6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

កិច្ចប្រជុំពេញអង្គលើកទី៩ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិ នៃប្រាសាទព្រះវិហារ (ICC ព្រះវិហារ)

Tuesday, March 19, 2024

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស​និងការលើកតម្លៃ​រមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC ព្រះវិហារ) បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី៩ នៅសណ្ឋាគារសូហ្វីតែលសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយ លោកជំទាវ Zhu Zhiyi នាយកផ្នែកកិច្ចការបរទេស នៃបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន ជាសហប្រធានចិន និងលោកជំទាវ Devyani Uttam Khobragade អគ្គរដ្ឋទូតស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ជាសហប្រធានឥណ្ឌា ព្រមទាំងរដ្ឋសមាជិក ចំនួន៥ប្រទេស រួមមាន បែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក ដោយមានការចូលរួមផ្ទាល់ពីស្ថាប័នជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិសរុបប្រមាណ ១០០រូប និងចូលរួមតាម Online ចំនួន៥០រូប។

កិច្ចប្រជុំ ICC-ព្រះវិហារ ត្រូវបានរៀបចំឡើង ដើម្បីតាមដាន និងត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់ រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ។ អង្គប្រជុំបានសម្តែងនូវការកោតសរសើរចំពោះក្រុមការងារអាជ្ញាធរជាតិព្រះវិហារ ដែលបានបង្កើនសមត្ថភាពកាន់ តែខ្ពស់លើការស្រាវជ្រាវបែបវិទ្យាសាស្រ្ត និងវិធីសាស្រ្តនៃការអភិរក្សប្រាសាទ។ ជាក់ស្តែងថ្មីៗនេះ អាជ្ញាធរជាតិ ព្រះវិហារទើបនឹងបញ្ចប់ការជួសជុលស្ពានហាលខាងលិច នៃគោបុរៈទី៥ និងសាងសង់ស្ពានឈើសម្រួលដល់ការធ្វើ ដំណើររបស់ភ្ញៀវទេសចរឆ្លងកាត់ ឆ្ពោះទៅកាន់ជណ្តើរបុរាណខាងជើង និងគោបុរៈទី៥ នៃប្រាសាទព្រះវិហារ។

ជាមួយគ្នានេះដែរ អង្គប្រជុំបានស្តាប់នូវបទបង្ហាញវឌ្ឍនភាពការងារជួសជុលគោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដោយអ្នកជំនាញរបស់ភ្នាក់ងារស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ហៅកាត់ ASI, របាយការណ៍សិក្សាអំពីស្ថានភាព​ហានិភ័យ នៃគោបុរៈទី១ ទី២ និងទី៣ នៃប្រាសាទព្រះវិហារ ដើម្បីរៀបចំផែនការជួសជុល និងអភិរក្សដោយ​អ្នកជំនាញការ នៃបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន, លទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យាអំពីឡបុរាណ​គោកដីឆ្នាំង នៅរមណីយដ្ឋានប្រាសាទកោះកេរ ដោយអ្នកជំនាញការ នៃសាកលវិទ្យាល័យវ៉ាសេដាប្រទេសជប៉ុន, លទ្ធផល​ការស្រាវជ្រាវបុរាណវិទ្យា និងជួសជុលតួប៉មឥដ្ឋប្រាសាទក្រចាប់ និងលទ្ធផលការសិក្សាអំពីកម្រិត​ហានិភ័យប្រាសាទក្រហមនៃប្រាសាទធំ អនុវត្តដោយអ្នកជំនាញអភិរក្សនៃអាជ្ញាធរជាតិព្រះវិហារ។ អង្គប្រជុំក៏បាន​ស្តាប់នូវលទ្ធផល នៃការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានបារាំងចុងបូព៌ា អំពីស្ថានីយ៍ឡស្លដែក ឡស្លទង់ដែង និងឡស្លលង្ហិនបុរាណ ដែលបានរកឃើញនៅស្រុកឆែប ខេត្តព្រះវិហារ ហើយបានស្នើឲ្យធ្វើការអភិរក្សតំបន់​ទាំងនោះសម្រាប់កិច្ចការស្រាវជ្រាវទៅថ្ងៃខាងមុខទៀត។

អ្នកជំនាញការជាតិ និងអន្តរជាតិ បានគាំទ្រចំពោះលទ្ធផល នៃការសិក្សាលើគម្រោងកែលម្អផ្លូវវង់ទស្សនាក្នុង រមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធប្រាសាទ និងសម្រួលដល់ការងារអភិរក្ស និងការធ្វើដំណើររបស់ភ្ញៀវទេសចរ។

អាជ្ញាធរជាតិព្រះវិហារ និងលេខាធិការដ្ឋានអចិន្រ្តៃយ៍ ICC- ព្រះវិហារ គ្រោងនឹងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៩ នៅខែកញ្ញា ឆ្នាំ២០២៤ ដើម្បីតាមដានលទ្ធផលការអនុវត្ត អនុសាសន៍របស់កិច្ចប្រជុំកន្លងទៅ និងពិនិត្យមើលវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាពនៅក្នុង រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។

Tuesday, March 19, 2024