អាជ្ញាធរជាតិព្រះវិហារ បានលើកឡើងថា ការបញ្រ្ជាបចំណេះដឹងអំពីការសិក្សាស្រាវជ្រាវទីតាំងមនុស្សរស់នៅ និងកំណាយបុរាណវិទ្យាដល់និស្សិត ដោយប្រើវិធីសាស្ត្រស្រាវជ្រាវលើផ្ទៃដីតាមរយៈការសិក្សាបំណែកភាជន៍ និងធ្វើកំណាយបុរាណវិទ្យា មានសារៈសំខាន់ណាស់ក្នុងការវិភាគនិងកំណត់អត្តសញ្ញាណទីតាំងមនុស្សរស់នៅ និងរាជធានីសម័យបុរាណ។
ថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលអំពីវិធីសាស្រ្តសិក្សាស្រាវជ្រាវនិងធ្វើកំណាយបុរាណវិទ្យា ធ្វើឡើងនៅស្នាក់ការអាជ្ញាធរជាតិព្រះវិហារ ពីថ្ងៃទី២០ ដល់២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃូ អៀងហួត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ បានមានប្រសាសន៍ថា ការចុះសិក្សាស្រាវជ្រាវ និងធ្វើកំណាយបុរាណវិទ្យារបស់និស្សិតចំនួន១០រូបមកពីមហាវិទ្យាល័យបុរាណវិទ្យា និងមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទទួលការបណ្តុះបណ្តាលពីអ្នកជំនាញអាជ្ញាធរជាតិព្រះវិហារនាពេលនេះ នឹងក្លាយជាចំណេះដឹង បទពិសោធល្អៗ តាមរយៈការស្វែងយល់ពីប្រវត្តិសាស្ត្រ និងការសិក្សាស្រាវជ្រាវ កំណាយបុរាណវិទ្យា ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ឯកឧត្តមបន្ថែមថា និស្សិតអាចធ្វើការជាក្រុម ដោយទទួលបានជំនាញបច្ចេកទេសដ៏មានសារៈសំខាន់មួយចំនួនដូចជា ការបែងចែកប្រភេទ និងវិភាគអាយុកាលកុលាលភាជន៍ ព្រមទាំងការវិភាគស្រទាប់ដីក្នុងរណ្តៅកំណាយ និងការធ្វើរបាយការណ៍អំពីលទ្ធផលនៃការវិភាគ និងសិក្សាស្រាវជ្រាវ។
ឯកឧត្តម ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ បានធ្វើបទបង្ហាញសង្ខេបអំពីប្រវត្តិ សារៈសំខាន់នៃរមណីយដ្ឋានកោះកេរ និងពន្យល់អំពីផលប៉ះពាល់នៃការខូចខាតបេតិកភណ្ឌដោយសារសង្គ្រាម ដើម្បីជួយឱ្យនិស្សិតយល់ដឹងច្បាស់បន្ថែមអំពីតម្លៃបេតិកភណ្ឌ និងសារៈសំខាន់នៃការចូលរួមការពារនិងអភិរក្សសម្បត្តិបេតិកភណ្ឌជាតិ។ ជាមួយគ្នានោះ លោក ថូ ថុន អនុប្រធាននាយកដ្ឋាន និងមន្រ្តីបច្ចេកទេស បានដឹកនាំក្រុមនិស្សិតអនុវត្តការស្រាវជ្រាវលើផ្ទៃដី ការធ្វើកំណាយបុរាណវិទ្យា របៀបនៃការប្រើប្រាស់ម៉ាស៊ីន Total Station និងម៉ាស៊ីន Level ព្រមទាំងការធ្វើផែនទីទីតាំងកំណាយ។ ក្រៅពីនេះក៏មានការបណ្តុះបណ្តាលអំពីការលាងសម្អាតភាជន៍ ការបែងចែកប្រភេទ កំណត់អាយុកាល ការបញ្ចូលទិន្នន័យក្នុងExcel និងការបញ្ចូលទិន្នន័យក្នុងកម្មវិធីArcGIS-Proផងដែរ។
យោងតាមរបាយការណ៍របស់នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ គិតចាប់ពីឆ្នាំ២០២៥ ដលឆ្នាំ២០២៦នេះ អាជ្ញាធរជាតិព្រះវិហារបានបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រស្រាវជ្រាវទីតាំងមនុស្សរស់នៅ និងធ្វើកំណាយស្រាវជ្រាវក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដល់សិស្សនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានចំនួនសរុប២០នាក់។