នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំផ្សព្វផ្សាយ និងចែករំលែកចំណេះដឹង ដល់សិស្សានុសិស្ស មកពីអនុវិទ្យាល័យភូមិធម្មជាតិសម្តេចតេជោហ៊ុនសែន ឃុំស្រអែម ពីអត្ថប្រយោជន៍ នៃការស្តារព្រៃឈើឡើងវិញ ព្រមទាំងការបង្កើតថ្នាលបណ្តុះកូនឈើ ដើម្បីលើកកម្ពស់ជីវៈជម្រុះ ក្នុងតំបន់ប្រាសាទព្រះវិហារ។
ឯកឧត្តម ឃូ អៀងហួត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ មានប្រសាសន៍ថា ក្រៅពីការងារអភិរក្ស និងជួសជុលប្រាសាទ អាជ្ញាធរជាតិព្រះវិហារ បានគិតគូរលើការគ្រប់គ្រងជីវៈជម្រុះ ដែលមានក្នុងតំបន់រមណីយដ្ឋានជាពិសេស បានគិតគូរលើការស្តារតំបន់ព្រៃរេចរឹល។ លើសពីនេះទៀត អាជ្ញាធរជាតិព្រះវិហារ បានបង្កើតថ្នាលបណ្តុះកូនឈើក្នុងគោលបំណង (១) បណ្តុះប្រភេទឈើដែលកម្រ និង រងការគំរាមគំហែង និងប្រភេទមានតម្លៃលើផ្នែកជីវៈចម្រុះនិងសេដ្ឋកិច្ចសង្គម ដើម្បីគាំទ្រដល់ការដាំស្តារឡើងវិញនៅក្នុងតំបន់ព្រៃរិចរឹល (២) ដើម្បីផ្គត់ផ្គង់ពូជឈើចម្រុះដល់សាលារៀន វត្តអារាម ស្ថារប័ននានា និងសហគន៍នៅក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និង(៣) ដើម្បីផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងដល់ប្រជាសហគមន៍ ក៏ដូចជាសិស្សានុសិស្សនៅក្នុងតំបន់ប្រាសាទព្រះវិហារកាន់តែយល់ច្បាស់ អំពីតម្លៃ និងអត្ថប្រយោជន៍ព្រៃឈើ។