នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំកម្មវិធីចែករំលែកចំណេះដឹងស្តីពីការវាយតម្លៃផលប៉ះពាល់បេតិកភណ្ឌ (HIA)ដល់មន្រ្តីអាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ សរុបចំនួន៤០នាក់ នៅសាលប្រជុំព្រះវិហារ។
កម្មវិធីនេះបង្រៀនដោយ លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា និងជាប្រធានក្រុមចងក្រងផែនទីហានិភ័យ និងក្រុមវាយតម្លៃផលប៉ះពាល់បេតិកភណ្ឌ នៃអាជ្ញាធរជាតិព្រះវិហារ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងចែករំលែកចំណេះដឹងដល់មន្រ្តីបច្ចេកទេសអំពីមូលដ្ឋានគ្រឹះនៃការសិក្សាវាយតម្លៃផលប៉ះពាល់បេតិកភណ្ឌដែលបង្កឡើងដោយគម្រោងអភិវឌ្ឍន៍ និងកត្តាផ្សេងៗទៀតដែលបង្កដោយមនុស្ស និងធម្មជាតិ ក្នុងតំបន់បេតិកភណ្ឌ។ មេរៀនសំខាន់ៗនៅក្នុងវគ្គនេះរួមមាន ការកំណត់ប្រធានបទត្រូវសិក្សាទៅតាមប្រភេទនៃគម្រោងអភិវឌ្ឍន៍ ជំហាននៅក្នុងការសិក្សាវាយតម្លៃ ជំនាញវិភាគ និងការរៀបចំរបាយការណ៍។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ ក៏បានជ្រើសយកប្រាសាទតូច ស្ថិតនៅជើងភ្នំប្រាសាទព្រះវិហារ សម្រាប់ឱ្យសិក្ខាកាមចុះអនុវត្តការសិក្សា និងវាយតម្លៃផលប៉ះពាល់បេតិកភណ្ឌដោយផ្ទាល់។