3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Protection and Conservation

គម្រោងកំណាយបុរាណវិទ្យាបង្ការបារាយណ៍ គ១ (បារាយណ៍ខាងលិច)

Monday, August 7, 2023 14:21 PM

ក្នុងរមីយណដ្ឋានប្រាសាទព្រះវិហារ ដើម្បីរៀបចំបញ្ចូលទឹកទ្បើងវិញ នៅខែតុលា ឆ្នាំ២០១០។ រួមមានចំនួន ០៥ រណ្តៅកំណាយ ដើម្បីធ្វើការស្វែងយល់អំពីប្រព័ន្ធបញ្ចូលទឹកពីបុរាណ ការសិក្សាពីស្រទាប់ដីនៃខ្នងទំនប់ធៀបនឹងការចាក់បង្ករបស់ស្រទាប់ដីនៅបាតបារាយណ៍ និងដើម្បីសិក្សាពីស្រទាប់ដីនៃការសាងសង់ទំនប់បារាយណ៍ ការប្រើប្រាស់ថ្មបាយក្រៀមរៀបចំខឿនខ្នងទំនប់បារាយណ៍ ហើយឆ្លើយតបទៅនឹងការងារសាងសង់សំណង់ទ្វារទឹក សំណង់ទំនប់បង្វែរទឹកចូលបារាយណ៍ សំណង់បញ្ចាល់ទឹក និងទំនប់បង្ហៀរទឹកចូលបារាយណ៍។

១- ទីតាំង និងទេសកាលនៃបទអន្តរាគមន៍

បារាយណ៍ខាងលិច ស្ថិតនៅក្នុងតំបន់គ១ និងនៅទិសខាងត្បូងឆៀងខាងលិចនៃភ្នំប្រាសាទព្រះវិហារ ។ បារាយណ៍ខាងនេះត្រូវបោះបង់ចោលនៅក្នុងព្រៃអស់រយៈពេលជាច្រើនសតវត្ស ។ លើសពីនោះទៀត នៅក្នុងកំឡុងពេលដែលកន្លងទៅថ្មីៗនេះ ការរីកដុះដាលនៃសំណង់ផ្ទះសំបែងរបស់ប្រជាជនដែលបានមកតាំងទីរស់នៅតំបន់គ១ ជាពិសេសនៅលើបរិវេណបារាយណ៍ខាងលិច ជាមូលហេតុមួយដែលបង្កអោយបារាយណ៍ទាំងមូលបាត់រូបរាង។ ស្របទៅនឹងគោលការណ៍អភិរក្ស និងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបល និងក្រោយពីការបង្កើតអាជ្ញាធរជាតិ ព្រះវិហារ(NAPV) ដែលមានតួនាទីការពារថែរក្សា អភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ រាជរដ្ឋាភិបាលបានចេញជាគោលការណ៍សំរេចប្តូរទីតាំងប្រជាជនដែលរស់នៅទីនេះទៅទីកន្លែងផ្សេង (ភូមិធម្មជាតិសម្តេចតេជោ) ដោយមានអាជ្ញាធរជាតិព្រះវិហារ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតជាអ្នកសម្របសម្រួលការងារនេះ ។ គោលការណ៍នៃការដោះដូរទីតាំងរស់នៅរបស់ប្រជាជននេះគឺធ្វើឡើង ដើម្បីលើកតម្លៃរមណីយដ្ឋានប្រវត្តិសាស្ត្រ ឱ្យស្របតាមបទដ្ឋានបេតកភណ្ឌជាតិ ក៏ដូចជាបេតិកភណ្ឌពិភពលោក។ លើសពីនេះទៅទៀត ក្នុងគោលបំណងចូលរួមក្នុងគោលការណ៍អភិរក្ស ដើម្បីអភិវឌ្ឍន៍ស្របជាមួយនឹងការលើកសោភណភាពតំបន់ប្រសាទព្រះវិហារ បារាយណ៍ខាងលិចដែលត្រូវគេស្គាល់ ឬហៅថាបារាយណ៍គ១នឹងត្រូវស្តារហើយនឹងបញ្ចូលទឹក នាពេលអនាគតឆាប់ខាងមុខនេះ ។

