នៅថ្ងៃទី១៧-២១ ខែមីនា ឆ្នាំ២០២៦ អង្គភាពអនុវត្តគម្រោងអាជ្ញាធរជាតិព្រះវិហារ បានសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសដាំត្រសក់ទ្រើង និងដើមផ្កាម្លិះ លក្ខណៈគ្រួសារបន្សាំនឹងការប្រែប្រួលអាកាសធាតុ ដល់កសិករក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងនោះមានការបង្រៀនជាទ្រឹស្តី ការធ្វើបង្ហាញ និងការអនុវត្តផ្ទាល់នៅទីវាល។
វគ្គបណ្តុះបណ្តាលនេះ ផ្តល់ជូនតាមរយៈគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ១៩ ដែលផ្តល់ថវិកាដោយរដ្ឋាភិបាលជប៉ុន និងគ្រប់គ្រងដោយធនាគាអភិវឌ្ឍន៍អាស៊ី។ វគ្គនេះមានអ្នកចូលរួមសរុប៤១នាក់(ស្រី៣១នាក់) ក្នុងនោះមានគ្រូបង្គោលមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីអង្គភាពអនុវត្តគម្រោង មន្ត្រីអាជ្ញាធរជាតិព្រះវិហារ គណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ និងក្រុមកសិករទទួលផលពីគម្រោង។
សិក្ខាកាមចូលរៀននៅក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងទទួលបានម៉ាស៊ីនប៊ូមទឹកប្រើសូឡា គ្រាប់ពូជនិងកូនដំណាំ និងសម្ភារៈដាំដំណាំមួយចំនួនទៀត ដើម្បីបន្ថយការចំណាយ និងធានាថាការដាំដំណាំនឹងទទួលបានទិន្នផលខ្ពស់។ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល គ្រូបង្គោល និងសិក្ខាកាមបានចុះតាមផ្ទះកសិករដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងពិភាក្សាពីចំនុចត្រូវកែលម្អ។