តាមរយៈគម្រោងកសិកម្ម និងព្រៃឈើដែលបានទទួលការឧបត្ថម្ភថវិកាពីមូលនិធិដាវីន មន្រ្តីអាជ្ញាធរជាតិព្រះវិហារ និងក្រុមប្រឹក្សាឃុំស្រអែម បានរៀបចំកម្មវិធីទស្សនកិច្ចផ្លាស់ប្តូរ បទពិសោធន៍លើបច្ចេកទេសដាំដំណាំចម្រុះតាមបែបកសិរុក្ខកម្ម ក្នុងភូមិចំនួនបួនគឺ ភូមិតេជោបុស្សស្បូវ ភូមិសែនជ័យ ភូមិស្រអែមខាងជើង និងភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន។ កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន១២៤នាក់ ក្នុងនោះមានកសិករមកពីភូមិចំនួន១១៧នាក់ មន្រ្តីគម្រោងចំនួន ៤នាក់ ក្រុមប្រឹក្សាឃុំចំនួន ២នាក់ និងកញ្ញាលីលាន បេក្ខភាពបណ្ឌិតជំនាញផ្សព្វផ្សាយ ។ កម្មវិធីទស្សនកិច្ចសិក្សាតាមភូមិនេះគឺដើម្បីផ្តល់ឱ្យកសិករក្នុងភូមិទាំងបួន នូវចំណេះដឹងទាក់ទង នឹងបច្ចេកទេសដាំដុះតាមបែបប្រព័ន្ធកសិរុក្ខកម្មដើម្បីធានានូវ សុវត្ថិភាពស្បៀង ការបង្កើនប្រាក់ចំណូល ការប្រើប្រាស់ដីប្រកបដោយនិរន្តរភាព និងចូលរួមដល់ការលើកកម្ពស់ស្ថានប្រព័ន្ធតាមដីចម្ការ។ កម្មវិធីផ្សព្វផ្សាយនេះមានសកម្មភាពសំខាន់ៗដូចជា ការចុះមើលចម្ការកសិរុក្ខកម្ម អមដោយការពន្យល់របស់ម្ចាស់ចម្ការ ការពិភាក្សាអំពីច្ចេកទេស កិច្ចការប្រឈម និងដំណោះស្រាយ និងការបញ្ចាំងវីដេអូអំពីប្រព័ន្ធកសិរុក្ខកម្ម ការជ្រើសរើសដំណាំដោយឆ្លាតវៃ និងការគ្រប់គ្រងដំណាំ ដោយកសិករពីប្រទេសផ្សេង។