២-ស្ថានភាពខូចខាតរបស់បារាយណ៍

ដោយបានការឆ្លងកាត់អស់រយៈកាលជាច្រើនសតវត្យ រួមជាមួយនឹងការមកតាំងទីរស់នៅរបស់មនុស្សនៃ សម័យថ្មីផងនោះ បានធ្វើបារាយណ៍ទាំងមូលទទួលរងនូវការខូចខាតយ៉ាងដំណំ ។ បាតបារាយណ៍ក្រាស់ក្រាលដោយដីចាក់បង្គរ មានទឹកដក់បន្តិចបន្តួចដោយកន្លែង ហើយពោរពេញដោយរុក្ខជាតិតូចធំដុះគ្របដណ្តប់ថែមទៀតផង ។ ចំណែកឯខ្នងទំនប់ខាងលិច និងខាងជើងប៉ែកខាងកើតមានការខូចខាតយ៉ាងដំណំ ដែលកន្លែងខ្លះមានកំពស់ខ្ពស់ជាងបាតបារាយណ៍តែបន្តិបន្តួចប៉ុណ្ណោះ ។ ក្រៅអំពីការហូរច្រោះដោយទឹកភ្លៀង ទីតាំងទំនប់ទាំងពីរខាងលើត្រូវបានហូរកាត់ផ្តាច់ដោយផ្លូវទឹកដែលហូរចេញពីបារាយណ៍ និងផ្លូវទឹកធម្មជាតិដែលហូរធ្លាក់មកពីតំបន់ខ្ពស់នៅទិសខាងជើងទៀតផង។ ចំពោះទំនប់ខាងត្បូង និងទំនប់ខាងជើងផ្នែកកណ្តាលកំពុងតែបន្តហូរច្រោះនៅពេលដែលមានភ្លៀងធ្លាក់មកម្តងៗ និងមានផ្នែកខ្លះត្រូវបានមនុស្សសម័យថ្មីជីកកកាយយកមកប្រើ ក្នុងការសាងសង់ផ្ទះសំបែងផងដែរ។ ដោយឡែកទំនប់ខាងកើតមានផ្លូវមួយខ្សែបានឆ្លងកាត់ ដែលជាបច្ចយ័វិជ្ចមានមួយចូលរួមក្នុងការបញ្ឈប់ការសិករិចរិលពីសំណាក់ការហូរច្រោះនៃទឹក។ ទោះជាមានការហូរច្រោះ ដោយធម្មជាតិ និងសកម្មភាពរបស់មនុស្សក៏ដោយ ក៏ផ្នែកខ្លះនៃទំនប់នៅរក្សារូបភាពដើមភាគច្រើនដែរ ជាពិសេសទំនប់ភាគឦសាន្ត។

៣-ការងារធ្វើកំណាយបុរាណវិទ្យាបង្ការ

ដើម្បីរៀបចំស្តារដាក់ទឹកឡើងវិញ ហើយនិងគោរពតាមបទដ្ឋានបេតិកភណ្ឌជាតិ ក៏ដូចជាបេតិកភណ្ឌ ពិភពលោកនោះ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១០ ក្រុមការងារបុរាណវិទ្យាបានសម្រេចបើកការធ្វើកំណាយបុរាណវិទ្យាបង្ការ មានចំនួន ៥ កន្លែង ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីសក្តានុពលផ្នែកបុរាណវិទ្យា។

