រសៀលថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារសហការជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានរៀបចំធ្វេីសិក្ខាសាលាស្តីអំពី “ការប្រើប្រាស់បច្ចេកវិទ្យាទំនេីប ដេីម្បីស្រាវជ្រាវ និងគ្រប់គ្រងតំបន់បេតិកភណ្ឌ” នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អគារC មានវាគ្មិនពីររូបមកពីអាជ្ញាធរជាតិព្រះវិហារ គឺលោក គឹម សំណាង និងលោក ភិន សំណាង ដែលមានការចូលរួមជាកិត្តិយស ដោយឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័លភូមិន្ទវិចិត្រសិល្បៈ លោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបចំនួន ១៣០នាក់។
នៅក្នុងសិក្ខាសាលានេះ គឺចង់បង្ហាញអំពីការវិវត្តនៃបច្ចេកវិទ្យាដែលធ្វេីឲ្យមានភាពប្រសេីរជាងមុនក្នុងការស្រាវជ្រាវ និងគ្រប់គ្រងបេតិកភណ្ឌទៅតាមស្ដង់ដាអន្តរជាតិ ក្នុងនោះវាគ្មិនទាំងពីរបានលេីកយកឧទាហរណ៍ជាក់ស្តែងពីការប្រេីប្រាស់បច្ចេកវិទ្យាទំនេីប ដែលកំពុងអនុវត្តក្នុងការអភិរក្ស និងអភិវឌ្ឍក្នុងរមណីយដ្ឋានឧទ្យានអង្គរ រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីផ្សព្វផ្សាយដល់និស្សិតដែលកំពុងសិក្សាឲ្យបានយល់ដឹង និងជាការជម្រុញទឹកចិត្តដល់និស្សិតឲ្យព្យាយាមរៀនសូត្របន្ថែមទៀត។
រូបភាព៖ មហាវិទ្យាល័យបុរាណវិទ្យា
អត្ថបទ៖ ថាច់ ផានិត