ថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បានរៀបចំសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍អំពីការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ក្នុងឧទ្យានអង្គរ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាព ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។ សិក្ខាសាលានេះបានរៀបចំឡើងដើម្បីផ្លាស់ប្តូរ និងចែករំលែកបទសោធន៍អំពីការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកតំបន់ឧទ្យានអង្គរ និងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ជូនមន្ត្រី និងភ្នាក់ងារទេសចរណ៍ ដែលកំពុងបំពេញការងារក្នុងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិព្រះវិហារ សរុបចំនួន ១៦នាក់។
ការរៀបចំសិក្ខាសាលានេះមានការចូលរួមធ្វើបទបង្ហាញដោយ លោកស្រី ជា សុខខេង អនុប្រធាននាយកដ្ឋានងភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ ដោយលោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា និងសហការី លើប្រធានបទចំនួន ៥ ដូចខាងក្រោមៈ ១. ការគ្រប់គ្រងទេសចរណ៍ក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរនៃអាជ្ញាធរជាតិព្រះវិហារ ២. ការគ្រប់គ្រងនិងអភិវឌ្ឍន័ទេសចរណ៍ក្នុងតំបន់អង្គរ(បែងចែកតួនាទីតាមក្រុមការងារនៃនាយកដ្ឋាន កំណត់ចក្ខុវិស័យ គោលបំណង បញ្ហា និងដំណោះស្រាយ ការងាររៀបចំនិងគ្រប់គ្រងភ្នាក់ងារទេសចរ(កំណត់តួនាទីរបស់ប្រធាន/អនុប្រធាន, ភារកិច្ចរបស់ភ្នាក់ងារទេសចរដែលអនុវត្តការងារស្នូល និងការងារសហការ, វិន័យការងាររបស់ភ្នាក់ងារទេសចរ, សហការផ្នែកពាក់ព័ន្ធផ្សេងទៀត ក្នុងការគ្រប់គ្រងប្រាសាទ និងសារៈសំខាន់របស់ភ្នាក់ងារ)។
៣. ការគ្រប់គ្រងស្លាកសញ្ញាក្នុងតំបន់អង្គរ(កំណត់ឯកសារបទដ្ឋានសំដៅរៀបចំ និងកែលម្អរាល់គ្រប់ប្រភេទស្លាកសញ្ញាក្នុងតំបន់អង្គរ, សៀវភៅបន្ទុកស្តីពីបទដ្ឋាននៃប្រភេទស្លាកសញ្ញា នីមួយៗរួមមាន ស្លាកសញ្ញាតម្រង់ទិស ស្លាកសញ្ញាព័ត៌មាន ស្លាកបទបញ្ជា ស្លាកឈ្មោះប្រាសាទ ស្លាកហាមឃាត់ ស្លាកឈ្មោះដើមឈើ ស្លាកចរចរណ៍ និងស្លាកផ្សេងៗទៀត, កំណត់បទដ្ឋានបច្ចេកទេសសំដៅទៅលើ ស្លាកៈ ពណ៌ស្លាក ទំហំស្លាក ទំហំអក្សរ ពណ៌អក្សរ ម៉ូតអក្សរ ភាសា, ជើងទម្រៈ ពណ៌ កម្ពស់ ទំហំ ម៉ូត, កម្រាស់នៃស្លាក, សមាសធាតុៈ ឈើ ដែក, ខ្លឹមសារនៅលើផ្ទាំង, Logo, ការប្រើប្រាស់, ផ្សេងៗ)។ ៤.ការសិក្សាសមត្ថភាពផ្ទុកភ្ញៀវទេសចរនៅប្រាសាទភ្នំបាក់ខែង(ការអនុញ្ញាតឱ្យភ្ញៀវ ចូលទស្សនាមានចំនួនកំណត់ ដើម្បីជៀសវាងប៉ះពាល់ដល់ប្រាសាទ និងភ្ញៀវមិនសូវមានសុវត្ថិភាព ការគ្រប់គ្រងមិនសូវបានល្អ)។ ៥. ការងាររៀបចំខ្សែទស្សនារនៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ-ករណីប្រាសាទបាយ័នដើម្បីសុវត្ថិភាពប្រាសាទ លើកតម្លៃប្រាសាទ ប្រាសាទត្រូវបានបកស្រាយដោយត្រឹមត្រូវ ពន្យាពេលនៃការទស្សនា គ្រប់គ្រងលំហូរភ្ញៀវទេសចរ គុណភាពនៃការទស្សនា សុវត្ថិភាពភ្ញៀវទេសចរ និងបទពិសោធន៍ល្អនៃការទស្សនា។
ជាចុងក្រោយឯកឧត្តមអគ្គរងអាជ្ញាធរជាតិព្រះវិហារបានថ្លែងអំណរគុណដល់ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងវប្បធម៌ និងសហការី នៃអាជ្ញាធរជាតិអប្សរាក្នុងការចែករំលែកបទពិសោធន៍ល្អៗ និងចំណេះដឹងថ្មីៗដល់មន្រ្តី និងភ្នាក់ងារនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ការអនុវត្តន៍ការងារក្នុងរមណីយដ្ឋានទាំងពីរ។