ដោយពិនិត្យឃើញស្ថានភាពបែកបាក់ ទ្រុឌទ្រោមនៃសំណង់ប្រាសាទគោកគ្រង ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ តម្រូវឲ្យមានការអន្តរាគមន៍ភ្លាមៗ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ បានរៀបចំផែនការអភិរក្ស និងជួសជុលក្នុងដំណាក់កាលទី១ ដើម្បីពង្រឹងរចនាសម្ព័ន្ធប្រាសាទនេះឡើងវិញ។
ថ្លែងនៅក្នុងពិធីប្រុងពលីបើកការដ្ឋានអភិរក្ស និងជួសជុលប្រាសាទគោកគ្រងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ លោក ភិន ភក្តី អនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ មានប្រសាសន៍ថា តាមផែនការដែលបានគ្រោងទុក ការអភិរក្ស និងជួសជុលប្រាសាទគោកគ្រងនេះ ធ្វើឡើងជា២ដំណាក់កាល។ ជាក់ស្តែងនៅក្នុងដំណាក់កាលទី១នេះ អ្នកជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ នឹងអនុវត្តនូវផែនការសកម្មភាពចំនួន៥ រួមមាន ការធ្វើកំណាយបុរាណវិទ្យាដើម្បីសិក្សារចនាសម្ព័ន្ធសំណង់ប្រាសាទ, បែងចែកGrid ប្រមូលបំណែកវត្ថុសិល្បៈ, ជួសជុលស៊ុមទ្វារ ផ្តែរ និងសសរពេជ្រ, ការសាងសង់ដំបូលដែកប្រក់ពីលើប្រាសាទ និងការទល់ទ្ររចនាសម្ព័ន្ធខាងក្នុងប្រាសាទមុនពេលជួសជុល។
សូមបញ្ជាក់ថានៅក្នុងដំណាក់កាលទី១ នៃការអភិរក្ស និងជួសជុលប្រាសាទគោកគ្រងនេះ មានរយៈពេល១ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ ក្រោមជំនួយថវិកាជាតិ។