6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

កម្មវិធីផ្សព្វផ្សាយស្ដីពីវឌ្ឍនភាពទេសចរណ៍ នៅរមណីយដ្ឋានប្រាសាទកោះកេរ

Tuesday, April 25, 2023

នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីវឌ្ឍនភាពទេសចរណ៍នៅក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ដល់ប្រជាជនភូមិរំចេក ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ អំពីសមិទ្ធផល និងការងារដែលនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍សម្រេចបាននាពេលកន្លងមក។

ក្នុងពិធីនោះក៏មានការចូលរួមពីលោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិព្រះវិហារ មន្រ្តីនៃអាជ្ញាធរជាតិព្រះវិហារ ភ្នាក់ងារទេសចរណ៍ លោកមេភូមិរំចេក អនុប្រធានភូមិរំចេក និងគណៈកម្មការភូមិ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន៤០នាក់។ ថ្លែងនៅក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីវឌ្ឍនភាពទេសចរណ៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះ លោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិព្រះវិហារ បានលើកឡើងអំពីអត្ថប្រយោជន៍ តាមរយៈការចូលរួមអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍ក្នុងរមណីយដ្ឋាន ក៏ដូចជាក្នុងសហគមន៍នៅរមណីយដ្ឋានប្រាសាទកោះកេរ។ លោកក៏បានរំលឹកអំពីស្ថានភាពទេសចរណ៍ ក្នុងបរិបទកូវីដ១៩ ដែលបានជះឥទ្ធិពល និងបញ្ហាប្រឈមមួយចំនួន នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងទៅ ប៉ុន្តែចាប់តាំងពីស្ថានភាពកូវីដ១៩ បានវិលមករកភាពប្រក្រតីវិញ ឃើញថា រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាច្រើន ដើម្បីស្តារផលប៉ះពាល់នៃកូវីដ១៩ ក្នុងវិស័យទេសចរណ៍ឡើងវិញ និងកំពុងចាប់ផ្តើមមានសកម្មភាពល្អប្រសើរ ឡើងវិញជាបន្តបន្ទាប់។

លោកប្រធាននាយកដ្ឋាន ក៏បានបន្ថែមថា វិស័យទេសចរណ៍ ជាផ្នែកមួយដ៏សំខាន់ ដែលអាចរកប្រាក់ចំណូលបានមួយផ្នែកសម្រាប់ប្រជាសហគមន៍ តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ដល់ភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្សាន្តនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ លោកបន្ថែមថា សេវាកម្មទេសចរណ៍ក្រៅពីប្រាសាទ មានដូចជា ការរៀបចំផ្ទះស្នាក់សហគមន៍ និងផលិតផលទេសចរណ៍ធម្មជាតិផ្សេងៗ។ នៅក្នុងពិធីនោះក៏មាន ការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ដោយលោកស្រី ជុំ សូណាវីន មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ និងការធ្វើបទបង្ហាញពីលោក សាយ សំ មន្រ្តីនាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ អំពីអត្ថប្រយោជន៍នៃការលើកកម្ពស់បរិស្ថានក្នុងសហគមន៍ ព្រមទាំងយន្តការ នៃការគ្រប់គ្រងសំរាមក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងមានការធ្វើបទបង្ហាញពីលោក ឃន់ វិច្ឆិកា មន្រ្តីនាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍ អំពីការបង្កើតនូវសួនបន្លែកសិកម្មលក្ខណៈគ្រួសារ និងអត្ថប្រយោជន៍ដែលទទួលបានពីការបង្កើតសួនបន្លែធម្មជាតិ ដោយផ្តល់គំនិតជូនប្រជាសហគមន៍ចាប់យកការបង្កើតសួនបន្លែធម្មជាតិនេះ នៅតាមលំនៅឋាន ដែលអាចទទួលបានប្រាក់ចំណូលបន្ថែម ពីការលក់បន្លែធម្មជាតិរបស់ពួកគាត់។

ជាមួយគ្នានេះប្រជាពលរដ្ឋដែលបានចូលរួម ក៏បានគាំទ្រនូវការរៀបចំកម្មវិធីផ្សព្វផ្សាយរបស់អាជ្ញាធរជាតិព្រះវិហារ ដែលបានចែករំលែកចំណេះដឹង និងវិធីសាស្រ្តក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ ក្នុងវិ័សយទេសចរណ៍ តាមរយៈការរៀបចំផ្ទះស្នាក់សហគមន៍ ផ្គត់ផ្គង់ផលិតផលទេសចរណ៍នានាដូចជា អនុផលព្រៃឈើជាដើម និងការបង្កើតសួនបន្លែធម្មជាតិលក្ខណៈគ្រួសារ។

Tuesday, April 25, 2023