស្រាវជ្រាវចំនួនបីគម្រោង ក្នុងនោះមាននិស្សិតពីររូបមកពីមហាវិទ្យាបុរាណវិទ្យា ដែលដាក់ពាក្យស្នើសុំថវិកាសម្រាប់ការសិក្សាបញ្ចប់និក្ខេបបទរបស់ខ្លួននៅរមណីយដ្ឋានប្រាសាទកោះកេរ និងបេក្ខជនមួយរូបទៀតគឺព្រឹទ្ធបុរសរងមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយកម្មនៃសាកលវិទ្យាភូមិន្ទវិចិត្រសិល្បៈ។ ប្រធានបទនៃគម្រោងទាំងបីមានដូចតទៅ ៖

• ប្រធានបទទី១ ៖ បដិមាដែលបាត់បង់ និងទាមទារត្រឡប់មកវិញ

• ប្រធានបទទី២ ៖ ស្ថានីយគោកដីឆ្នាំងក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

• ប្រធានបទទី៣ ៖ សិក្សាស្រាវជ្រាវ និងចងក្រងសំណង់ស្ថាបត្យកម្ម -ផ្ទះជនជាតិគួយ

យោងតាមការពិនិត្យសំណើទាំងបី និងបទបង្ហាញដោយផ្ទាល់របស់បេក្ខជននីមួយៗ គណៈកម្មការពិនិត្យ និងវាយតម្លៃថវិកាស្រាវជ្រាវបានសម្រេចផ្តល់ថវិកាជូនដល់បេក្ខជនទាំងបីរូប។

សូមរំលឹកថា យោងតាមការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សរវាងស្ថាប័នទាំងពីរកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរជាតិព្រះវិហារយល់ព្រមផ្តល់ថវិកាដល់ប្អូននិស្សិត លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ និងមន្ត្រីទាំងអស់សម្រាប់ឆ្នាំបន្តបន្ទាប់សម្រាប់ការសិក្សាស្រាវជ្រាវនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរទៅតាមការស្នើសុំរបស់បេក្ខជន។

Friday, July 15, 2022