ដើមឈើ១៨ដើម និងមែកឈើជាច្រើននៅតាមប្រាសាទក្នុងរមណីយដ្ឋានកោះកេរ បានបាក់ធ្លាក់កាត់ផ្លូវចូលទៅកាន់រមណីយដ្ឋាន ដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់។
អាជ្ញាធរជាតិព្រះវិហារ សូមជូនដំណឹងដល់សាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ មានគ្រោះធម្មជាតិខ្យល់កន្រ្តាក់លាយលំនឹងទឹកភ្លៀង បានធ្វើឲ្យដើមឈើចំនួន១៨ដើម និងមែកឈើចំនួន២៣មែក បានបាក់ធ្លាក់កាត់ផ្លូវចូលទៅទស្សនាប្រាសាទមួយចំនួន ក្នុងរមណីយដ្ឋានកោះកេរ។ តែទោះជាយ៉ាងណាក៏ដោយ ការដួលរលំ និងបាក់មែកឈើធ្លាក់មក ពុំបានបណ្តាលឲ្យប៉ះពាល់ដល់ប្រាសាទណាមួយឡើយ។
អាជ្ញាធរជាតិព្រះវិហារ សូមធ្វើការអធ្យាស្រ័យពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានខកខានក្នុងការចូលទៅទស្សនាក្នុងរមណីយដ្ឋាននាព្រឹកនេះ ដោយបច្ចុប្បន្នក្រុមការងារអាជ្ញាធរជាតិព្រះវិហារ កំពុងមមាញឹករៀបចំសម្អាត និងយកចេញនូវដើមឈើដែលដួលរលំ និងមែកឈើដែលបានបាក់ធ្លាក់ ដើម្បីសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការចូលទៅទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានប្រាសាទកោះកេរបានជាធម្មតាវិញនៅថ្ងៃទី៧ ខែមេសានេះ។