នៅព្រឹកថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក នៃអាជ្ញាធរជាតិព្រះវិហារបានរៀបចំព្រឹត្តិការណ៍ដាំឈើក្នុងតំបន់អភិរក្ស នៃរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងនោះមានកូនឈើសរុប៧០០ដើម រួមមាន ក្រញូង ធ្នង់ បេង និងត្របែកព្រៃ ដែលជាប្រភេទឈើរងការគំរាមកំហែង និងឈើលម្អ។ ព្រឹត្តិការណ៍ដាំឈើនេះ ចូលរួមដោយ ឯកឧត្តម ឃូ អៀងហួត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ មន្ត្រីអាជ្ញាធរជាតិព្រះវិហារ សិស្សានុសិស្សចំនួន ៥០នាក់ រួមជាមួយលោកនាយកសាលា មកពីអនុវិទ្យាល័យ ហ៊ុន សែន ស្រះក្តុល។ កម្មវិធីនេះជាផ្នែកមួយនៃការអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សក្នុងតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ឱ្យចេះស្រឡាញ់ទេសភាពធម្មជាតិនិងវប្បធម៌ និងចូលរួមថែរក្សាការពារព្រៃឈើទាំងអស់គ្នា ក្រោមពាក្យស្លោក ប្រាសាទ និងព្រៃឈើ គឺជាធនធានទេសចរណ៍វប្បធម៌ប្រវត្ដិសាស្រ្ដ និងធម្មជាតិ។
ថ្លៃងក្នុងពេលសំណេះសំណាលជាមួយសិស្សានុសិស្ស ឯកឧត្តម ឃូ អៀងហួត បានមានប្រសាសន៍ថា អាជ្ញាធរជាតិព្រះវិហារ តែងយកចិត្តទុកដាក់ដល់ការគ្រប់គ្រងព្រៃឈើ និងដាំស្តារឡើងវិញដើម្បីប្រែក្លាយតំបន់រេចរឹលនេះឱ្យមានគម្របព្រៃឡើងវិញ រហូតមកដល់បច្ចុប្បន្ននេះ កូនឈើជាង78,000ដើម ក្នុងចំណោម35ប្រភេទ ត្រូវបានដាំស្តារក្នុងតំបន់នេះ។ ឯកឧត្តមបានមានប្រសាសន៍ទៀតថា ព្រៃឈើបានផ្តល់នូវគុណតម្លៃជាច្រើនដល់មនុស្សដូចជា អនុផលដ៏សម្បូរបែបសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃដល់សហគមន៍យើង ដូចនេះការចូលរួមថែរក្សា ការពារ និងស្តារព្រៃឈើរេចរឹលឡើងវិញគឺជាកត្តាចាំបាច់បំផុត។
ខណៈពេលនេះដែរ លោក ឈាង ពិសាល អនុប្រធាននាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក បានបន្ថែមទៀតថាការដាំស្តារព្រៃឈើរេចរឹល ក្នុងតំបន់អភិរក្សនេះ ទាមទារការចូលរួមពីយើងទាំងអស់គ្នា ហើយប្អូនៗ សិស្សានុសិស្សបានមកចូលរួមដាំដើមឈើនាពេលនេះគឺឆ្លុះបញ្ចាំងអំពីការចូលរួមការពារ និងថែរក្សាធនធានធម្មជាតិទាំងអស់នេះ ដើម្បីលើកកម្ពស់ដល់តម្លៃលេចធ្លោជាសកលដល់ប្រាសាទផង និងដើម្បីលើកកម្ពស់ជីវចម្រុះផងដែរ។