6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

កិច្ចប្រជុំពេញអង្គ និងបច្ចេកទេសលើកទី៨ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ

Monday, December 11, 2023

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ​សម្រាប់ការអភិរក្សនិង​ការ​លើកតម្លៃព្រះវិហារ (ICC-Preah Vihear) បានរៀបចំកិច្ចប្រជុំពេញអង្គ និងបច្ចេកទេសលើកទី៨ នៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និងជាប្រធាន​គណៈប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជារួមជាមួយ លោកស្រី Zhu Ye អគ្គនាយករងរដ្ឋបាលវប្បធម៌និងបេតិកភណ្ឌចិន ជាសហប្រធានចិន និងលោក Richhpal Singh ឧបការីស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ជាសហប្រធាន​​ឥណ្ឌា ព្រមទាំងតំណាងរដ្ឋសមាជិកចំនួន ៥ ប្រទេសរួមមាន បែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក ដោយមានការចូលរួមផ្ទាល់ពីស្ថាប័នជាតិ និង​អន្តរជាតិ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិសរុបប្រមាណ ១០០រូប និងចូលរួមតាម Online ៣១រូប។ អង្គប្រជុំបានចាប់ផ្តើម​ដោយការស្វាគមន៍ និងការអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចូលតំបន់បេតិកភណ្ឌកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងមក ដែលនឹងបង្កើនការយកចិត្តទុកដាក់លើសកម្មភាពការងារអភិរក្សបន្ថែមទៀតពីសហគមន៍អន្តរជាតិលើយន្តការដែលកំពុងអនុវត្តក្នុងក្របខណ្ឌ ICC-Preah Vihear។

កិច្ចប្រជុំ ICC-Preah Vihear ត្រូវបានរៀបចំឡើងដើម្បីតាមដាន និងត្រួតពិនិត្យការងារអភិរក្ស​និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ។ អង្គប្រជុំបានលើកឡើងនូវការងារសំខាន់ៗមួយចំនួនដូចជា របាយការណ៍វឌ្ឍនភាពការងារជួសជុលគោបុរៈទី៥នៃប្រាសាទព្រះវិហារ ដោយអ្នកជំនាញការឥណ្ឌា របាយការណ៍ស្ដីពីលទ្ធផលសិក្សាស្រាវជ្រាវបឋមសម្រាប់ការអភិរក្សនិងជួសជុលគោបុរៈទី១ ទី២ និងទី៣ នៃប្រាសាទព្រះវិហារ រវាងអាជ្ញាធរជាតិព្រះវិហារ ចិន និងឥណ្ឌា ការងារជួសជុលរូបបំណែកព្រះឥសូរាំនៅប្រាសាទធំ។ ជាមួយគ្នានេះអង្គប្រជុំបានរាយការណ៍អំពីរបាយការណ៍អាជ្ញាធរជាតិព្រះវិហារមួយចំនួនដូចជា ការអភិរក្សនិងជួសជុលជណ្ដើរបុរាណខាងជើងប្រាសាទព្រះវិហារ ការអភិរក្សនៅប្រាសាទបល័ង្កត្បូង(ប្រាសាទលិង្គ៣) ការតាំងទីលំនៅរបស់មនុស្សតាមរយៈការសង្កេត​មើលសំណល់បុរាណវត្ថុនៅរមណីយដ្ឋានកោះកេរនិងប្រាសាទព្រះវិហារ ការសិក្សាប្រព័ន្ធ​ធារាសាស្ត្រ​បុរាណនៅតំបន់កោះកេរ និងគម្រោងកែលម្អផ្លូវនៅតំបន់កោះកេរ។

ជាមួយគ្នានេះដែរ អង្គប្រជុំបានសម្តែងនូវការអបអរសាទរចំពោះការចូលរួមចំណែកជំនួយជាហិរញ្ញវត្ថុ និងបច្ចេកទេសរបស់រដ្ឋសមាជិក ICC-Preah Vihear ដែលបានអនុវត្តកន្លងមក។ ជាក់ស្តែងចាប់តាំងពីឆ្នាំ២០១៨ មក សហរដ្ឋអាមេរិកបានផ្តល់ជំនួយចំនួន ៧៦៧,០០០ ដុល្លារ ស.រ.អ សម្រាប់ការងារជួសជុលជណ្តើរបុរាណខាងជើង ដែលកំពុងអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងការបណ្តុះបណ្តាលជំនាញភាសាអង់គ្លេស។ ប្រទេសឥណ្ឌាបាន និងកំពុងបំពេញការងារជួសជុលគោបុរៈទី៥ នៃប្រាសាទព្រះវិហារ ជាដំណាក់កាលៗ ចំណែកឯប្រទេសចិន បានធ្វើការសិក្សាស្រាវជ្រាវការងារជួសជុលគោបុរៈទី១ ទី២ និងទី៣ នៃប្រាសាទព្រះវិហារ មុននឹងចាប់ផ្តើមការងារជួសជុល ខណៈពេលដែលកម្ពុជា និងចិន បានចុះហត្ថលេខារួចរាល់ហើយលើលិខិតប្តូរសារសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព​គម្រោងជួសជុលប្រាសាទព្រះវិហារ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន ដែលបានធ្វើឡើងក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន កាលពីខែតុលា ឆ្នាំ២០២៣ កន្លងមកនេះ។

អាជ្ញាធរជាតិព្រះវិហារ និងលេខាធិការដ្ឋានអចិន្ត្រៃយ៍ ICC-Preah Vihear នឹងរៀបចំកិច្ចប្រជុំ ICC-Preah Vihear នៅឆ្នាំ២០២៤ ជាថ្មីម្តងទៀត ដើម្បីតាមដានវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍​លើការងារអភិរក្សប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។

Monday, December 11, 2023