៤-បច្ចេកទេសសាងសង់ទំនប់

តាមរយៈការវិភាគទៅលើស្រទាប់ដីរណ្តៅកំណាយទាំង ៥ ឃើញថាបារាយណ៍ខាងលិចសាងសង់ឡើងដោយលើកដីបង្គរ និងបង្ហាប់ធ្វើជាទំនប់ព័ទ្ធជុំវិញរាង៤ជ្រុងទ្រវែង ដែលមានបណ្តោយប្រហែល ៤៤០ម៉ែត្រ និងទទឹង ២៤០ម៉ែត្រ ដោយគិតចាប់ពីគែមទំនប់ខាងក្រៅ ។ បាតទំនប់ និងបាតបារាយណ៍ពីដើមស្ថិតនៅលើសណ្ឋានដីតែមួយ ហើយមានប្រភេទដីតែមួយដូចគ្នាៗ ពោលគឺដីមុនការសាងសង់បារាយណ៍ ។ បើយោងទៅលើការសិក្សាប្រៀបធៀប បាតទំនប់ និងបាតបារាយណ៍ពីដើម ដែលបានបង្ហាញតាមរយៈតាមរណ្តៅកំណាយនីមួយៗ ឃើញថាសណ្ឋានដីខាងលើនេះមានលក្ខណៈមិនស្មើគ្នាឡើយ ពោលគឺប៉ែកឦសាន្តមានកំពស់១.៥០ម.ខ្ពស់ជាងប៉ែកនិរតី (លទ្ធផលនៃការស្ទង់ឃើញមានកំរិតលំអៀង)។ ស្រទាប់ដីដែលខ្មែរបុរាណយកមកចាក់បង្គ និងបង្ហាប់ធ្វើទំនប់ហាក់ដូចជាមានបច្ចេកទេស និងចំនុចរួមមួយប្រហាក់ប្រហែលគ្នា ដោយស្រទាប់ដីដំបូង មានការបុកបង្ហាប់យ៉ាងខ្លាំង និងពូនឱ្យកោងផ្នែកកណ្តាល និងទេរទាបចុះផ្នែកខាងចុងសងខាង ស្របទៅតាមរាងទំនប់។ យើងឃើញមានស្រទាប់បែបនេះលេចចេញយ៉ាងច្បាស់ នៅរណ្តៅលេខ ០១ (ស្រទាប់ ០១០០៤), រណ្តៅលេខ ០៤ (ស្រទាប់លេខ ០៤០០៨, ០៤០០៩, ០៤០១០) និងរណ្តៅលេខ០៥ (ស្រទាប់លេខ ០៥០០៤ និង០៥០០៥) ។ បន្ទាប់ពីស្រទាប់នេះ យើងឃើញស្រទាប់ដីដែលចាក់បង្គផ្សេងៗទៀត ដែលហាក់ដូចជាមិន បានគោរពទៅតាមបច្ចេកទេសណាមួយច្បាស់លាស់ឡើយ ពោលគឺតែងតែច្របូកច្របល់ ហើយផ្លាស់ប្តូរខុសគ្នា ពីរណ្តៅមួយទៅរណ្តៅមួយទៀត ហើយនាំអោយមានការពិបាកក្នុងការសិក្សាប្រៀបធៀប ។ តាមរយៈនេះយើងអាចសន្និដ្ឋានបានថា ការសាងសង់ទំនប់ គឺខ្មែបុរាណហាក់ដូចជាមានការយកចិតទុក្ខដាក់ទៅលើគ្រឹះបានរឹងមាំជាមុនសិន រួចហើយ ទើបលើកដីចាក់បង្គរ និងបង្ហាប់ធ្វើទំនប់ជាបន្តបន្ទាប់តាមក្រោយ។

៥- ដីចាក់ចាក់បង្គរ

តាមរយៈនៃលទ្ធផលនៃរណ្តៅកំណាយបុរាណវិទ្យាលេខ០១(ស្រទាប់ ០២០០១) បានអោយដឹងថាដីកំទេចកំណរចាក់បង្គរ នៅបតបរាយណ៍មានកំរាស់ក្រាស់បំផុត ប្រហែល ២០សម ប៉ុណ្ណោះ ។ ប៉ុន្តែរណ្តៅ កំណាយបុរាណវិទ្យាលេខ០៤(ស្រទ្រទាប់ ០៤០០១) បានបង្ហាញយ៉ាងច្បាស់ពី សាច់ដីដែលហូរ ច្រោះដាច់ ចេញពីទំនប់មានយ៉ាងច្រើន ដែលអាចមានប្រវែងពី ១០ ទៅ ១៥ ម៉ែត្រ ដោយចាប់ពីជើងទំនប់ទៅកណ្តាលបារាយណ៍ និងមានកំរាស់ក្រាស់បំផុត ចាប់ពី ៥០ ទៅ ២០ សមរហូតភ្ជាប់គ្នាជាមួយដីចាក់នៅបាតបារាយណ៍។ តាមរយៈនេះអាចសន្និដ្ឋានបានថា ដីចាក់ង្គររបៀបនេះ អាចមាននៅតាមបណ្តោយជើងទំនប់ផ្សេងៗទៀតផងដែរ ។ ដោយឡែកនៅតាមបណ្តោយគែមទំនប់ខាងកើតត្បិតមិនបានធ្វើកំណាយក៏ដោយ ប៉ុន្តែអាចដឹងថានឹងមានដីចាក់បង្គរកាន់តែច្រើន ដោយសារប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះមនុស្សបានមករស់នៅទីនេះហើយបានកាយយកដីពីកន្លែងផ្សេងៗ មកចាក់បង្គរអោយខ្ពស់ដើម្បីសង់លំនៅដ្ឋាន ។

៦- ទំហំទទឹង និងកំពស់របស់ទំនប់បុរាណ

តាមលទ្ធផលនៃរណ្តៅកំណាយលេខ ០៤ (ស្រទាប់ដី ០៤០៤) ជារណ្តៅបើកនៅលើទីតាំងទំនប់ខាងជើងប៉ែកខាងកើត ដែលនៅរក្សារូបរាង្គដើមភាគច្រើនបានបង្ហាញអោយឃើញពីជើងទំនប់យ៉ាងច្បាស់ ហើយមានចម្ងាយ ប្រមានពី ១៥ ទៅ ១៦ ម៉ែត្រពីអ័ក្សទំនប់(ចំនុចដែលមានកំពស់ខ្ពស់ ហើយបានកំណត់ជាអ័ក្សទំនប់ដែលមើលឃើញបច្ចុប្បន្ន)។ ដូច្នេះតាមរយៈនេះអាចកំណាត់បានថាទំហំ ទទឹងទំនប់សរុបមានប្រវែងសរុបប្រហែល ពី ៣០ ទៅ ៣០ ម៉ែត្រប៉ុណ្ណោះ ។ ចំពោះកំពស់ទំនប់ បើទោះជាមានការសិករិចរិលដោយការហូរច្រោះ ដោយទឹកភ្លៀងខ្លះៗក៏ដោយ ក៏ទំនប់នៅកំពស់ខ្ពស់នៅឡើយ បើសិនជាវាស់ចេញពីបាតទៅចំនុចខ្ពស់នៃអ័ក្សទំនប់ មានកំពស់ ៣.៣៣ ម៉ែត្រ តែបើធៀបនឹងបាតបារាយណ៍សព្វថ្ងៃ មានកំពស់ ៣ ម៉ែត្រ ។ ដូចបានរៀបរាប់មកខាងដើមខ្លះមក ហើយអំពីស្ថានភាពខូចខាតរបស់បារាយណ៍ ប៉ុន្តែអ្វីដែលចង់បញ្ជាក់នោះគឺ ទំនប់ខាងលិច និងទំនប់ខាងជើងប៉ែកខាងលិច មានការខូចខាតខ្លាំងបើសិនប្រៀបទៅនឹងទំនប់ដទៃទៀត ហើយបើយោងតាមលទ្ធផលនៃការស្ទង់កំរិត កំពស់ឃើញថា មានកំពស់ចាប់ពី ១.៥០ម៉ែត្រ ទៅ ១.៦០ ម៉ែត្រប៉ុណ្ណោះដោយធៀមជាមួយនឹងបាតបរាយណ៍សព្វថ្ងៃ ។ សេចក្តីសន្ឋិដ្ឋាន ដើម្បីដាក់ទឹកអោយបានច្រើន

១. ត្រូវស្តារដីចាក់បង្គរ កម្រាស់ច្រើនបំផុត ២០ ស.ម ចេញពីបាតបារាយណ៍។

២. ទំនប់ខាងលិច និងទំនប់ខាងជើងប៉ែកខាងលិច គួរតែជួសជុលដោយគោរពតាមគំរូដើម។

៣. ដីចាក់បង្គរនៅតាមជើងទំនប់ ដែលហូរច្រោះពីទំនប់គួរតែកាយយកចេញ។ សូមបញ្ជាក់ថា ដីចាក់បង្គរ នេះមានប្រវែងចាប់បី ១០ ម៉ែត្រទៅ ១៥ ម៉ែត្រ ពីជើងទំនប់ ហើយមានកម្រាស់ប្រហែល ៥០ ស.ម ទៅ ២០ ស.ម (គិតពីជើងទំនប់ដេញទៅបាតបារាយណ៍)

Monday, August 7, 2023